រាជធានីភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ ខណៈពេលកំពុងជិះម៉ូតូ ស្រាប់តែរថយន្តបើកជ្រុលទៅបុកពីក្រោយពេញទំហឹងធ្វើឱ្យម៉ូតូផ្លោងទៅបោកផ្ទប់បង្គោលភ្លើងបំភ្លឺផ្លូវ ឯរថយន្តព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចឃាត់បាន ។ គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី១២ មិថុនា តាមផ្លូវទេពផន ក្រុម១ ភូមិ១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីនគរបាលចរាចរក្រុងឱ្យដឹងថា មុនពេលកើតហេតុរថយន្តកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2H-6367 ជិះដោយបុរស២នាក់ ពីលិចទៅកើតស្របទិសគ្នាជាមួយម៉ូតូឌ្រីមសេ១២៥ ស៊េរី២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 1D-7388 ខណៈមកដល់ចំណុចខាងលើ រថយន្តក៏ទៅបុកពីក្រោយម៉ូតូពេញទំហឹង បណ្តាលឱ្យជ្រុះស្លាកលេខរថយន្តជាប់ជាមួយម៉ូតូ និងមនុស្សផ្លោងទៅបោកផ្ទប់ជាមួយបង្គោលភ្លើងបំភ្លឺផ្លូវរងរបួសធ្ងន់ ឯម៉ូតូខូចខាតមួយកំណាត់ខាងមុខ និងរថយន្តបែកកញ្ចក់ផ្ទាំងខាងមុខ ព្យាយាមបើករត់ទៅដល់វិថីព្រះមុនីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា ទើបនគរបាលឃាត់បានរួមជាមួយអ្នកបើកបររថយន្ត ។ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវរថយន្តដឹកទៅព្យាបាលនៅគ្លីនិកឯកជន ចំណែករថយន្ត និងម៉ូតូដែលរងការខូចខាតត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរផ្លូវគោក ៕
ចែករំលែកព័តមាននេះ