ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឧបនាយករដ្ឋមន្ត្រី គាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជាទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២២ ស្តីពីអាស៊ីបូព៌ា ក្រោមមូលបទ «ការផ្លាស់ប្តូរដ៏ក្លាហានសម្រាប់ទាំងអស់គ្នា និងសមាហរណកម្ម» ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ មិថុនា ២០១៣ នៅរដ្ឋធានី ណៃពិដោ នៃសាធារណរដ្ឋសហព័ន្ធមីយ៉ាន់ម៉ា ។ បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកឯកអគ្គរាជទូតកម្ពុជា សៀង ប៊ុនវុធ និងបណ្ឌិត កែន សម្បត្តិ នាយករងខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី បានអមដំណើរគណៈប្រតិភូផងដែរ ។ នៅក្នុងការចូលរួមវេទិកានោះក៏មានវត្តមានរបស់លោកណេប សាមុត អគ្គលេខាធិការនៃគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងជាអគ្គលេខាធិការរងនៃក្រសួងទេសចរណ៍ លោកអាំង សុវណ្ណរ័ត្ន អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិវាយតម្លៃនៃទីក្រុងស្អាត លោកប្រេតតុន ស្ការ៉ូនី ប្រធានក្រុមហ៊ុនស្ការ៉ូនី អេន អាសូស៊ីអឹត លោកអិុន ចាន់នី នាយកប្រតិបត្តិនៃធនាគារអេស៊ីលីដា និងសាស្ត្រាចារ្យ ឈៀង វណ្ណារិទ្ធ នាយកប្រតិបត្តិនៃវិទ្យាស្ថានកម្ពុជា សម្រាប់សន្តិភាព និងកិច្ចសហប្រតិបត្តិការ ។
វេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២២ ស្តីពីអាស៊ីបូព៌ានេះ មានការចូលរួមរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល-រដ្ឋាភិបាល និងថ្នាក់ដឹកនាំវិស័យឯកជន ព្រមទាំងសង្គមស៊ីវិល និងអាកាដេមិកចំនួនប្រមាណ១.០០០នាក់ មកពីប្រទេសចំនួន៥៥នៅក្នុងតំបន់ និងពិភពលោកបានមកជួបជុំគ្នាដើម្បីធ្វើការពិភាក្សាដោយផ្តោតលើចំណុច៣សំខាន់ គឺ១-ការជំរុញ ការផ្លាស់ប្តូរសម្រាប់ទាំងអស់គ្នា ២-ការសម្រេចឱ្យបាននូវសមាសហរណកម្មនៅក្នុងតំបន់ និង៣-ការកំណត់វិសាលភាពនៃដំណោះស្រាយនៅក្នុងតំបន់សម្រាប់ភាពធន់ជាសាកល ។ នៅក្នុងឆ្នាំ២០១៣ វេទិកានេះ បានប្រព្រឹត្តទៅដោយមានការចូលរួមថ្លែងសុន្ទរកថា និងកិច្ចពិភាក្សារបស់ប្រមុខរដ្ឋាភិបាល និងតំណាងថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសនៅក្នុងតំបន់អាស៊ីមួយចំនួនដូចជា លោកអ៊ូ ធៀនសែន (U Thein Sein) ប្រធានាធិបតីមីយ៉ាន់ម៉ា លោកបេនីកនូ ស៊ីមេអ៊ន អាគីណូ ៣ (Benigno Simeon Aquino III) ប្រធានាធិបតីហ្វីលីពីន លោកង្វៀន តាន់ជុង (Nguyen Tan Dung) នាយករដ្ឋមន្ត្រីវៀតណាម និងលោកថុងស៊ីង ថាមម៉ាវង្ស (Thongsing Thammavong) នាយករដ្ឋមន្ត្រីឡាវជាដើម ។
នៅក្នុងការចូលរួមវេទិកាខាងលើ ទី១-ឧបនាយករដ្ឋមន្ត្រី គាត ឈន់ បានជ្រើសរើសយករបៀបវារៈស្តីពីបរិយាប័នហិរញ្ញវត្ថុ ឬការអភិវឌ្ឍហិរញ្ញវត្ថុសម្រាប់ទាំងអស់គ្នា (Financial Inclusion) សម្រាប់ធ្វើបទអន្តរាគមន៍ ហើយបានថ្លែងថា ក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ កម្ពុជាបាននិងកំពុងអនុវត្តការផ្លាស់ប្តូរយ៉ាងស្វាហាប់សម្រាប់ទាំងអស់គ្នា តាមរយៈការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងមីក្រូហិរញ្ញវត្ថុ ដូចមាននៅក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១១-២០២០ ។ បរិយាប័នហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដើម្បីធ្វើឱ្យអ្នកក្រីក្រមានលទ្ធភាពអាចប្រើប្រាស់ធនធានហិរញ្ញវត្ថុបាន។ ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងកម្រិតសាកលភាពជាដៃគូសម្រាប់បរិយាប័នហិរញ្ញវត្ថុ តម្រូវជំរុញសមធម៌ហិរញ្ញវត្ថុ និងជាទូទៅការអភិវឌ្ឍប្រកបដោយសមធម៌ ។ នៅកម្ពុជា នៅពេលដែលឥណទានធនាគារកើនឡើង២០ដង ពីឆ្នាំ២០០០ទៅ២០១២ នោះ ចំនួនស្ថាប័នមីក្រូហិរញ្ញវត្ថុបានកើនឡើងពី១៨ក្នុងឆ្នាំ២០០៨ ដល់៣៥នៅឆ្នាំ២០១២ ។ ទ្រព្យសកម្មនៃស្ថាប័នមីក្រូហិរញ្ញវត្ថុបានកើនឡើងពី២៥៧លានដុល្លារអាមេរិក ក្នុងឆ្នាំ២០០៨ ដល់១.១០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១២ ។ ឥណទានផ្តល់ដោយស្ថាប័នមីក្រូហិរញ្ញវត្ថុបានកើនឡើងទ្វេដងពី២១៨លានដុល្លារអាមេរិក ដល់៧០០លានដុល្លារអាមេរិក ។ ចំនួនអ្នកខ្ចីបានកើនឡើងពី៨០០.០០០គ្រួសារដល់១.៦០០.០០០គ្រួសារ ។ ទាំងនេះឆ្លុះបញ្ចាំងពីការរីកចម្រើនយ៉ាងឆាប់រហ័សនៃអន្តរសកម្មភាពនៃសេវាមីក្រូហិរញ្ញវត្ថុ និងជំនឿទុកចិត្តដែលកំពុងកើនឡើង ។
លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ បានគូសបញ្ជាក់ថា កត្តាជោគជ័យរបស់យើង គឺដោយសារតែនយោបាយឈ្នះ=ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាំឱ្យព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងរស់នៅដោយសុខសន្តិភាព ឯកភាពទឹកដីពេញលេញ ទាំងនយោបាយ ទាំងរូបវន្ត ព្រមទាំងសម្រេចបានស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ។ បរិស្ថាននយោបាយអនុគ្រោះ មានស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងមានកម្មវិធីនយោបាយត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏វៃឈ្លាស និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងរួមចំណែកយ៉ាងខ្លាំងដល់ការរីកចម្រើនលូតលាស់នៃសេដ្ឋកិច្ចជាតិ និងដល់ការកែលម្អលក្ខខណ្ឌជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ៕
ចែករំលែកព័តមាននេះ