ខេត្តតាកែវ ៖ លោកបណ្ឌិត សូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អមដំណើរដោយលោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា និងលោក ស៊ីម ធី ទីប្រឹក្សាអមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមទាំងសហការីជាច្រើនរូបទៀត កាលពីព្រឹកថ្ងៃទី១១ មិថុនា បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយជូនដល់សមាជិកគ្រួសារបក្សចំនួន៣ភូមិរួមមាន ភូមិខ្នាររោង ភូមិខ្នារធំ និងភូមិជំរៅ ស្ថិតក្នុងឃុំពារាម ស្រុកបាទី សរុបមានចំនួន១.៦៨៥នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពារាម ។
មានប្រសាសន៍ទៅកាន់សមាជិក សមាជិកា ក្រុមបក្សទាំង១.៦៨៥នាក់ នាឱកាសនោះលោករដ្ឋមន្ត្រីបានលើកឡើង និងពន្យល់ពីកលល្បិចបោកប្រាស់របស់គណបក្សប្រឆាំង ដែលកន្លងមក ក៏ដូចបច្ចុប្បន្ន ពួកគេបាននិយាយមួលបង្កាច់ពីគណបក្សប្រជាជនកម្ពុជា ។ ជាមួយនេះ លោករដ្ឋមន្ត្រីក៏បានលើកឡើងពីស្នាដៃធំៗរបស់ថ្នាក់ដឹកនាំកំពូលទាំងបីនៃគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំកសាងប្រទេសចាប់តាំងពីបាតដៃទទេ រហូតមកដល់សព្វថ្ងៃនេះ គឺមានការរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធជាតិ និងកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ទីណាប្រជាពលរដ្ឋមានការលំបាក គឺទីនោះមានថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ចុះជួយ និងបម្រើប្រជាពលរដ្ឋ ។
ជាកិច្ចបញ្ចប់ពិធីសំណេះសំណាល លោករដ្ឋមន្ត្រីបានផ្តាំផ្ញើនូវពាក្យស្លោកមួយឃ្លាថា បើស្រឡាញ់ បើអាណិត បើពេញចិត្ត បើជឿទុកចិត្តសម្តេចតេជោ ហ៊ុន សែន សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនសម្បូរសប្បាយ។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង ។
ក្នុងពិធីនោះដែរ លោកបណ្ឌិត សូរ ឃុន ក៏បានពាំនាំនូវវត្ថុអនុស្សាវរីយ៍មានសារុងចំនួន១.៦៨៥ សារុង ដើម្បីចែកជូនដល់សមាជិក សមាជិកាដែលចូលរួម និងឧបត្ថម្ភថវិកាចំនួន ១.៣៤០.០០០រៀលដល់កម្មវិធី និងឧបត្ថម្ភដល់គ្រួសារសពចំនួន២គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល ៕
ចែករំលែកព័តមាននេះ