អវកាសយានិកចិនទាំង៣រូបនៃយានអវកាស SHENZHOU-10 ដែលបាញ់បង្ហោះប្រកបដោយជោគជ័យកាលពីថ្ងៃទី១១ មិថុនា នោះ កាលពីថ្ងៃទី១២ មិថុនា បានបញ្ជូនសារអបអរសាទរចំពោះប្រជាជនចិនសម្រាប់បុណ្យទូកនាគ ។បុណ្យទូកនាគនាឆ្នាំនេះប្រារព្ធធ្វើនៅថ្ងៃទី១២ មិថុនា គឺជាបុណ្យទូកនាគលើកទី២ ទទួលការអបអរសាទរដោយអវកាសយានិកចិនពីទីអវកាស ។
អវកាសយានិកចិនទាំង៣រូបដែលកំពុងស្ថិតនៅឯទីអវកាស លោក NIE HAISHENG លោក ZHANG XIAOGUANG និងលោកស្រី វ៉ាង យ៉ាពីញ ត្រូវបានបង្ហាញមុខនាវេលាម៉ោង១៣ ម៉ោងក្នុងស្រុក នៅមុខកាមេរ៉ាមួយនៃយានអវកាស ហើយនិយាយជាមួយបណ្តានយោជិតនៅឯដី ដោយសម្តែងការស្វាគមន៍ចំពោះបណ្តាអ្នកដែលទស្សនាតាមទូរទស្សន៍ ។ ដោយកាន់ក្រដាសមួយសរសេរថា អបអរសាទរបុណ្យទូកនាគ អវកាសយានិកទាំង៣រូបថ្លែងមកកាន់ផែនដីថា យើងសូមចូលរួមអបអរសាទរចំពោះជនជាតិចិនទាំងអស់លើពិភពលោកក្នុងឱកាសបុណ្យទូកនាគ ។
លោក NIE HAISHENG មេបញ្ជាការនៃក្រុមអវកាសយានិកដែលមានគ្នា៣នាក់នោះនិយាយថា យានអវកាសដំណើរការធម្មតា រួចការងារទាំងអស់ប្រព្រឹត្តទៅដូចការគ្រោងទុក ។ អរគុណចំពោះការបារម្ភរបស់លោកអ្នក ។ ចំណែកលោក ZHANG XIAOGUANG វិញគូសបញ្ជាក់ថា ដំណើររបស់ពួកយើងប្រព្រឹត្តទៅដោយល្អបំផុត ។ រីឯលោកស្រីវ៉ាង យ៉ាពីញ ជានារីអវកាសយានិកចិនទី២ បានសម្តែងការគោរពចំពោះបណ្តាអ្នកស្រាវជ្រាវខាងអវកាសដែលបម្រើការទោះបីក្នុងពេលវិស្សមកាលក៏ដោយ ។
បន្ទាប់មកពួកគេបានចូលទៅកាន់បន្ទប់មួយដើម្បីបរិភោគនំ ZONGZI (នំចាំង) ជានំប្រពៃណីសម្រាប់បុណ្យទូកនាគ ៕
ចែករំលែកព័តមាននេះ