ខេត្តកណ្តាល៖ បុរស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូបុកគ្នាជាមួយរថយន្តកាលពីវេលាម៉ោង៧យប់ថ្ងៃទី១២ មិថុនា ២០១៣ នៅតាមកំណាត់ផ្លូវជាតិលេខ២ មុខផ្សារតាខ្មៅថ្មី ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។
សាក្សីឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរស២នាក់ជិះម៉ូតូម៉ាកស្មាស់ តាមផ្លូវជាតិលេខ២ ផ្លូវបញ្ច្រាសពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុក៍បានបុកគ្នាជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមមួយរំពេចយ៉ាងអាណោចអាធម៌ ។
ជនរងគ្រោះស្លាប់បាត់បង់ជីវិតមិនទាន់ត្រូវគេស្គាល់អត្តសញ្ញាណនៅឡើយ ហើយសពត្រូវបានគេយកទៅតម្កល់នៅមន្ទីរពេទ្យបង្អែកជ័យជម្នះរង់ចាំសាច់ញាតិមកទទួលធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នកបើករថយន្ត ក្រោយពីកើតហេតុដាក់មេប្រូចបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។
ចែករំលែកព័តមាននេះ