រាជធានីភ្នំពេញ ៖ មិនមែនអ្វីៗនៅក្នុងលោកនេះចេះតែកើតឡើងតាមបំណងប្រាថ្នារបស់សត្វនោះទេ លុះណាតែខិតខំប្រឹងប្រែងធ្វើប្រកបដោយបញ្ញា និងយកការព្យាយាមជាធំផង ទើបនាំជីវិតទៅរកភាពជោគជ័យ តែបើយើងគ្រាន់តែប៉ងប្រាថ្នាចង់បាននេះ ចង់បាននោះ ហើយមិនប្រព្រឹត្តធ្វើនឹងមិនបានសម្រេចដូចបំណងឡើយ ។
កាលពីម្សិលមិញនេះ ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានមានសង្ឃដីកានៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ព្រះអង្គ ៖ រាសីយើងវានៅលើសម្ពាយបុណ្យយើងដែរញាតិញោម បើបុណ្យយើងមានច្រើនរកស៊ីក៏កាក់កប ។ បើមិនសូវមានរាសីទេ ប្រឹងធ្វើបុណ្យថ្មីញាតិញោម ឧទាហរណ៍ថា ដាក់បាត្រព្រះសង្ឃ ចិញ្ចឹមម៉ែចិញ្ចឹមឪ ថ្វាយបង្គុំព្រះរតនត្រៃ (ប្រចាំថ្ងៃ) ហើយញាតិញោមចេះតែភ្លេចធ្វើបុណ្យមិនសូវអស់លុយអស់កាក់ ថ្វាយបង្គុំព្រឹកល្ងាច យើងមើលពរទាំង៤ប្រការហ្នឹង មិនមែនលោកឱ្យបាន អាចារ្យឱ្យបានទេណា ។
ជាមួយគ្នានោះដែរ ព្រះអង្គ គូ សុភាព បានមានសង្ឃដីកាបនុ្ត ៖ ពរ៤ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ បានមកពីការមនសិការ ថ្វាយបង្គុំព្រះរតនត្រៃជាប្រចាំថ្ងៃ (ព្រឹកល្ងាច)គោរពចំពោះអ្នកមានសីល ហើយគោរពចំពោះរាមច្បង បានពរទាំង៤ប្រការ ធ្វើប្រចាំថ្ងៃ រាសីឡើងណាស់ ។ ហើយយើងអាចមានពេល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ប្រគេនចង្ហាន់ សមាទានសីល មានចិត្តអនុគ្រោះ ចិត្តឱ្យស្រឡះឱ្យសប្បាយ ឱ្យនឹកឃើញបុណ្យជាងបាប អាហ្នឹងរាសីយើងឡើងហើយ ។
ទន្ទឹមនោះទៀត ព្រះអង្គ គូ សុភាព បានមានសង្ឃដីកាបញ្ជាក់ ៖ ប៉ុន្តែបើយើងមួម៉ៅសៅហ្មង រាសីដាក់ហើយ អត់សូវបានធ្វើបុណ្យថ្មីទៀត អាហ្នឹងរឹតតែដុនដាបហើយ បើធ្វើបុណ្យថ្មី កុំគិតថាមានលុយច្រើន ធ្វើបុណ្យតាមលទ្ធភាពរបស់យើង តែត្រូវធ្វើបុណ្យជាប្រចាំទើបរាសីឡើង ។
សូមរំលឹកថា ពិតណាស់សុខចម្រើន ទ្រព្យសម្បត្តិ យសស័ក្តិកើតឡើងដោយកិច្ចខិតខំប្រឹងប្រែងតាមផ្លូវសុចរិតខ្លាំងណាស់ បូករួមនឹងសមត្ថភាពផងទើបឃើញស្រមោលនៃរបស់អស់ទាំងនោះ តែបើគ្រាន់តែមានចិត្តប៉ងហើយមិនធ្វើនោះទេប្រាកដជាមិនជោគជ័យឡើយ ។
អ្នកមិនបានធ្វើបុណ្យទុកហើយមិនអាចទទួលបាននូវសុខសួស្តីបានឡើយ ហើយសេចក្តីសុខក៏មិនដែលចូលទៅរកអ្នកគ្មានបុណ្យនោះដែរ តែសុខសួស្តីនោះឯងតែងចូលទៅរកបុគ្គលអ្នកមានបុណ្យជាប្រាកដ ព្រោះហេតុឯណា ព្រោះហេតុនោះឯងភាពនៃបុគ្គលអ្នកមានបុណ្យធ្វើហើយ បណ្ឌិតគប្បីយល់ថាជាសិរីមង្គលដ៏ប្រសើរពេញមួយដំណើរជីវិត៕
ចែករំលែកព័តមាននេះ