ខេត្ដព្រៃវែង ៖ គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ដកាមរីឆ្លាម ពណ៌ទឹកប៊ិក ពាក់ស្លាកលេខ ភ្នំពេញ2J-0642 បានរេចង្កូតទៅបុកម៉ូតូកាវ៉ាសាគី ពណ៌ក្រហម ក្នុងទិសដៅបញ្ច្រាសគ្នា ពេញទំហឹង បណ្ដាលឱ្យអ្នកបើកម៉ូតូម្នាក់ស្លាប់ភ្លាមៗ និងអ្នករួមដំណើរជាមួយរងរបួសធ្ងន់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី១៣ មិថុនា លើកំណាត់ផ្លូវជាតិលេខ១១ ត្រង់ចំណុចកែងផ្លូវចាក់ខ្លាញ់ ស្ថិតក្នុងភូមិពន្លៃ ឃុំបាបោង ស្រុកពាមរក៍ ។
សមត្ថកិច្ចបានឱ្យកោះសន្ដិភាពដឹងថា មុនពេលកើតហេតុ រថយន្ដបើកពីជើងទៅត្បូង ឯម៉ូតូជិះពីត្បូងទៅជើងបញ្ច្រាសគ្នា លុះមកដល់ចំណុចកើតហេតុ រថយន្ដរេចង្កូតទៅបុកម៉ូតូពេញទំហឹង បណ្ដាលឱ្យអ្នកបើកម៉ូតូម្នាក់ឈ្មោះ លឹម សុភក្ដិ អាយុ២៤ឆ្នាំ ជាអ្នកបើកម៉ូតូ រស់នៅក្នុងភូមិ-ឃុំខាងលើស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ឯអ្នករួមដំណើរឈ្មោះ គង់ វ៉ាន់ឌៀន អាយុ១៨ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា រងរបួសធ្ងន់ត្រូវក្រុមគ្រួសារយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ដ ។ ចំណែកអ្នកបើករថយន្ដ ក្រោយពេលកើតហេតុ រត់គេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចប្រគល់សពជនរងគ្រោះឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែករថយន្ដ និងម៉ូតូស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពាមរក៍ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដ ៕
ចែករំលែកព័តមាននេះ