ខេត្តព្រៃវែង ៖ អ្នកស្រី កែវ សុផាន់ណារី និងម្តាយដែលរងគ្រោះដោយការប្រើហិង្សាវាយតប់ពីមនុស្សច្រើននាក់នៅមុខវេទិការបស់គណបក្សសង្គ្រោះជាតិដឹកនាំដោយលោកកឹម សុខា ឃោសនាទៅលើសកម្មជនរបស់គាត់នោះ បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នាវេលាថ្ងៃត្រង់ថ្ងៃទី១៤ មិថុនា ២០១៣ ចោទប្រកាន់មនុស្ស៤នាក់ ពីបទបង្ករបួសស្នាម ។
យោងតាមពាក្យបណ្តឹងរបស់អ្នកស្រី កែវ សុផាន់ណារី និងម្តាយរបស់គាត់ជាជនរងគ្រោះបានឱ្យដឹងថា មនុស្ស៤នាក់ដែលពួកគាត់ប្តឹងនោះម្នាក់ឈ្មោះកាន់ សុវណ្ណបុស្បា ភេទស្រី ជាសកម្មជនគណបក្សសង្គ្រោះជាតិត្រូវជាក្មួយស្រីរបស់លោកកឹម សុខា នៅភូមិ៦ ឃុំព្រែកខ្សាយ២ ស្រុកពាមរក៍ ខេត្តព្រៃវែង ឯមនុស្ស៣នាក់ទៀត ស្គាល់តែមុខមិនស្គាល់ឈ្មោះ ប៉ុន្តែពេលនេះត្រូវសមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់អត្តសញ្ញាណសុំដីកាពីព្រះរាជអាជ្ញា ដើម្បីចាប់ខ្លួនចាត់ការតាមផ្លូវច្បាប់ ។
គួររំលឹកថា អ្នកស្រី កែវ សុផាន់ណារី ដែលជាប្រពន្ធចុងរបស់លោកកឹម សុខា និងម្តាយរបស់អ្នកស្ត្រីរូបនេះត្រូវបានអង្គរក្សរបស់លោកកឹម សុខា ចាប់ក្រៀក ឃាត់មិនឱ្យចូលទៅក្នុងពិធី ហើយត្រូវស្ត្រីម្នាក់ទៀតដែលគេស្គាល់ថា ជាក្មួយរបស់លោកសុខា ចូលវាយទាត់ធាក់ បណ្តាលឱ្យរងរបួសធ្ងន់គួរសម ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈអ្នកស្រីរូបនេះ និងម្តាយរបស់គាត់ចូលទៅតវ៉ាសុំវែកញែកឱ្យលោកកឹម សុខា ទទួលខុសត្រូវក្នុងនាមខ្លួនជាប្រពន្ធ ទារប្រាក់ចិញ្ចឹមជីវភាព និងទារសំណងជំងឺចិត្តនៅមុខវេទិកាមួយដែលលោកកឹម សុខា កំពុងជួបសំណេះសំណាលឃោសនាជាមួយសកម្មជនរបស់ខ្លួននៅខេត្តព្រៃវែង ។
អំពើហិង្សាកើតឡើងលើប្រពន្ធចុងរបស់លោកកឹម សុខា នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាព្រឹកថ្ងៃទី១៣ មិថុនា ២០១៣ នៅមុខវេទិកាមួយ ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលលោកកឹម សុខា កំពុងឃោសនាជាមួយសកម្មជនគណបក្សសង្គ្រោះជាតិ ។ សាក្សីនៅកន្លែងកើតហេតុបាននិយាយថា ស្ត្រីរងគ្រោះដែលជាប្រពន្ធចុងរបស់លោកកឹម សុខា និងម្តាយរបស់គាត់ (ម្តាយរបស់ស្ត្រីឈ្មោះកែវ សុផាន់ណារី) បានចូលទៅក្នុងវេទិកាមួយរបស់លោកកឹម សុខា ដើម្បីហៅលោកកឹម សុខា មកជួបជជែកវែកញែកពីរឿងទទួលខុសត្រូវក្នុងនាមជាប្រពន្ធចុង ទាមទារប្រាក់ជីវភាព និងប្រាក់ជំងឺចិត្ត… ប៉ុន្តែត្រូវអង្គរក្សរបស់លោកកឹម សុខា ឃាត់មិនឱ្យចូលជួបលោកកឹម សុខា ក៏កើតមានការប្រវាយប្រតប់ ប៉ុន្តែអង្គរក្សទាំងនោះមិនបានវាយដំអ្វីទេ គ្រាន់តែឃាត់ និងក្រៀកតែប៉ុណ្ណោះ… មិនដឹងយ៉ាងម៉េច ស្រាប់តែមានស្ត្រីម្នាក់ផ្សេងទៀតចូលមកដល់ គេស្គាល់ថា ស្ត្រីម្នាក់នេះជាក្មួយស្ត្រីរបស់លោកកឹម សុខា ហក់ចូលមកវាយតប់ទាត់ធាក់យ៉ាងខ្លាំងទៅលើស្ត្រីឈ្មោះកែវ សុផាន់ណារី និងម្តាយរបស់គាត់បណ្តាលឱ្យរងរបួសជាំខ្លួនទ្រូង និងជើង (ស្ត្រីជាម្តាយរងរបួសធ្ងន់គួរសម-ស្ត្រីកែវ សុផាន់ណារី របួសស្រាល)។
ក្រោយពេលប្រវាយប្រតប់ស្ត្រីឈ្មោះកែវ សុផាន់ណារី ២នាក់ម្តាយ បានទៅប្តឹងប៉ូលិសនៅស្នងការដ្ឋានខេត្ត ភ្លាមៗនោះប៉ូលិសស្នងការដ្ឋានបានបញ្ជូន២នាក់ម្តាយ-កូនទៅកាន់មន្ទីរពេទ្យខេត្ត តែដោយសាររបួសហាក់ធ្ងន់ក៏បំពាក់អ៊ុកស៊ីហ្សែនបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ។ ប៉ូលិសស្នងការដ្ឋានខេត្តព្រៃវែង បានឱ្យដឹងថា សកម្មភាពប្រវាយប្រតប់ និងរូបស្ត្រីដៃដល់មានអស់ហើយ ហើយពេលនេះប៉ូលិសកំពុងកសាងសំណុំរឿងបញ្ជូនទៅព្រះរាជអាជ្ញា ដើម្បីសុំនីតិវិធីចាត់ការទៅលើជនដៃដល់… ចំណែកអង្គរក្សរបស់លោកកឹម សុខា នាគ្រានោះប្រហែលជាមិនមានបញ្ហាអ្វីទេ ៕
ចែករំលែកព័តមាននេះ