ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើការអនាម័យជិត៣០ឆ្នាំគ្មានថ្ងៃសម្រាក ចិញ្ចឹមកូនរហូតក្លាយជាចៅក្រម វេជ្ជបណ្ឌិត និងវិស្វករ

2 ខែ មុន

ប្រទេសម៉ាឡេស៊ី ៖ រឿងរ៉ាវនៃខ្សែជីវិតបុរសចំណាស់ម្នាក់ កំពុងល្បីខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាបណ្តាញសង្គម បន្ទាប់ពីគាត់បានលះបង់ពេល២៧ឆ្នាំនៃជីវិតទៅធ្វើការជាអ្នកអនាម័យនៅប្រទេសម៉ាឡេស៊ី ដោយគ្មានថ្ងៃឈប់សម្រាកសូម្បីតែមួយថ្ងៃ ក៏ព្រោះតែដើម្បីអនាគតដ៏ល្អប្រសើរសម្រាប់កូនៗរបស់គាត់។ ហើយជាលទ្ធផលឥឡូវនេះ កូនៗរបស់គាត់បានក្លាយទៅជាចៅក្រម…

0:00
0:00

ប្រទេសម៉ាឡេស៊ី ៖ រឿងរ៉ាវនៃខ្សែជីវិតបុរសចំណាស់ម្នាក់ កំពុងល្បីខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជាបណ្តាញសង្គម បន្ទាប់ពីគាត់បានលះបង់ពេល២៧ឆ្នាំនៃជីវិតទៅធ្វើការជាអ្នកអនាម័យនៅប្រទេសម៉ាឡេស៊ី ដោយគ្មានថ្ងៃឈប់សម្រាកសូម្បីតែមួយថ្ងៃ ក៏ព្រោះតែដើម្បីអនាគតដ៏ល្អប្រសើរសម្រាប់កូនៗរបស់គាត់។ ហើយជាលទ្ធផលឥឡូវនេះ កូនៗរបស់គាត់បានក្លាយទៅជាចៅក្រម វេជ្ជបណ្ឌិត និងវិស្វករ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន South China Morning Post ចេញផ្សាយកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។

លោកតា អាប៊ូ បាកា (Abu Bakar) អាយុ៧០ឆ្នាំ បានចាកចេញពីប្រទេសបង់ក្លាដែសជាទឹកដីកំណើត ផ្សងព្រេងទៅកាន់ប្រទេសម៉ាឡេស៊ី កាលពី៣១ឆ្នាំមុន ដើម្បីស្វែងការងាររកប្រាក់កម្រៃផ្គត់ផ្គង់ជីវភាពគ្រួសារក្រីក្ររបស់គាត់នៅស្រុកកំណើត។ នៅពេលនោះកូនប្រុសពៅរបស់គាត់មានអាយុត្រឹមតែ៦ខែប៉ុណ្ណោះ។

ក្នុងបទសម្ភាសន៍ជាមួយគេហទំព័រ Humans of Kuala Lumpur របស់ម៉ាឡេស៊ី លោកតា អាប៊ូ បាកា បានរៀបរាប់ថា គាត់បានធ្វើការងារដែលអ្នកដទៃមិនចង់ធ្វើ ហើយធ្វើការដោយមិនចេះនឿយហត់ជារៀងរាល់ថ្ងៃ រៀងរាល់សប្តាហ៍។ លោកថា «ខ្ញុំមិនបានត្រឡប់ទៅបង់ក្លាដែសទេ ចាប់តាំងពីមកដល់ម៉ាឡេស៊ី។ ខ្ញុំនឹកគ្រួសារខ្ញុំណាស់ ហើយពួកគេក៏នឹកខ្ញុំដែរ ប៉ុន្តែអ្វីគ្រប់យ៉ាងដែលខ្ញុំធ្វើគឺដើម្បីអនាគតកូនៗរបស់ខ្ញុំ»។ លោកបានរៀបរាប់ពីសកម្មភាពប្រចាំថ្ងៃថា «រាល់ថ្ងៃខ្ញុំភ្ញាក់ពីគេង ងូតទឹក ញ៉ាំអាហារពេលព្រឹកចេញទៅធ្វើការ ត្រឡប់មកផ្ទះ ទូរស័ព្ទទៅអ្នកផ្ទះនៅស្រុកកំណើត រួចចូលគេង»។

ប្រាក់ខែពិតប្រាកដរបស់លោកតាមិនត្រូវបានបង្ហាញឱ្យដឹងទេ ប៉ុន្តែប្រាក់ឈ្នួលប្រចាំខែជាមធ្យមសម្រាប់អ្នកអនាម័យក្នុងប្រទេសម៉ាឡេស៊ីប្រហែល ៤០០ដុល្លារក្នុងមួយខែ។ ប្រភពពីគេហទំព័រ Numbeo បានរាយការណ៍ថា ទន្ទឹមនឹងនោះ តម្លៃចំណាយលើការរស់នៅ សម្រាប់គ្រួសារមួយមានសមាជិក៤នាក់ក្នុងប្រទេសបង់ក្លាដែសប្រហែល ១,២០០ដុល្លារក្នុងមួយខែ ដោយមិនរាប់បញ្ចូលថ្លៃផ្ទះជួល។ ដូច្នេះគេមិនច្បាស់ថា តើគ្រួសារលោកតា អាប៊ូ បាកា មានប្រភពចំណូលផ្សេងទៀតមកពីណានោះទេ? ប៉ុន្តែចំណូលភាគច្រើនរបស់គាត់ត្រូវបានផ្ញើទៅផ្ទះដើម្បីរ៉ាប់រងការសិក្សា និងថ្លៃរស់នៅរបស់កូនគាត់។

ទោះយ៉ាងណាក៏ដោយ ការលះបង់របស់លោកតា អាប៊ូ បាកា មិនអសារបង់នោះទេ ដោយទទួលបានផលផ្លែមិននឹកស្មានដល់ ខណៈដែលកូនស្រីគាត់បានក្លាយជាចៅក្រម ហើយកូនប្រុសទាំងពីរនាក់ទៀតបានក្លាយទៅជាវេជ្ជបណ្ឌិត និងវិស្វករ។ លោកតាបានបញ្ជាក់ថា៖ «ខ្ញុំពិតជាមានមោទកភាព និងដឹងគុណចំពោះអ្វីដែលកូនៗខ្ញុំសម្រេចបាន»។ បន្ទាប់ពីចំណាយពេលរស់នៅជាមួយការងារដ៏សែននឿយហត់អស់ជាច្រើនឆ្នាំមក ពេលនេះ លោក អាប៊ូ បាកា បានវិលត្រឡប់ទៅប្រទេសបង់ក្លាដែសវិញហើយ ដើម្បីជួបជុំគ្រួសារយ៉ាងមានសុភមង្គល។

រឿងរ៉ាវេជីវិតតស៊ូរបស់លោកតា អាប៊ូ បាកា ទទួលបានការកោតស្ញប់ស្ញែងយ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គម ដោយមនុស្សជាច្រើនក៏បានអបអរសាទរចំពោះលទ្ធផលនៃការលះបង់ និងការប្តេជ្ញាចិត្តរបស់គាត់ផងដែរ។ មតិមួយបានសរសេរថា «ពិតជាគំរូដ៏អស្ចារ្យមួយ! ជំនឿចិត្ត និងក្តីស្រឡាញ់ដ៏ឥតងាករេរបស់លោកតាចំពោះគ្រួសារបានធ្វើឱ្យគាត់បន្តរហូតមកដល់ប៉ុន្មានឆ្នាំនេះ»។ មតិមួយផ្សេងទៀតលើកឡើងថា «កុំមើលស្រាលសេចក្តីថ្លៃថ្នូររបស់កម្មករពលកម្ម ព្រោះអ្នកទាំងនោះបានកសាងអនាគតល្អប្រសើរសម្រាប់គ្រួសារពួកគេដោយដៃពួកគេផ្ទាល់ ហើយសមនឹងទទួលបានការគោរពពីអ្នកគ្រប់គ្នា»។

ទោះយ៉ាងណាក៏ដោយ ក៏មានមតិរិះគន់មួយចំនួនផងដែរ ដោយមតិមួយបានសរសេរថា «ប្រសិនបើខ្ញុំជាចៅក្រម វេជ្ជបណ្ឌិត ឬវិស្វករ ខ្ញុំនឹងនាំឪពុកខ្ញុំត្រឡប់មកផ្ទះវិញតាំងពីយូរយារណាស់មកហើយ គ្មានឪពុកម្តាយណាម្នាក់ ត្រូវរងទុក្ខវេទនា ដើម្បីជោគជ័យរបស់កូននោះទេ»៕ (ប្រភព ៖ South China Morning Post និង VnExpress)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ