រាជធានីភ្នំពេញ ៖ ម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្ដាល1H-2950 ជិះ២នាក់លឿនពេក ជ្រុលទៅបុករ៉ឺម៉កម៉ូតូបើកឆ្លងផ្លូវចំពាក់កណ្ដាល បណ្ដាលឱ្យម៉ូតូខ្ទាតថយក្រោយ ឯអ្នកបើកម៉ូតូដួលរយះចិញ្ចើមដេរអស់៦ថ្នេរ និងអ្នកជិះពីក្រោយរលាត់ដៃជើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៣ មិថុនា លើកំណាត់ផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីនគរបាលចរាចរខណ្ឌមានជ័យឱ្យដឹងថា មុនពេលកើតហេតុម៉ូតូសង់កូរ៉េជិះ២នាក់ជាមិត្ដភក្ដិគ្នា ក្នុងទិសដៅពីត្បូងទៅជើង ចំណែករ៉ឺម៉កម៉ូតូដឹកស្លាបមាន់ សត្វក្រួចបំពងដើម្បីយកទៅលក់នៅមាត់ទន្លេក្រុងតាខ្មៅ ធ្វើដំណើរឆ្លងផ្លូវពីកើតទៅលិច ស្រាប់តែម៉ូតូជិះលឿនពេកមកដល់ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកចំពាក់កណ្ដាល បណ្ដាលឱ្យដួលខ្ទាតម៉ូតូថយក្រោយ ចំណែកអ្នកបើកម៉ូតូដួលរយះចិញ្ចើមត្រូវរថយន្ដសង្គ្រោះបង្អែកមានជ័យដឹកទៅព្យាបាលដេរអស់៦ថ្នេរ ។
អ្នកបើកម៉ូតូសង់កូរ៉េឈ្មោះ ចាប ថន អាយុ៤០ឆ្នាំ ជាអ្នកដើរទិញផ្ទះឈើចាស់ៗ មានលំនៅស្រុកបាទី ខេត្ដតាកែវ របួសបែកចិញ្ចើម និងមិត្ដភក្ដិជិះពីក្រោយឈ្មោះ ង៉ែត ធី អាយុ៤៥ឆ្នាំ មានមុខរបរ និងស្នាក់នៅជាមួយគ្នា ឯអ្នកបើករ៉ឺម៉កមូតូឈ្មោះ ហែម ភិន អាយុ៦៩ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។ ក្រោយពេលកើតហេតុ ភាគីទាំងពីរចរចាគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕
ចែករំលែកព័តមាននេះ