រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ឈ្មោះ កែវ សុផាន់ណារី អាយុ៤០ឆ្នាំ កាលពីថ្ងៃទី១២ មិថុនា ឆ្នាំ២០១៣ បានចេញមុខជាសាធារណៈធ្វើការទាមទារសំណងជំងឺចិត្តចំនួន១ម៉ឺនដុល្លារអាមេរិកពីលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដោយបានអះអាងថា បុគ្គល កឹម សុខា បានរួមរស់ជាមួយអ្នកស្រីតាំងពីឆ្នាំ១៩៩៩ រហូតមកដល់ពេលបុគ្គលរូបនេះបានទៅបង្កើតគណបក្សសិទ្ធិមនុស្ស ឆ្នាំ២០០៨ ក៏បានបោះបង់អ្នកស្រីចោល ស្របពេលដែលអ្នកស្រីធ្លាក់ខ្លួនឈឺមិនអាចរួមរស់ជាប្តីប្រពន្ធបាន ។
នៅមុខស្នាក់ការគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធទៅនឹងស្ត្រីម្នាក់ដែលអះអាងថាជាប្រពន្ធចុងរបស់លោកនោះ ត្រូវបានលោក កឹម សុខា បដិសេធ ហើយថាលោកមិនដែលស្គាល់ និងមិនដែលទំនាក់ទំនងជាមួយស្ត្រីនោះទេ ។ យ៉ាងណាក៏ដោយ បន្ទាប់ពីសន្និសីទកាសែតបានបដិសេធភ្លាមៗ ស្ត្រីដែលអះអាងថាជាប្រពន្ធចុងរបស់លោក កឹម សុខា និងម្តាយបានទៅស្រែកតវ៉ានៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ ហើយទាមទារជួបលោក កឹម សុខា ដើម្បីសុំលុយមួយចំនួនព្យាបាលជំងឺ ប៉ុន្តែសន្តិសុខបានបិទទ្វារស្នាក់ការមិនបានអនុញ្ញាតឱ្យគាត់ចូលទៅជួប កឹម សុខា ទេ ។
នេះជាលើកទី២ ហើយដែលអ្នកស្រី កែវ សុផាន់ណារី បានចេញមុខជាសាធារណៈក្នុងការតវ៉ាចំពោះមុខលោក កឹម សុខា នៅស្នាក់ការរបស់គណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១២ មិថុនា ឆ្នាំ២០១៣ ព្រោះកាលពីថ្ងៃទី១១ មិថុនា ឆ្នាំ២០១៣ អ្នកក៏បានព្យាយាមទៅជួបលោក កឹម សុខា នៅស្រុកកៀនស្វាយម្តងរួចមកហើយ ប៉ុន្តែលោក កឹម សុខា មិនព្រមមកជួប ។ អ្នកស្រីធ្លាប់បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងរាជធានីភ្នំពេញក្នុងខែមករា ឆ្នាំ២០១៣ ដើម្បីទាមទារប្រាក់ចំនួន១ម៉ឺនដុល្លារសម្រាប់ព្យាបាលជំងឺ ។ ក្នុងខែកុម្ភៈ ឆ្នាំ២០១៣ ចៅក្រមស៊ើបអង្កេតសាលាដំបូងរាជធានីបានកោះហៅអ្នកស្រីទៅបំភ្លឺរួចម្តងមកហើយ ប៉ុន្តែចៅក្រមអះអាងថា ចាំបោះឆ្នោតរួចទើបតុលាការដោះស្រាយសំណុំរឿងនេះ ។
អ្នកស្រី កែវ សុផាន់ណារី បានរៀបរាប់ថា គាត់មានជំងឺជាប់ខ្លួនស្ថិតក្នុងស្ថានភាពស្លេកស្លាំង ហើយពេលនេះក្រុមគ្រួសាររបស់គាត់កំពុងស្នាក់នៅក្នុងបន្ទប់ផ្ទះជួលដ៏តូចមួយ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មានតែមួយគ្រែ គ្មានសម្ភារអ្វីជាដុំកំភួនទេ ។ សូម្បីតែកន្ទេលសម្រាប់ក្រាលដេកក៏គ្មានដែរ ដោយក្នុងបន្ទប់នោះមានសមាជិកគ្រួសារចំនួន៤នាក់ ។ អ្នកស្រីបានប្រកាសខ្លួនជាជនរងគ្រោះម្នាក់នៅក្នុងរឿងស្នេហាត្រីកោណរបស់មេដឹកនាំនយោបាយប្រឆាំងម្នាក់ គឺលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដោយលោកស្រីនិយាយថា មានទំនាក់ទំនងស្នេហារយៈពេល១៦ឆ្នាំមុនពេលបែកបាក់គ្នា ។
អ្នកស្រី កែវ សុផាន់ណារី ស្ថិតក្នុងវ័យប្រមាណ៤០ឆ្នាំ បានរៀបរាប់ទាំងទឹកភ្នែកថា ក្នុងអំឡុងឆ្នាំ១៩៩៩ នៅផ្ទះមិត្តភក្តិរបស់នាងម្នាក់ដែលមានគ្រួសារជាមន្ត្រី (ដែលគេហៅថា ឯកឧត្តម) មានកម្មវិធីជប់លៀងហូបចុកនៅផ្ទះ ហើយពេលនោះក៏មានបុរសម្នាក់ (កឹម សុខា) ចេះតែលួចសម្លឹងមើលនាង តែនាងហាក់បីដូចជាមិនចាប់អារម្មណ៍ ហើយម្យា៉ងវិញទៀត ដោយសារមិនស្គាល់ថាបុរសម្នាក់នោះជាអ្នកណាទេ ។ នៅពេលនោះដោយរូបស្រស់ស្អាតមិនមានជំងឺនោះទេ តែមួយសប្តាហ៍កន្លងផុតទៅ បុរសម្នាក់នោះបានធ្វើដំណើរទៅដល់ផ្ទះនាង ដោយជិះរថយន្តពណ៌ខ្មៅមួយគ្រឿង ជាមួយបុរសម្នាក់ទៀតដែលគេប្រាប់ថា ឈ្មោះ សុន ឆៃ ហើយក៏ចេះតែចុះឡើងរហូតបាននាំនាងទៅញ៉ាំបាយនៅ ខាងក្រៅ នាងក៏បានប្រគល់ខ្លួនប្រាណឱ្យទៅបុរសម្នាក់នោះ (កឹម សុខា) ដោយទើបតែស្គាល់គ្នាបានតែពីរសប្តាហ៍ប៉ុណ្ណោះ ព្រោះតែកាលនោះបុរសម្នាក់នេះបានលួងលោមនាង និងមានជូនជាសម្ភារទំនើប ព្រមទាំងលុយកាក់ដើម្បីជាធ្នាក់ធ្វើឱ្យនាងលង់ស្រឡាញ់ផងដែរ។
អ្នកស្រី កែវ សុផាន់ណារី បានបន្តថា «បើពីដំបូងខ្ញុំដឹងថាគាត់មានប្រពន្ធ និងជាអ្នករាជការ អ្នកនយោបាយ ខ្ញុំក៏មិនទទួលយកគាត់ដែរ» ។ ក្រោយជួបគ្នា និងបានរស់នៅជាមួយគ្នារយៈពេល៦ឆ្នាំ ទើបបែកធ្លាយរឿងនេះទៅដល់ប្រពន្ធរបស់លោក កឹម សុខា ដែលរស់នៅសហរដ្ឋអាមេរិក ពេលនោះនាងត្រូវប្រពន្ធរបស់លោក កឹម សុខា ទូរស័ព្ទមកជេរមួយថ្ងៃពីរដងព្រឹកម្តង ល្ងាចម្តង ។ នាងបន្តថា នៅថ្ងៃមួយលោក កឹម សុខា បានឱ្យអង្គរក្សទៅយកនាងចេញពីផ្ទះជួលមួយកន្លែងនៅខណ្ឌទួលគោក ពេលនោះនាងបានប្រញាប់ប្រញាល់ចេញដោយខ្លាចប្រពន្ធរបស់លោក កឹម សុខា មកទាន់ ព្រោះកន្លងមកលោក កឹម សុខា បានប្រាប់នាងថា ប្រពន្ធរបស់គាត់ ដើរទៅណាមកណា តែងដាក់កាំភ្លើងតាមខ្លួន ដូច្នេះនាងក៏រួសរាន់ចេញដែរ។
ចេញផុតបានប្រមាណតែ៥នាទីប៉ុណ្ណោះ ប្រពន្ធដើមរបស់លោក កឹម សុខា បានទៅផ្ទះជួលនោះតែរកមិនឃើញ ព្រោះនាងបានចេញផុតបាត់ទៅហើយ ។ អ្នកស្រី សុផាន់ណារី បានបន្តទាំងទឹកភ្នែកថា ពីដំបូងលោក កឹម សុខា ស្រឡាញ់នាងខ្លាំងណាស់ បាននាំនាងទៅញ៉ាំបាយជាច្រើនកន្លែង ។ នៅក្នុងប្រទេសខ្មែរ នាងបានស្គាល់ស្ទើរតែទាំងអស់ទៅហើយ ព្រោះរាល់ពេលដែលលោក កឹម សុខា ចុះទៅធ្វើវេទិកាសាធារណៈ គឺលោកតែងតែនាំនាងទៅជានិច្ច ហើយនាងធ្លាប់បានលោក កឹម សុខា នាំទៅដល់ប្រទេសថៃ ដោយកាលនោះលោក កឹម សុខា មានតួនាទីជូនលោក ជា ប៉ូច ឡើងយន្តហោះ និងឱ្យលោក កឹម សុខា ជួយបកប្រែផង ព្រោះលោក ជា ប៉ូច មិនចេះនិយាយភាសាអង់គ្លេសទេ លោកចេះតែហៅមីហូបតែ
ប៉ុណ្ណោះ ។ ដូច្នេះ វាបណ្តាលឱ្យលោកមានជំងឺរាករហូត ទើបហៅលោក កឹម សុខា ឱ្យជួយ ។
អ្នកស្រី សុផាន់ណារី បញ្ជាក់ទៀតថា ចាប់តាំងពីស្គាល់គ្នា និងរស់នៅជាមួយគ្នាដោយមិនបានរៀបការនោះទេ គឺគ្រាន់តែបានរៀបចំបាយម្ហូបតែមួយថាសដាក់សែន ដើម្បីកុំឱ្យមេបាកាច់ប៉ុណ្ណោះ ។ ក្រោយមក ពួកគេបានរស់នៅជាមួយគ្នាដូចជាប្តីប្រពន្ធ ចេញចូលដោយមានទាំងអង្គរក្សតាមជាប់ ស្ថិតក្នុងផ្ទះឯភូមិវាលស្បូវ ស្រុកកៀនស្វាយ ដែលពេលនេះស្ថិតក្នុងខណ្ឌមានជ័យ ។ ចំណែកអ្នកភូមិ អ្នកស្រុក អ្នកណាក៏គេស្គាល់នាងជាប្រពន្ធរបស់លោក កឹម សុខា ដែរ ។ ក្រោយពីរស់នៅជាមួយគ្នាបានមួយរយៈមក លោក កឹម សុខា បានឱ្យនាង និងម្តាយនាងលក់ផ្ទះនោះចោលទៅ ព្រោះលោក កឹម សុខា អះអាងថា មានអ្នកកាសែតតាមដានលោក ។ ម៉្យាងទៀត ប្រពន្ធរបស់លោកក៏បានដឹងថា លោកមានប្រពន្ធចុងដែរ ។
ក្រោយពីនាងលក់ផ្ទះនេះហើយ លោក កឹម សុខា បានសន្យាថា ចាំពេលបោះឆ្នោតនៅឆ្នាំ២០០៨ ចប់រួចរាល់ លោកនឹងរៀបចំរកទិញផ្ទះឱ្យធំជាង
នេះ ។ ប៉ុន្តែការសន្យានោះ ហាក់បីដូចជាស្ងប់ស្ងាត់ជាសន្យាខ្យល់ហើយ ពួកគេក៏បានបែកបាក់គ្នាមួយរយៈទៅ ។ នាងបានរំលឹកបន្ថែមថា នៅពេលមួយនោះ ខ្ញុំបានដឹងថា គាត់ជាប់ពន្ធនាគារព្រៃស ខ្ញុំបានយកបាយម្ហូបទៅជូនគាត់ ក្នុងលក្ខណៈជាអ្នកធ្លាប់ស្គាល់ និងធ្លាប់ជាប្តីប្រពន្ធ ។ ក្រោយមកខ្ញុំក៏បានទទួលសំបុត្រមួយច្បាប់យា៉ងខ្លីពីលោក កឹម សុខា ដោយលោកសរសេរថា បងមានញ៉ាំគ្រប់គ្រាន់ហើយ គិតគូរទុកខ្លួនឯងចុះ បងមិនអីទេ ។ កែវ សុផាន់ណារី បានបន្តថា នៅថ្ងៃមួយដោយមិនចាំថ្ងៃខែ ក្រោយពីលោក កឹម សុខា ចេញពីគុកមក លោក ចៅ ផល្លី បានបបួលខ្ញុំទៅញ៉ាំបាយនៅហាងមួយកន្លែងនៅជិតវត្តកោះ ខ្ញុំមិនដឹងថា លោក ចៅ ផល្លី នេះបានរៀបគម្រោងឱ្យលោក កឹម សុខា មកជួបខ្ញុំទេ ។
ពេលកំពុងអង្គុយញ៉ាំបាយនោះ ក៏ស្រាប់តែមានបុរសម្នាក់យកដៃទាំងពីរបិទភ្នែកខ្ញុំ ពេលដែលខ្ញុំក្រឡេកឃើញគាត់ (កឹម សុខា) ខ្ញុំមានអារម្មណ៍ខឹងគាត់ខ្លាំងណាស់ បានស្ទុះរកកាំបិតបម្រុងទៅចាក់គាត់ ។ តែដោយមានការសម្របសម្រួលពីលោក ចៅ ផល្លី និងមានការសុំទោសពីលោក កឹម សុខា ផងនោះ ពួកខ្ញុំក៏បានស្រុះស្រួលគ្នា នៅថ្ងៃនោះ និងបាននាំគ្នាឡើងទៅសម្រាកនៅសណ្ឋាគារនោះជាមួយគ្នាទៅ ។ នាងបានបញ្ជាក់ទៀតថា អ្វីដែលធ្វើឱ្យនាងអត់ទ្រាំមិនបាន ក៏សម្រេចចិត្ដចេញមុខមកបកស្រាយនោះគឺគាត់ (កឹម សុខា) ឱ្យខ្ញុំចេញទៅរស់នៅតាមខេត្ដរយៈពេលប្រហែលជាង៤ឆ្នាំ ព្រោះខ្លាចគេដឹង ដោយគាត់ទទួលចិញ្ចឹមក្នុងមួយខែ១០០ដុល្លារ ។ ពេលនោះ ខ្ញុំរស់នៅទាំងលំបាកបំផុត ។ រឿងមួយទៀតនោះ គឺនៅពេលដែលនាងមានរបួសបាក់ដៃ នាងបានទូរស័ព្ទទៅលោក កឹម សុខា ឱ្យជួយឧបត្ថម្ភខ្លះ តែគាត់បានលួងលោមឱ្យខ្ញុំទៅខ្ចីលុយគេសិនទៅ ព្រោះពេលនេះគាត់ (កឹម សុខា) មានការរវល់ខ្លាំងណាស់ ។
បច្ចុប្បន្នស្រ្ដីដែលបានអះអាងថា ជាប្រពន្ធចុងរបស់លោក កឹម សុខា កំពុងជួបការលំបាកខ្លាំង ក្រោយពីលោក កឹម សុខា លែងទទួលស្គាល់ឈប់ផ្គត់ផ្គង់ ។ នាងរស់នៅបន្ទប់ជួលដ៏តូចមួយ ខ្វះខាតការហូបចុក និងគ្មានលុយបង់ថ្លៃផ្ទះជួលទៀតទេ ។ ចំណែកលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិបានឱ្យដឹងនៅ រសៀលថ្ងៃទី១១ មិថុនា ថា ចំពោះដំណឹងខាងលើនេះ លោកសុំបដិសេធទាំងស្រុង ។ លោកថា វាជាការបង្ខូច និងគេតាមរករឿងលោកពីរឿងមួយទៅរឿងមួយ ។ លោក កឹម សុខា ប្រកាសថា លោកមិនបានធ្វើអំពើថោកទាបបែបនេះទេ វាសុទ្ធតែជាឆាកដែលគេរៀបចំឡើងបុ៉ណ្ណោះ ។ រឿងមានប្រពន្ធចុងនេះ លោក កឹម សុខា បដិសេធដាច់ណាត់តែម្តង ។
ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយចុះ អ្នកស្រី កែវ សុផាន់ណារី បានផ្ដល់រឿងយ៉ាងលម្អិត ដែលគេពិបាកនឹងគិតថា ស្រ្ដីដ៏សាមញ្ញម្នាក់អាចប្រឌិតរឿងយ៉ាងប៉ិនប្រសព្វបែបនេះឡើយ ។ បើសិនជាអ្វីៗដូចដែលអ្នកស្រីបាននិយាយមែននោះ លោក កឹម សុខា ពិតជាបានក្លាយជាគ្លីនតុននៅកម្ពុជា
ហើយ ។ ប្រមុខដឹកនាំបក្សប្រឆាំង លោក កឹម សុខា បានប្រកាសអំពាវនាវផ្ទាល់មាត់ដល់រាជរដ្ឋាភិបាល ត្រូវចាត់វិធានការជាបន្ទាន់មួយ ដើម្បីទប់ស្កាត់រាល់សកម្មភាពចលនាបាតុកម្មប្រឆាំងរូបលោកនៅពេលលោកចុះទៅចូលរួមវេទិកាជួបសកម្មជនគណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋាន ។ សេចក្ដីអំពាវនាវផ្ទាល់មាត់ដូច្នេះត្រូវប្រកាសឡើងក្នុងសន្និសីទកាសែតនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅផ្លូវត្រឡោកបែក ខាងជើងស្ពានអាកាស៧ មករា ក្នុងខណ្ឌទួលគោក នាព្រឹកថ្ងៃទី១២ មិថុនា ៕
ចែករំលែកព័តមាននេះ