ខេត្ដកំពង់ចាម ៖ ឧក្រិដ្ឋជនជាជនជាតិវៀតណាមចំនួន៥នាក់ ក្នុងនោះមានស្រ្ដីម្នាក់ដែលបម្រើការនៅកាស៊ីណូ ហេង ហេង នៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនជាបន្ដបន្ទាប់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១១ មិថុនាពីបទជំរិតទារប្រាក់ចំនួន៥ម៉ឺនដុល្លារ ពីអតីតថៅកែលក់ត្រីនៅខេត្ដសៀមរាបម្នាក់ឈ្មោះ អ៊ឺង វាសនា ហៅមិន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្ដសៀមរាប ។ ចំណាប់ខ្មាំងត្រូវវាយដំលើរាងកាយយ៉ាងចាស់ដៃ សូម្បីតែប្រពន្ធក៏ត្រូវវាយមួយដៃត្រូវពោះ ខណៈនាងមានផ្ទៃពោះ ហើយចូលទៅជួយប្ដីពេលមានការវាយតប់នោះ ជាហេតុបណ្ដាលឱ្យធ្លាក់ឈាមផងដែរ ។
លោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងនគរបាលខេត្ដ ទទួលផែនកណ្ដាលយុត្ដិធម៌ដែលជាមន្ដ្រីនគរបាលល្បីមានស្នាដៃល្អ មានប្រសាសន៍ឱ្យដឹងពីប្រតិបត្ដិការបង្ក្រាបឧក្រិដ្ឋជនចាប់ជំរិតនេះថា នៅវេលាម៉ោង៤រសៀលថ្ងៃទី១១ មិថុនា ស្រ្ដីចំណាស់ម្នាក់ជាម្ដាយរបស់ចំណាប់ខ្មាំងបានប្ដឹងឱ្យជួយអន្ដរាគមន៍រំដោះកូនប្រុសគាត់ ឈ្មោះ មិន ពីកណ្ដាប់ដៃក្រុមឧក្រិដ្ឋជននៅក្នុងកាស៊ីណូនៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ជាប់ព្រំដែនប្រទេសវៀតណាម។ ក្រោយពីបានទទួលបណ្ដឹងនេះភ្លាម រូបលោកបានសុំគោលការណ៍ពីលោកឧត្ដមសេនីយ៍ ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្ដ ដើម្បីមានវិធានការទៅរំដោះអ្នករងគ្រោះនៅក្នុងកាស៊ីណូខាងលើ ។
លោកស្នងការរងមានប្រសាសន៍ថា ស្រ្ដីជាម្ដាយប្ដឹងដោយសារតែបានទទួលដំណឹងពីកូនស្រីដែលទៅជួបប្ដីនោះត្រូវគេចាប់ទាំងពីរនាក់ដើម្បីទារ
លុយ ។ ស្រ្ដីជាប្រពន្ធឈ្មោះ យិន ចាន់ណា អាយុ២៦ឆ្នាំ បានយកលុយបន្ដិចបន្ដួចមកឱ្យក្រុមឧក្រិដ្ឋជននេះនៅល្ងាចថ្ងៃទី១០ មិថុនា ត្រង់ចំណុចកាស៊ីណូដាយមិនស្ដារ ត្រពាំងផ្លុងតាមការកំណត់ដើម្បីដោះលែងប្ដី ។ ក្នុងពេលនោះជនទាំងនេះក៏បានចាប់ស្រ្ដីជាប្រពន្ធធ្វើចំណាប់ខ្មាំងទៀតនៅជាន់ទី៣ជាមួយនឹងប្ដី ហើយត្រូវបានក្រុមនេះចល័តពីបន្ទប់មួយទៅបន្ទប់មួយរហូតដល់បីបន្ទប់ ក្នុងនោះមាន បន្ទប់លេខ៣០៧ លេខ៣០៥ និង៣២៣ ។ បន្ទាប់មក ក្រុមឧក្រិដ្ឋជនបានទូរស័ព្ទទៅម្ដាយចំណាប់ខ្មាំងឱ្យយកលុយឱ្យពួកខ្លួនចំនួន៥ម៉ឺុនដុល្លារ តែដោយមានការតថ្លៃគ្នាក៏ចុះនៅត្រឹម៣ម៉ឺុនដុល្លារ ។
នារសៀលថ្ងៃនោះក៏មានសេចក្ដីរាយការណ៍ជាបន្ទាន់ទៅលោកនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្ដមសេនីយ៍ឯក កង សុខន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនកណ្ដាលយុត្ដិធម៌ ព្រមទាំងជំនាញផ្សេងៗទៀត ហើយបានដាក់កម្លាំងដើម្បីជួយអន្ដរាគមន៍រំដោះចំណាប់ខ្មាំងទាំងពីរនាក់ប្ដីប្រពន្ធដែលកំពុងឃុំទុកនៅក្នុងបន្ទប់កាស៊ីណូ ។ សមត្ថកិច្ចបានប្រើវិធីសាស្រ្ដឱ្យស្រ្ដីចំណាស់ជាម្ដាយទៅដេកនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំធ្វើជាដាក់សេរ៉ូម ហើយក្រុមឧក្រិដ្ឋជនវៀតណាម បានឱ្យស្ដ្រីឈ្មោះ ចាន់ណា មកយកលុយពីម្ដាយនៅមន្ទីរពេទ្យ ដោយជិះរថយន្ដទួរីស ។
ពេលដែលស្ដ្រីរងគ្រោះជាប្រពន្ធមកយកលុយនោះ សមត្ថកិច្ចបានដាក់កម្លាំងតាមគ្រប់ច្រកល្ហកដើម្បីឃ្លាំមើល ដោយទទួលកាបូបយួរពណ៌ខ្មៅមួយពីម្ដាយ ដែលនៅក្នុងនោះមានលុយតែប៉ុន្មានពាន់ដុល្លារប៉ុណ្ណោះ ។ បន្ទាប់មកបានឡើងជិះរថយន្ដត្រឡប់ទៅកាស៊ីណូវិញ ដោយមានសមត្ថកិច្ចតាមពីក្រោយរាយគ្នាបណ្ដាក់ដូចខ្យង ។ ពេលទៅដល់មុខកាស៊ីណូ ក្រុមឧក្រិដ្ឋជនបានឱ្យស្ដ្រីរូបនេះឈរបង្វិលខ្លួន មិនឱ្យឡើងទៅបន្ទប់វិញទេ ។ ពេលនោះក្រុមឧក្រិដ្ឋជនបានណាត់ឱ្យយកលុយទៅប្រគល់នៅត្រង់ចំណុចរង្វង់មូលផ្សារជីមាន់ ដោយស្ដ្រីជាប្រពន្ធជិះរ៉ឺម៉កមូ៉តូ ដែលនៅពេលនោះម៉ោងជាង៧យប់ទៅហើយ ។
ស្របពេលទៅដល់ត្រង់រង្វង់មូលនេះ ស្រ្ដីជាប្រពន្ធចំណាប់ខ្មាំងបានចុះ ហើយឡើងជិះម៉ូតូឌុបទៅមុខទៀត ដោយសារត្រូវណាត់ឱ្យយកលុយទៅមុខសាលាស្រុកពញាក្រែក ហើយក៏មានរថយន្ដតូចមួយគ្រឿងបើកតាមពីក្រោយម៉ូតូឌុបនោះ ។ ក្រោមបញ្ជារបស់លោកស្នងការនគរបាលខេត្ដ ប្រតិបត្ដិការមួយត្រូវធ្វើដោយរួមសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពញាក្រែក ព្រមទាំងកម្លាំងសន្ដិសុខការពារកាស៊ីណូបានចូលទៅរំដោះចំណាប់ខ្មាំងចេញពីបន្ទប់ ថែមទាំងចាប់ឧក្រិដ្ឋជនបាន២នាក់ ជាជនជាតិវៀតណាម ក្នុងនោះមាន ឈ្មោះ ង្វៀង ហូគឿង ភេទប្រុស អាយុ៣៣ឆ្នាំ និងប្រពន្ធឈ្មោះ ចាន់ ធីហេង អាយុ២៣ឆ្នាំ ។ ក្រោយមកចាប់បានឧក្រិដ្ឋជន៣នាក់ទៀត សុទ្ធតែជាជនជាតិវៀតណាមដូចគ្នាមាន ១-ឈ្មោះ ងូ ងុកហ្វូ ភេទប្រុស ២-ឈ្មោះ ងូ ង្វៀងហូ ភេទប្រុស និង៣-ឈ្មោះ ឈិន ស៊ីខេ ភេទប្រុស ។
ឧក្រិដ្ឋជនទាំងបីនាក់ជាអ្នកជិះរថយន្ដតាមស្រ្ដីជាប្រពន្ធចំណាប់ខ្មាំងដើម្បីយកលុយ តែទំនងដឹងថាមិនស្រួល ក៏បានបើករថយន្ដត្រឡប់មកកាស៊ីណូវិញ ហើយក៏ត្រូវចាប់ខ្លួន ។ ជនទាំង៥នាក់ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តទាំងយប់ ។ ចំណាប់ខ្មាំងឈ្មោះ អឹុង វាសនា ហៅមិន ប្រាប់ឱ្យដឹងថា ស្រ្ដីជនជាតិវៀតណាមម្នាក់ដែលធ្លាប់ស្គាល់គ្នាបានណាត់ឱ្យរូបគាត់មកជួបនៅផ្ទះសំណាក់ «ព្រះចន្ទពេញវង់» ក្នុងខេត្ដសៀមរាប នៅយប់ថ្ងៃទី៩ មិថុនា និយាយពីការរកស៊ីឈើគ្រញូង ។ ពេលមកដល់ក្នុងបន្ទប់ បែរជាមានជនជាតិវៀតណាមប្រុសៗ២នាក់ចាប់គាត់វាយដំ ហើយយកក្រណាត់ញ៉ុកមាត់ ថែមទាំងចងដៃផងដែរ ឱ្យឡើងជិះរថយន្ដចេញដំណើរទាំងយប់ ដោយមានកូនកន្ដ្រៃតូចមួយភ្ជង់ជាប់មិនឱ្យស្រែក ។
ពេលនាំមកដល់កាស៊ីណូនៅឃុំត្រពាំងផ្លុង ក្រុមជនជាតិវៀតណាមទាំងនោះចាប់វាយដំធ្វើបាបគាត់យ៉ាងចាស់ដៃ និងនាំគាត់ចេញពីបន្ទប់មួយទៅកាន់បន្ទប់មួយទៀត ។ មិនតែប៉ុណ្ណោះក្រុមជនជាតិវៀតណាមទាំងនោះបានជក់ថ្នាំញៀនរួច ទើបមកវាយរូបគាត់ថែមទាំងបានឱ្យផ្ដិតមេដៃលើលិខិតស្នាមមួយសន្លឹកថា «បានខ្ចីលុយចំនួន៥ម៉ឺុនដុល្លារ» ។ បន្ទាប់មក បានទាក់ទងតាមទូរស័ព្ទទៅប្រពន្ធគាត់នៅឯខេត្ដសៀមរាប ដើម្បីយកលុយឱ្យពួកវា នៅកាស៊ីណូនេះទើបដោះលែង ។ ចំណែកជនសង្ស័យជាឧក្រិដ្ឋជនជនជាតិវៀតណាមទាំង៥នាក់ ឆ្លើយថា ឈ្មោះ មិន បានចូលលេងល្បែងនៅកាស៊ីណូចាញ់អស់លុយ បន្ទាប់មកបានមកខ្ចីលុយពីពួកគេចំនួន៥ម៉ឺុនដុល្លារ ទើបពួកគេធ្វើដូច្នេះ ៕
ចែករំលែកព័តមាននេះ