លទ្ធផលអង្កេតពីមហាវិទ្យាល័យឥណ្ឌូណេស៊ី(UI) រកឃើញថា ចំនួនអ្នកជក់បារីនៅក្នុងប្រទេសអាចកើនឡើងជិតទ្វេដង ពីចំនួន៧៤លាននាក់កាលពីឆ្នាំ២០១២ ដល់ទៅ១៤០លាននាក់ក្នុងអំឡុងឆ្នាំ២០២០ ។ លទ្ធផលអង្កេតរបស់ក្រុមស្រាវជ្រាវពីនាយកដ្ឋានប្រជារាស្ត្ររបស់ UI បញ្ជាក់ថា កំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័សរបស់ឥណ្ឌូណេស៊ីក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងទៅ បានបង្កឱ្យកើតមានជនវណ្ណៈកណ្តាលមានចំណូល និងតម្រូវការទិញខ្ពស់ ធ្វើឱ្យប្រជាជនជក់បារី និងថ្នាំជក់ប្រភេទផ្សេងៗទៀតមានសភាពងាយស្រួល ។
ក្រុមអ្នកអង្កេតរបស់ UI បញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលឥណ្ឌូណេស៊ីគ្មានចំណាប់អារម្មណ៍ដោះស្រាយពីបញ្ហានេះឱ្យមានភាពប្រាកដប្រជានឹងធ្វើឱ្យចំនួនអ្នកជក់បារីនៅក្នុងប្រទេសអាចកើនខ្ពស់ដល់ទៅទ្វេដងពីចំនួន៧៤លាននាក់ក្នុងឆ្នាំ២០១២ រហូតដល់១៤០លាននាក់នៅក្នុងឆ្នាំ២០២០ខាងមុខ ស្របតាមលទ្ធផលអង្កេតកាលពីមុននេះដែលបញ្ជាក់ថា ប្រជាពលរដ្ឋវ័យចំណាស់នៅឥណ្ឌូណេស៊ីមានការជក់បារីកើនពី២៧%នៅក្នុងឆ្នាំ១៩៩៥ ឡើងដល់៦៧% ក្នុងឆ្នាំ២០១១ ។
ក្រុមអ្នកស្រាវជ្រាវសន្និដ្ឋានថា ការបង្ខំឱ្យប្រើបទដ្ឋានតាមច្បាប់ដ៏តឹងរ៉ឹងសម្រាប់គ្រប់គ្រងការជក់ និងលក់បារី រួមទាំងកំណត់ថ្លៃផលិតផលថ្នាំជក់ឱ្យកាន់តែខ្ពស់ នឹងជួយកាត់បន្ថយចំនួនអ្នកជក់នៅក្នុងប្រទេសបាន ។អត្រាអ្នកស្លាប់របស់អ្នកជក់បារីក្នុងឥណ្ឌូណេស៊ីតាមតួលេខរបស់រដ្ឋាភិបាលមានប្រហែល២០០.០០០នាក់ក្នុងមួយឆ្នាំ ដោយចាត់ទុកថា អត្រានៃការស្លាប់ដោយសារជក់បារីខ្ពស់បំផុតនៅតំបន់អាស៊ាន ខណៈពេលថ្លៃចំណាយផ្នែកពេទ្យសម្រាប់ព្យាបាលអ្នកជំងឺពីការជក់បារីនៅឥណ្ឌូណេស៊ីក្នុងមួយឆ្នាំមានប្រហែល១៤.៨៨៧លានដុល្លារ ៕
ចែករំលែកព័តមាននេះ