ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វាមី​ជា​បុរស​ប្រភេទ​ណា?

5 ឆ្នាំ មុន

ពាក្យ​ថា ស្វាមី មាន​ខ្លឹមសារ​ដូច​ម្តេច?  ហើយតើ​មាន​បុរស​ប៉ុន្មាន​នាក់​ដែល​បាន​ក្លាយទៅជា​ស្វាមី​ដែល​មានគុណ​ធម៌​ចំពោះ​ភរិយា? នៅ​ក្នុង​វចនានុក្រម​ភាសា​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ​ថា ស្វា​មីនេះ​ថា ម្ចាស់​,…

ពាក្យ​ថា ស្វាមី មាន​ខ្លឹមសារ​ដូច​ម្តេច?  ហើយតើ​មាន​បុរស​ប៉ុន្មាន​នាក់​ដែល​បាន​ក្លាយទៅជា​ស្វាមី​ដែល​មានគុណ​ធម៌​ចំពោះ​ភរិយា?

នៅ​ក្នុង​វចនានុក្រម​ភាសា​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ​ថា ស្វា​មីនេះ​ថា ម្ចាស់​, ប្តី​។ បុរស​ដែល​មានចិត្ត​ស្មោះ​ចំពោះ​… បុរស​ដែល​មាន​សេចក្តី​ស្រឡាញ់​ស្មោះ​ចំពោះ​…​។ សេចក្តី​នេះ​ក៏​សូម​បង្ហាញ​ថា បុរស​ដែល​បាន​នាម​ថា​ស្វាមី លុះណាតែ​បុរស​នោះ​មានគុណ​ធម៌​៥​យ៉ាងចំពោះ​ភរិយា​របស់​ខ្លួន​គឺៈ

១-​រាប់អាន លើកមុខ​ភរិយា ថា​ជា​ភរិយា​របស់​ខ្លួន​មែន​ៗ ។ ត្រង់​ចំណុច​នេះ យើង​ធ្លាប់​ឮ​ហើយ​ថា មាន​អស់លោក​បុរស​ៗ​ខ្លះ ពេល​គេ​សួរ​ថា​ដើរ​ជាមួយ​នរណា ក៏​ប្រាប់​គេ​ថា​ជា​ប្អូនស្រី ជា​បងស្រី ឬ​ជា​អ្នកបម្រើ ឬ​ក៏​ជា​មិត្តភក្តិ​ទៅ​វិញ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ជា​ភរិយា​ពេញ​សិទ្ធិ​អាក់អន់ស្រពន់ចិត្ត និង​ខ្មាស​គេ​បំផុត រហូត​ឈាន​ទៅ​រក​ការ​ប្រេះឆា​គ្នា​ក៏​មាន ។

២-​មិន​មើលងាយ​ភរិយា​របស់​ខ្លួន​ដោយ​កាយ និង​វាចា​។ ស្វាមី​មិន​គួរ​វាយ​ធ្វើបាប​ភរិយា ឬ​ជេរ​ស្ដី ប្រមាថកាតទាន តិះដៀល​ដោយ​ប្រការ​ផ្សេង​ៗ​ឡើយ គួរ​អ្នក​និយាយ​ស្ដី​ដោយ​គោរព និង​ប្រើ​ពាក្យ​ផ្អែមល្ហែម​ជំនួស​វិញ ។

៣-​មិន​ប្រព្រឹត្ត​កន្លង​ចិត្ត​ភរិយា​របស់​ខ្លួន​ទៅ​មាន​ស្រី​ថ្មី ឬ​ប្រពន្ធ​ថ្មី​ឡើយ​។ តាម​ធម្មតា​ចិត្ត​ស្រី្ត មិន​ដែល​មាន​នរណា​សប្បាយចិត្ត​ទេ ពេល​ដែល​ស្វាមី​របស់​ខ្លួន​ទៅ​មាន​ស្រី​ថ្មី​។ យើង​ជា​ប្រុស​គួរ​គិត​ថា ចុះបើ​ភរិយា​យើង​មាន​ប្រុស​ថ្មី តើ​យើង​សប្បាយចិត្ត​ទេ? គឺ​សុទ្ធតែ​ជា​រឿង​ឈឺចាប់​ដូច​គ្នា ។

៤-​ប្រគល់​ភារកិច្ច​ជា​ធំ​ក្នុងផ្ទះ​ឲ្យ​ទៅ​ភរិយា​ផ្តាច់មុខ​ដូច​ជា ការ​មើល​ទុកដាក់​ទ្រព្យសម្បត្តិ រៀបចំ​តុបតែង មើល​ការ​ខុស​ត្រូវ​ក្នុងផ្ទះ ពិសេស​ផ្តល់​ប្រាក់​ដែល​ខ្លួន​រកបាន​មក​នោះ​ទៅ​ឱ្យ​នាង​ទុកដាក់​ជា​រឿង​ល្អ​បំផុត​។

៥-​ផ្ដល់​គ្រឿងអលង្ការ​ឲ្យ​ដល់​ភរិយា​របស់​ខ្លួន​តាម​កាល និង​តាម​តម្រូវការ​ដ៏​សមគួរ​ដល់​ភរិយា​។

បុរស​ណា​មានគុណ​ធម៌​ទាំង​៥​ប្រការ​នេះ​ដល់​ភរិយា បុគ្គល​នោះ​ចាត់​ថា​ជា​ស្វាមី​ល្អ ស្វាមី​សង្គ្រោះ​ដល់​ភរិយា និង​ដើម្បី​រក្សា​វប្បធម៌​ប្រពៃណី​ខ្មែរ​ផង ដើម្បី​លើកតម្កើង​តម្លៃ​ស្ត្រី​ក្នុង​សង្គម​ផង ។