មាឃបូជាជាបុណ្យថ្នាក់ជាតិដ៏ធំមួយក្នុងចំណោមបុណ្យជាតិដទៃទៀត ដែលបណ្តាប្រទេសក្នុងពិភពលោកអ្នកកាន់ព្រះពុទ្ធសាសនាតែងប្រារព្ធធ្វើមិនដែលខាននៅពេលដល់ថ្ងៃពេញបូណ៌មីខែមាឃចូលមកដល់ម្តងៗ ។ នៅថ្ងៃនេះពុទ្ធមាមកជនបានមកប្រជុំគ្នារៀបចំគ្រឿងសក្ការបូជាទាំងឡាយមានចង្ហាន់ ទៀន ធូប និងផ្កាភ្ញីជាដើមយកទៅបូជានៅតាមទីវត្តអារាម ដោយសេចក្តីគោរព ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/e32ba0d909f393a1f54a5082daf43c8e.png)
ពុទ្ធបរិស័ទតែងតែប្រារព្ធពិធីបុណ្យមាឃបូជានេះនៅថ្ងៃពេញបូណ៌មី (១៥កើត) ខែមាឃ ដើម្បីរំលឹកដល់ព្រះសម្ពុទ្ធដែលទ្រង់ដាក់អាយុសង្ខារនៅចំពោះមុខមារថា ម្នាលមារមានចិត្តបាបគិតពីថ្ងៃនេះទៅនៅខ្វះតែ៣ខែទៀតទេ តថាគតនឹងបំបែកធាតុរំលត់ខន្ធចូលកាន់ព្រះនិព្វានហើយ ។ លុះព្រះមានព្រះភាគទ្រង់ដាក់អាយុសង្ខារដូច្នេះហើយក៏មានការកក្រើករំពើកញាប់ញ័រផែនដីគួរឱ្យភ្លូកភ្លឹកព្រឺព្រួចទាំងមានផ្គរលាន់ឮឡើងផ្អើលអស់មនុស្សទេវតា ។ ពួកសាវ័កទាំងឡាយមានព្រះអានន្ទជាដើមក៏កើតក្តីសង្វេគសោយទុក្ខក្តុកក្តួលស្តាយស្រណោះគ្រប់ៗអាត្មា ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/4336eb27a8d9e9be043354c3be5e2785.png)
ក្នុងថ្ងៃនេះដែរក៏ពុទ្ធបរិស័ទរំលឹកដល់កាលដែលព្រះអង្គទ្រង់ធ្វើចតុរង្គសន្និបាត ដែលមានភិក្ខុសង្ឃចំនួន១.២៥០អង្គសុទ្ធតែជាព្រះអរហន្តខីណាស្រពមកប្រជុំគ្នាក្នុងសំណាក់ព្រះបរមសាស្តាឯវត្តវេឡុវ័ន ដែលការនិមន្តមកប្រជុំរបស់ព្រះអរហន្តទាំងអម្បាលនោះអត់បានកំណត់ពេលគ្នាជាមុនសោះ ក៏ស្រាប់តែមកប្រជុំគ្នាក្នុងសំណាក់ព្រះបរមសាស្តាដោយឯងៗ ។
![](https://kohsantepheapdaily.com.kh/wp-content/uploads/2025/02/72608bdb703b86722d84416c90327971.jpg)
ការប្រជុំបែបនេះក្នុងពុទ្ធសម័យមានតែម្តងគត់ដែលហៅថា ចតុរង្គសន្និបាត គឺការប្រជុំប្រកបដោយអង្គបួន ហើយព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្តែងឱវាទបាតិមោក្ខក្នុងទីប្រជុំនៃភិក្ខុសង្ឃទាំងឡាយនោះ ។ ទីបំផុតនៃពុទ្ធោវាទភិក្ខុទាំងឡាយនោះបានសម្រេចមគ្គផលតាមឧបនិស្ស័យរៀងៗខ្លួន ។
ហេតុដូច្នេះហើយបានជាពិធីនេះជាទីនិយមរាប់អានរបស់អ្នកប្រាជ្ញថាជាមហាមង្គលអស្ចារ្យ និងជាមហាសិរីសួស្តីដ៏ប្រសើរក្រៃលែងកាលបើដល់ថ្ងៃពេញបូណ៌មីខែមាឃដែលជាថ្ងៃប្រកបដោយអភិលក្ខិតកាល សប្បុរសអ្នកកាន់ព្រះពុទ្ធសាសនាក៏មកប្រជុំគ្នាចាត់ចែងគ្រឿងសក្ការៈដ៏ផ្ចិតផ្ចង់យកទៅបូជាដល់ព្រះពុទ្ធរូបក្នុងវត្តអារាមជាប់ជាបវេណីតមករហូតដល់សព្វថ្ងៃនេះ ៕
ចែករំលែកព័តមាននេះ