បោះបង់អាជីពបាហុនិកា មកចាប់របរចិញ្ចឹមជ្រូករកចំណូលបានជិត៣ម៉ឺនដុល្លារត្រឹម២ខែ
ប្រទេសចិន ៖ យោងតាមប្រភពពីកាសែត South China Morning Post កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥…
ប្រទេសចិន ៖ យោងតាមប្រភពពីកាសែត South China Morning Post កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥…
ប្រទេសចិន ៖ យោងតាមប្រភពពីកាសែត South China Morning Post កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ស្ត្រីជនជាតិចិនរូបស្រស់ម្នាក់ បានសម្រេចចិត្តបោះបង់ចោលអាជីពជាបាហុនិកា ហើយត្រលប់ទៅស្រុកកំណើតវិញ ដើម្បីចាប់ផ្តើមមុខរបរចិញ្ចឹមជ្រូក ដោយទទួលបានប្រាក់ចំណូលរហូតដល់ ២៨,០០០ដុល្លារអាមេរិក នៅក្នុងរយៈពេលត្រឹម២ខែប៉ុណ្ណោះ។
កញ្ញា យ៉ាង យ៉ានស៊ី (Yang Yanxi) អាយុ២៧ឆ្នាំ កើតនៅក្នុងគ្រួសារជនបទ ស្ថិតនៅក្នុងខេត្តហេយឡុងជៀង (Heilongjiang) ភាគខាងជើងប្រទេសចិន។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់សកលវិទ្យាល័យ យ៉ាងបានបម្រើការជាបាហុនិកាអស់រយៈពេល៥ឆ្នាំ ជាមួយក្រុមហ៊ុន Shanghai Airline។ យ៉ាងបានឱ្យដឹងថា អំឡុងពេលក្រុមហ៊ុនជួបវិបត្តិ ប្រាក់ខែនាងមានតែ៣៨០ដុល្លារប៉ុណ្ណោះ។ យ៉ាងបានប្រាប់សារព័ត៌មានចិន Jiupai News ថា ពេលរស់នៅក្នុងទីក្រុងសៀងហៃ នាងបានសុំលុយឪពុកម្តាយជាញឹកញាប់ ដើម្បីទិញកាបូបប្រណីតៗ។ លុះក្រោយមកនាងបានដឹងថា ជីវិតស៊ីវីល័យរបស់នាងបានធ្វើឱ្យឪពុកម្តាយធ្លាក់ខ្លួនជំពាក់បំណុលគេយ៉ាងច្រើន។
នៅខែតុលា ឆ្នាំ២០២២ បន្ទាប់ពីដឹងថា ម្តាយនាងបានធ្វើការវះកាត់យកដុំពកលើសាច់ជាច្រើនលើក ដោយលាក់មិនឱ្យនាងដឹង ពេលនោះហើយដែលយ៉ាងបានសម្រេចចិត្តលាឈប់ពីការងារជាបាហុនិកា ហើយត្រឡប់ទៅស្រុកកំណើតវិញ។ នាងបានបង្ហាញពីកំហុសឆ្គងយ៉ាងធំបំផុតដោយនិយាយថា «ឪពុកម្តាយខ្ញុំតែងតែប្រាប់ខ្ញុំនូវដំណឹងល្អៗ ប៉ុន្តែលាក់រឿងអាក្រក់ជាច្រើន។ ឥឡូវនេះខ្ញុំចង់រស់នៅជាមួយលោកទាំងពីរ ហើយមិនចង់ទៅណាឆ្ងាយពីផ្ទះនោះទេ»។
នៅខែមេសា ឆ្នាំ២០២៣ យ៉ាងបានគ្រប់គ្រងកសិដ្ឋានចិញ្ចឹមជ្រូករបស់សាច់ញាតិ ដែលជាទីចាប់ផ្តើមនៃមុខរបរចិញ្ចឹមសត្វជ្រូក ដែលជាអាជីពថ្មីសន្លាំងរបស់នាង។ យ៉ាងបានចែករំលែកជីវិតកសិកម្មតាមជនបទនៅលើបណ្តាញសង្គមតាមយរៈវីដេអូខ្លីដ៏ពេញនិយមមួយ ទាក់ទាញអ្នកទស្សនា ១.២លាននាក់។ ក្នុងវីដេអូនោះ យ៉ាងបានបង្ហាញពីជំនាញរៀបចំអាហារ ការដាក់ចំណី និងការសម្អាតជ្រូក និងទ្រុងជ្រូកផងដែរ។ ទោះបីជាមានការលំបាកក្នុងជីវិតបែបជនបទក៏ដោយ ក៏យ៉ាងនៅតែបន្តការតាំងចិត្តខ្ពស់ជានិច្ច។
នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ យ៉ាងបានរងរបួសជើងឆ្វេងដោយចៃដន្យ នៅពេលចេញនេសាទលើបឹងទឹកកកមួយកន្លែង។ ប៉ុន្តែនាងនៅតែបង្ហាញភាពវិជ្ជមាន ដោយបានលួងចិត្តអ្នកគាំទ្រតាមបណ្តាញសង្គមទាំងដែលខ្លួនដើរកាន់ឈើច្រត់ ដោយជំរុញអំពីបំណងប្រាថ្នា ដើម្បីផ្តល់ឱ្យគ្រួសាររបស់នាងមានជីវិតកាន់តែល្អប្រសើរ។ ថ្លែងទាំងរីករាយកាត់ថ្លៃមិនបាន យ៉ាងបានឱ្យដឹង «ឥឡូវនេះ ខ្ញុំអាចរស់នៅជាមួយឪពុកម្តាយខ្ញុំ។ ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ដោយបានសម្រេចបំណងប្រាថ្នារបស់ខ្ញុំ»។
យ៉ាងបានអះអាងថារកបានប្រាក់ចំណូលជាង ២៧,០០០ដុល្លារក្នុងរយៈពេល២ខែកន្លងមកនេះ តាមរយៈការចិញ្ចឹម ការលក់ជ្រូក និងបសុសត្វផ្សេងៗទៀត ព្រមទាំងចំណែកខ្លះបានមកពីគណនីទំនាក់ទំនងសង្គមផងដែរ។ យ៉ាងសង្ឃឹមថា នាងនឹងពង្រីកកសិដ្ឋាននាពេលអនាគត ហើយបើកហាងឯកទេសកសិកម្ម និងចង់បើកសណ្ឋាគារផងដែរ។
រឿងរ៉ាវអតីតបាហុនិកាស្រស់សោភារូបនេះ បានទាក់ទាញចំណាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយចិន ដោយកោតសរសើរពីក្មេងស្រីក្លាហាន និងឆ្លាតវៃអាចរស់នៅបានយ៉ាងល្អ មិនថានាងជ្រើសរើសអាជីព ឬរបរបែបណានោះទេ៕
ចែករំលែកព័តមាននេះ