រាជធានីភ្នំពេញ ៖ មន្ត្រីយោធាម្នាក់ស្រវឹងស្រាបើករថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2T-1286 លឿនដូចហោះជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺលើស្ពានអាកាស ៧មករា បណ្តាលឱ្យបាក់ដាច់ចរន្តអគ្គិសនីងងឹតសូន្យ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២និង៣០នាទីទៀបភ្លឺថ្ងៃទី១៤ មិថុនា នៅខាងកើតស្ពានអាកាស ៧មករា តាមមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីនគរបាលចរាចរឱ្យដឹងថា មុនពេលកើតហេតុរថយន្តកាមរីបាឡែនបើកបរដោយមន្ត្រីយោធាម្នាក់ឈ្មោះ ជា ម៉េង ក្នុងស្ថានភាពស្រវឹងជោកតាមមហាវិថីសហព័ន្ធរុស្ស៊ី ពីកើតទៅលិច ខណៈមកដល់ចំណុចខាងលើ ក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺលើស្ពានអាកាស បណ្តាលឱ្យបាក់ដាច់បង្គោលមួយ ឯរថយន្តក្រឡាប់ប៉ះជើងទ្រមេឃ តែសំណាងល្អអ្នកបើកបររថយន្តមិនរងរបួស គ្រាន់តែខូចខាតរថយន្តយ៉ាងដំណំ ។
ក្រោយពេលកើតហេតុ ចរន្តអគ្គិសនីសម្រាប់បំភ្លឺនៅលើស្ពានដាច់ងងឹតសូន្យជាងមួយម៉ោង ទើបមន្ត្រីអគ្គិសនីមកតភ្ជាប់ឡើងវិញ ។ អ្នកបើកបរ និងរថយន្តត្រូវសមត្ថកិច្ចបញ្ជូននាំយកទៅការិយាល័យនគរបាលចរាចរផ្លូវគោក រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ