ខេត្តកំពត ៖ សំណង់ព្រះវិហារថ្មី រួមនឹងសមិទ្ធផលជាច្រើនទៀតក្នុងវត្តក្រាំងដូង ស្ថិតក្នុងឃុំសំរោងក្រោម ស្រុកបន្ទាយមាស ត្រូវបានប្រារព្វពិធីបុណ្យកាត់ឫសសីមា ដាក់ឱ្យប្រើប្រាស់តាមពុទ្ធានុញ្ញាតនៅព្រឹកថ្ងៃទី១២ មិថុនា ក្រោមអធិបតីភាពលោកបណ្ឌិត ទេសរដ្ឋមន្ត្រី ប៉ែន ស៊ីម៉ន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា និងលោកជំទាវ ព្រមទាងបុត្រី និងអ្នកចូលរួមយ៉ាងច្រើនកុះករ ។
លោក ចាន់ ជាលី អភិបាលស្រុកបន្ទាយមាសបានគូសបញ្ជាក់ថា វត្តក្រាំងដូងមានអាយុកាលជាង១៣៩ឆ្នាំមកហើយ ដោយមាននាមដើមថា វត្តអង្គអម្ពរព្រឹក ហើយត្រូវបានខ្ទេចខ្ទីទាំងស្រុកក្នុងរបបប៉ុល ពត ។ ដោយឡែក សំណង់ព្រះវិហារថ្មីដែលប្រារព្វពិធីបុណ្យបញ្ចុះខណ្ឌសីមានៅពេលនេះ ត្រូវបានកសាងឡើងនៅថ្ងៃទី៥ មីនា ឆ្នាំ២០០៩ ហើយរួចរាល់ជាស្ថាពរនៅថ្ងៃទី២៥ ឧសភា ឆ្នាំ២០១៣ ដោយចំណាយទឹកប្រាក់អស់ចំនួន១៤៣.៣៤៣ដុល្លារអាមេរិក ក្នុងនោះថវិកាផ្ទាល់របស់លោកបណ្ឌិត ប៉ែន ស៊ីម៉ន និងលោកជំទាវ ព្រមទាំងបុត្រី បានចូលជាបច្ច័យចំនួន៤៥.០០០ដុល្លារអាមេរិក ។
ឮមានប្រសាសន៍សំណេះសំណាលជាមួយពុទ្ធបរិស័ទទាំងអស់ លោកបណ្ឌិត ប៉ែន ស៊ីម៉ន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសប្បុរសជនជិតឆ្ងាយ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនរួមចំណែកកសាងសមិទ្ធផលនេះឡើងទុកជាប្រយោជន៍សម្រាប់ព្រះសង្ឃធ្វើសង្ឃកម្មតទៅ ។ លោកបណ្ឌិតបានលើកឡើងពីប្រវត្តិ និងអនិសង្ឃនៃពិធីបុណ្យកាត់ឫសសីមា ព្រមទាំងលើកឡើងពីការរីកចម្រើននៃវិស័យសាសនានៅកម្ពុជា ដែលបានកើតឡើងតំណាលគ្នាចាប់ពីក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ន កម្ពុជាពុំមានជម្លោះសាសនាដូចប្រទេសដទៃឡើយ ។
លោកបណ្ឌិតបានពាំនាំ ការសាកសួរសុខទុក្ខពីសម្តេចអគ្គមហាទាំងបី មានសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់ការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនាត្រូវបានលើកកម្ពស់។ លោកបណ្ឌិត បានបញ្ជាក់ថា នៅថ្ងៃទី២៨ កក្កដា ឆ្នាំ២០១៣ខាងមុខ សូមប្រជាពលរដ្ឋ ពុទ្ធបរិស័ទទាំងអស់ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ស្ថិតនៅលេខរៀងទី៤ ឱ្យបានគ្រប់ៗគ្នា ដើម្បីសម្តែងមតិគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី៥ និងអាណត្តិក្រោយៗទៀត ។ ជាបន្តលោកបណ្ឌិត បានបំពាក់មេដាយជូនសប្បុរសជន ប្រគេនបច្ច័យសម្រាប់ទិសសីមាឥន្ទ្រកិល២០លានរៀល និងសីមាទិសទាំង៨ ក្នុង១ទិសៗ៥០ម៉ឺនរៀល ។
លោកសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងគ្រូចូលនិវត្តន៍ចំនួន៨២នាក់ ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀល។ សិស្សអនុវិទ្យាល័យសំរោង ២៥០នាក់ ក្នុងម្នាក់ៗសៀវភៅ២ក្បាល ប៊ិក១ដើម ប្រាក់៥ពាន់រៀល ។ សិស្សបឋមសិក្សាក្រាំងដូង ២៨៥នាក់ ក្នុងម្នាក់ៗសៀវភៅ២ក្បាល ប៊ិក១ដើម ប្រាក់៣ពាន់រៀល ។ ក្រុមកាយឫទ្ធិ ក្រុមកាកបាទក្រហមកម្ពុជា និងក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកសរុបចំនួន១១២នាក់ ម្នាក់ៗប្រាក់១ម៉ឺនរៀល ។ តាជី៥០នាក់ ម្នាក់ៗខោអាវ១កំប្លេរ ប្រាក់១ម៉ឺនរៀល ។ យាយជី៥០នាក់ ម្នាក់ៗ សំពត់អាវ១កំប្លេរ កន្សែងពានា១ ប្រាក់១ម៉ឺនរៀល ។ កម្លាំងការពារបុណ្យ៩០នាក់ ម្នាក់ៗប្រាក់២ម៉ឺនរៀល ព្រមទាំងប្រកាសប្រគល់តាមសំណូមពរជាច្រើនរបស់ព្រះសង្ឃ គណៈកម្មាធិការទ្រទ្រង់សាលា និងប្រជាពលរដ្ឋមូលដ្ឋានរួមមាន ផ្តល់ជូនវត្តអង្គក្តីចាស់៥លានរៀល។ សាលាបឋមសិក្សាព្រៃស្វាយ៥លានរៀល ។
វត្តអង្គចំប៉ី១២លានរៀល ។ ជូនអនុវិទ្យាល័យទូកមាសព្រៃទន្លេ អគារសិក្សា១ខ្នង មាន៥បន្ទប់ កុំព្យូទ័រ១គ្រឿង ម៉ាស៊ីនព្រីនធ័រ១គ្រឿង ។ អនុវិទ្យាល័យសំរោង ជូនអគារសិក្សា១ខ្នង មាន២បន្ទប់ កុំព្យូទ័រ២គ្រឿង ម៉ាស៊ីនព្រីនធ័រ១គ្រឿង ។ កម្រងសាលាព្រៃក្រឡា ជូនកុំព្យូទ័រ២គ្រឿង ម៉ាស៊ីនព្រីនធ័រ១គ្រឿង ។ អនុវិទ្យាល័យត្រពាំងសាលា ជូនអគារទីចាត់ការ១ខ្នង មាន២បន្ទប់ ។ សាលាបឋមសិក្សាក្រាំងដូង ជូនអគារចាត់ការ១ខ្នង មាន៣បន្ទប់ កុំព្យូទ័រ២គ្រឿង ម៉ាស៊ីនព្រីនធ័រ១គ្រឿង ។
ជូនសាលាបឋមសិក្សាបន្ទាយមាសព្រៃទន្លេ អគារសិក្សា១ខ្នង មាន៥បន្ទប់ ។ ប្រគេនបច្ច័យវត្តសុពណ៌៥លានរៀល វត្តព្រៃក្រឡា២០លានរៀល វត្តគាថាវង្ស២លានរៀល និងវត្តសែនពន្លូង២០លានរៀល។ នេះគឺជាវត្តទី៥២ហើយ ដែលលោកបណ្ឌិត ប៉ែន ស៊ីម៉ន និងលោកជំទាវបានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមានៅទូទាំងខេត្តកំពត ក្នុងរយៈពេលជិត១០ឆ្នាំកន្លងមកនេះ ៕
ចែករំលែកព័តមាននេះ