កងទ័ពលីបង់កាលពីថ្ងៃទី១២ មិថុនា បានចេញការព្រមានដ៏កម្រមួយចំពោះស៊ីរីដោយគំរាមវាយបកវិញ ក្រោយការវាយឆ្មក់មួយរបស់ស៊ីរីលើមូលដ្ឋានមួយកន្លែងរបស់លីបង់ ដែលនោះជាការរាលដាលជម្លោះស៊ីរីជាកម្មវត្ថុនៃការពិភាក្សារបស់អាមេរិក និងអង់គ្លេសនៅក្រុងវ៉ាស៊ីនតោន ។
ឧទ្ធម្ភាគចក្រស៊ីរី១គ្រឿងបានទម្លាក់គ្រាប់បែក២គ្រាប់លើភាគកណ្តាលនៃមូលដ្ឋាន AARSAL ជាមូលដ្ឋានលីបង់មួយគាំទ្រពួកឧទ្ទាមដែលប្រយុទ្ធប្រឆាំងនឹងរបបលោកបាចាអាល់អាសាដ បណ្តាលឱ្យមនុស្សម្នាក់ត្រូវរបួស។កងទ័ពលីបង់ក្នុងសេចក្តីប្រកាសមួយគូសបញ្ជាក់ថា ខ្លួនបានចាត់វិធានការការពារចាំបាច់នានាដើម្បីតបតវិញភ្លាមៗចំពោះរាល់ការរំលោភបំពានបែបនោះ ។ នេះជាការព្រមានដ៏កម្រមួយក្នុងប្រវត្តិសាស្ត្រលីបង់ និងស៊ីរី ជាអតីតអាណាព្យាបាលលីបង់ដ៏ខ្លាំងមួយ ។
ប្រធានាធិបតីលីបង់ លោក MICHEL SLEIMANE បានបរិហារការវាយឆ្មក់នោះថា ជាការរំលោភបំពានលើអធិបតេយ្យភាពរបស់ប្រទេសលោក ដែលរក្សាសិទ្ធិចាត់វិធានការនានាដើម្បីការពារខ្លួន ហើយយើងសុំធ្វើការតវ៉ាចំពោះអ.ស.ប និងសម្ព័ន្ធអារ៉ាប់ ។
ចំណែកសហរដ្ឋអាមេរិកបានប្រើពាក្យធ្ងន់ៗថ្កោលទោសការវាយប្រហារនោះថា ជាការបង្កហេតុមិនអាចទទួលយកបានឡើយ ។
ប៉ុន្មានម៉ោងក្រោយការវាយប្រហារនេះរបស់ឧទ្ធម្ភាគចក្រស៊ីរី គ្រាប់រ៉ុក្កែត៤គ្រាប់បាញ់ចេញពីស៊ីរីបានធ្លាក់ កាលពីថ្ងៃទី១២ មិថុនា លើតំបន់បេកាអា ជាតំបន់មួយនៅភាគខាងកើតលីបង់ ដែលមានពួកស៊ីអីុតភាគច្រើន និងជាទីតាំងមួយរបស់ពួកហេសប៊ុលឡាហ៍ដែលគាំទ្ររបបក្រុងដាម៉ាស់ ៕
ចែករំលែកព័តមាននេះ