រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នកបើករ៉ឺម៉កម៉ូតូបានរងរបួសធ្ងន់ ដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បុកជាមួយរថយន្តវីហ្គោនៅចំណុចផ្លូវលេខ៤៣២ កែងផ្លូវលេខ២៧១ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៣ មិថុនា ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថា មុនពេលកើតហេតុ រ៉ឺម៉កម៉ូតូធ្វើដំណើរតាមផ្លូវលេខ២៧១ ពីត្បូងទៅជើង ចំណែករថយន្តវីហ្គោបើកពីជើងទៅត្បូង បញ្ច្រាសទិសគ្នា លុះដល់ចំណុចផ្លូវកែងលេខ៤៣២ ក៏ជ្រុលបុកគ្នាពេញទំហឹង បណ្តាលឱ្យរ៉ឺម៉កម៉ូតូក្រឡាប់ផ្ងារជើង ឯអ្នកបើករ៉ឺម៉កម៉ូតូរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ។
រថយន្តវីហ្គោ ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ ព្រោះក្រោយពេលកើតហេតុ បានបើករត់បាត់ស្រមោល ។ រ៉ឺម៉កម៉ូតូត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទួលទំពូងទី១ យកទៅរក្សាទុកនៅស្នាក់ការប៉ុស្តិ៍ រង់ចាំក្រុមគ្រួសារជនរងគ្រោះទៅទទួលយកវិញ ៕
ចែករំលែកព័តមាននេះ