រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីសធុន RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2U-8006 ជិះដោយប្រុសស្រី២នាក់ជាជនជាតិចិន ជ្រុលទៅបុករថយន្តកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខព្រះសីហនុ 2A-2637 ជិះដោយប្រុសស្រី២នាក់ដូចគ្នា បណ្តាលឲ្យក្រពឹតទ្វារក្រោយចំហៀងខាងឆ្វេង និងដាច់កង់ក្រោយខាងឆ្វេង។ គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី១២ មិថុនា តាមផ្លូវលេខ៦០៦កែងផ្លូវលេខ៣០៧ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីនគរបាលចរាចរខណ្ឌទួលគោកឲ្យដឹងថា មុនពេលកើតរថយន្តឡិចស៊ីសបើកបរដោយជនជាតិចិនតាមផ្លូវលេខ៣០៧ ពីត្បូងទៅជើង ចំណែករថយន្តកាមរីឆ្លាមបើកតាមផ្លូវ៦០៦ ពីកើតទៅលិចខ្វែងទិសគ្នា ខណៈមកដល់ចំណុចផ្លូវកែង រថយន្តឡិចស៊ីសក៏ជ្រុលទៅបុករថយន្តកាមរីឆ្លាម ចំទ្វារក្រោយចំហៀងខាងឆ្វេងធ្វើឲ្យក្រពឹតនិងដាច់កង់ក្រោយ ហើយវិលខ្ញាល់មួយជុំបែរមុខទៅទិសខាងកើតវិញ ចំណែករថយន្តឡិចស៊ីសព្យាយាមបើករត់ទាំងធ្លាក់កាងអូសនឹងថ្នល់រហូតដល់ផ្លូវលេខ៦០០ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ទើបសមត្ថកិច្ចឃាត់បាន ។ក្រោយពេលកើតហេតុ រថយន្តឡិចស៊ីសបានសងសំណងទៅរថយន្តកាមរីឆ្លាមចំនួន៨០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕
ចែករំលែកព័តមាននេះ