មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ (UN) ឱ្យដឹងថា មន្ទីរពេទ្យក្នុងប្រទេសកុងហ្គោទទួលនារីរងគ្រោះពីការចាប់រំលោភដល់ទៅ៣០០នាក់ក្នុងមួយខែ ។ លោកស្រី ឃាំង គូយ៉ុងវ៉ា អ្នកការទូតរបស់កូរ៉េខាងត្បូង និងជាជំនួយការអគ្គលេខាធិការនៃអង្គការសហប្រជាជាតិផ្នែកមនុស្សធម៌របស់ UN បានធ្វើទស្សនកិច្ចនៅខេត្តសៅគីវូ ភាគខាងកើតប្រទេសកុងហ្គោ ជាដែនដីនៃសង្គ្រាមនៅភាគកណ្តាលទ្វីបអាហ្វ្រិក ហើយបានបញ្ជាក់ថា មានស្ត្រី និងក្មេងស្រីក្លាយជាជនរងគ្រោះពីការចាប់រំលោភ ត្រូវនាំចូលទៅព្យាបាលក្នុងមន្ទីរពេទ្យជាង៣០០នាក់ក្នុងមួយខែ ។
លោកស្រី ឃាំង បញ្ជាក់ថា ចំនួនស្ត្រីដែលទទួលការរំលោភនៅភាគខាងកើតប្រទេសកុងហ្គោ មានការកើនឡើងជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំមុន ជាពិសេសនៅក្នុងខេត្តសៅគីវូ និងន័រគីវូ ក្រោយពីមានការតស៊ូរវាងក្រុមប្រដាប់អាវុធ ជាមួយទាហានរបស់រដ្ឋាភិបាល ។ នៅក្នុងរបាយការណ៍ UN បញ្ជាក់ថា ក្រុមប្រដាប់អាវុធ និងទាហានរបស់រដ្ឋាភិបាលរមែងមានចំណែកក្នុងការរំលោភលើស្ត្រី និងកុមារ ។
ចំណែកលោក ដេនីស មូក្វេកេ អ្នកបង្កើតមន្ទីរពេទ្យ ប៉ានស៊ី នៅក្នុងខេត្តសៅគីវូ បញ្ជាក់ថា មន្ទីរពេទ្យរបស់ខ្លួនត្រូវទទួលជនរងគ្រោះពីការចាប់រំលោភ ចូលសម្រាកព្យាបាលនៅក្នុងមួយខែជាង៣០០នាក់ ប៉ុន្តែក៏មានជំនឿចិត្តថា មានស្ត្រីទទួលការចាប់រំលោភជាច្រើននាក់ទៀតមិនបានចូលសម្រាកព្យាបាល ក្រោយពីក្លាយជាជនរងគ្រោះដ៏ធ្ងន់លើផ្លូវភេទ ។
អំពើហិង្សានៅភាគខាងកើតប្រទេសកុងហ្គោ ធ្វើឱ្យប្រជាជនជាង២,៦លាននាក់ត្រូវភៀសខ្លួនពីសង្គ្រាម ខណៈពេលអង្គការសហប្រជាជាតិ បញ្ជាក់ថា ត្រូវចំណាយប្រាក់ច្រើនជាង៨៩២លានដុល្លារ ដើម្បីទប់ទល់នឹងវិបត្តិផ្នែកមនុស្សធម៌នៅក្នុងប្រទេស ៕
ចែករំលែកព័តមាននេះ