ជោគជ័យការងារសិល្បៈទាំងវ័យក្មេង! ល្អ ហួស បង្ហាញផ្ទះលំហែយ៉ាងប្រណីត មុនចូលវ័យ១៨ឆ្នាំ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ យុវតី ល្អ ហួស បានបើកបង្ហាញផ្ទះលំហែផ្ទាល់ខ្លួនយ៉ាងប្រណីតមួយកន្លែង ដែលកំពុងស្ថិតក្នុងដំណើរការសាងសង់នៅឡើយ និងឈានជិតរួចរាល់ជាស្ថាពរ នាពេលឆាប់ៗខាងមុខនេះ ខណៈពេលដែលផ្ទះវីឡាសម្រាប់លំហែនេះ ត្រូវបាននាងចាត់ទុកថា ជាកាដូសម្រាប់រូបនាងមុនចូលវ័យ១៨ឆ្នាំ ។

ស្របពេលដែលការងារសិល្បៈកាន់តែជោគជ័យ ជាមួយការក្លាយជាBA ផលិតផលធំៗមួយចំនួននោះ ល្អ ហួស បាននិងកំពុងត្រូវបានគេចាត់ទុកថា ជាអ្នកសិល្បៈវ័យក្មេងមួយរូបដែលកំពុងជោគជ័យយ៉ាងខ្លាំងលើវិថីមួយនេះ ដោយនៅក្នុងនោះ ក៏ទទួលបានជោគជ័យជាបន្តបន្ទាប់លើវិថីបវរកញ្ញាផងដែរ ។
ទន្ទឹមនឹងភាពជោគជ័យនៃការងារសិល្បៈជាបន្តបន្ទាប់ ដែលអាចឲ្យនាងទទួលបានចំណូលច្រើននោះ ថ្មីៗនេះ ល្អ ហួស ក៏បានបើកបង្ហាញនូវផ្ទះវីឡា ដើម្បីទុកលំហែយ៉ាងប្រណីតមួយ ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ។

ល្អ ហួស បានបង្ហោះរូបភាពវីដេអូលើបណ្តាញសង្គម ដោយបានបង្ហាញពីសកម្មភាពនៃការសាងសង់ផ្ទះលំហែរបស់ខ្លួន ដោយភ្ជាប់ជាមួយសំណេរថា ផ្ទះសម្រាប់លំហែកាយរបស់ល្អហួស🤍 កាដូសម្រាប់ខ្លួនឯង មុនចូលអាយុ18ឆ្នាំ ។
តាមរយៈវីដេអូខាងលើនេះ ល្អ ហួស ក៏បានលើកឡើងថា ផ្ទះលំហែរបស់នាងដែលកំពុងសាងសង់នេះ មានទីតាំងនៅក្នុងខេត្តសៀមរាប ក្នុងពេលដែលផ្ទះនេះបានសាងសង់រួចរាល់ប្រមាណជា៧០%ហើយ ។

នាងបន្តថា ផ្ទះនេះ គឺនាងសាងសង់ឡើង ដើម្បីទុកជាការលំហែ ហើយណាមួយនាងក៏ឧស្សាហ៍ចេញចូលថតនៅសៀមរាប ហេតុនេះពេលមានផ្ទះខ្លួនឯង វាជាការផ្តល់ភាពងាយស្រួលមួយ ។
នាងបញ្ជាក់ថា ផ្ទះរបស់នាងនាពេលនេះ គឺមានម៉ូដបែបបរទេស និងលំហែ ដែលមានអាងហែលទឹក ហើយនាងក៏កំពុងគិតពីការដេគ័រអ្វីប្លែកៗបន្ថែម ជាពិសេស ទិដ្ឋភាពទេសភាពនៅខាងមុខផ្ទះនោះ គឺបែបស្រុកស្រែយ៉ាងស្រស់ស្អាតផងដែរ ។
បើតាមការ ល្អ ហួស សម្រាប់ផ្ទះលំហែរបស់នាងនាពេលនេះ គឺនាងរង់ចាំទទួលស្វាគមន៍២៤ម៉ោង សម្រាប់បងប្អូនអ្នកស្គាល់គ្នា និងអ្នករួមការងារទាំងអស់ ដែលមានបំណងមកលេងខេត្តសៀមរាប ហើយបន្តិចទៀតនាងនឹងក្លាយជាអ្នកសៀមរាបម្នាក់ផងដែរ ៕





ចែករំលែកព័តមាននេះ