ខេត្តស្វាយរៀង ៖ លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ដែលជាប់ពាក់ព័ន្ធនឹងការបាញ់ទៅលើកម្មករ-កម្មការិនីបណ្តាលឱ្យរងរបួសធ្ងន់ កាលពីថ្ងៃទី២០ កុម្ភៈ ២០១២ នោះ ពុំឃើញមានវត្តមានចូលរួមក្នុងសវនាការទេ នាថ្ងៃទី១២ មិថុនា នៅសាលសវនាការសាលាដំបូងខេត្ត គឺឃើញតែមេធាវី៣រូប មកចូលសវនាការ ។
ក៏ប៉ុន្តែ២០នាទីក្រោយមកក៏នាំគ្នាឡើងរថយន្តចេញទៅវិញអស់ នៅតែកម្មការិនីរងគ្រោះ៣នាក់ គឺកញ្ញា កែវ នា កញ្ញា ប៊ុន ចិន្តា និងអ្នកស្រី នុត សាខន និងមេធាវី ។ នៅក្នុងឱកាសនោះដែរ ក៏ឃើញវត្តមានលោក សរ ចន្ថា អធិការរងនគរបាលក្រុងបាវិតទទួលបន្ទុកព្រហ្មទណ្ឌដែលជាជនត្រូវចោទថា សង្ស័យបាញ់ប្រហារទៅលើកម្មការិនីទាំង៣នាក់ឱ្យរងរបួស និងសាក្សីជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល និងអធិការក្រុងបាវិតដែលមកចូលរួមក្នុងសវនាការ ។
តាមមន្ត្រីសាលាដំបូងមួយរូបមិនបញ្ចេញឈ្មោះប្រាប់ឱ្យដឹងថា សវនាការនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺថ្ងៃទី១២,១៣ និង១៤ មិថុនា ។ ចំពោះលោក ឈូក បណ្ឌិត សមត្ថកិច្ចបានយកដីកាកោះហៅឱ្យមកចូលបំភ្លឺក្នុងសវនាការនេះ តែលោកឈូក បណ្ឌិតពុំព្រមទទួលដីកាកោះហៅរបស់សាលាដំបូងខេត្តស្វាយរៀងទេ ។ មេធាវីការពារក្តី លោក ឈូក បណ្ឌិត ប្រាប់ថា រយៈពេលកោះហៅខ្លីពេក និងក្នុងបញ្ជីវត្តមាន ដាក់ជាសាក្សី ដូច្នេះសុំឱ្យក្រុមប្រឹក្សាចៅក្រមពន្យារពេលតាមនីតិវិធីទៅមុខទៀត ប៉ុន្តែលោកចៅក្រមមិនអនុញ្ញាតទេ ត្រូវតែបើកសវនាការ ។
ក្រោយពីការប៉ុនប៉ងសុំឱ្យមានការពន្យារពេលមិនបានសម្រេច លោកមេធាវីការពារក្តី លោក ឈូក បណ្ឌិត ក៏បានដាក់ឯកសារសន្និដ្ឋានជូនលោកចៅក្រម រួចនាំគ្នាចេញពីបន្ទប់សវនាការ ឡើងជិះរថយន្តចេញទៅបាត់យ៉ាងប្រញាប់ប្រញាល់ ។ ចំពោះក្រុមប្រឹក្សាជំនុំជម្រះបានបន្តនីតិិវិធីសវនាការដោយសាកសួរលោក សរ ចន្ថា ដែលជាជនត្រូវចោទ រួចបន្តសាកសួរ អ្នកស្រី នុត សាខន កញ្ញា កែវ នា និងកញ្ញា ប៊ុន ចិន្តា ។
អ្វីដែលធ្វើឱ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ អន្ទះសាចង់ដឹង នៅវេលារសៀលនៃសវនាការ គឺការសាកសួរសាក្សីសំខាន់ជាមន្ត្រីនគរបាលម្នាក់ដែលបានបំភ្លឺនៅសាលាឧទ្ធរណ៍ថា លោក ឈូក បណ្ឌិត ជាអ្នកបាញ់មិនដឹងថា ពេលនេះហា៊នឆ្លើយដូចជាសាលាឧទ្ធរណ៍ទៀតដែរឬទេ។ អ្វីដែលធ្វើឱ្យមានការភ្ញាក់ផ្អើលដែរនោះ គឺលោក ឈូក បណ្ឌិត ត្រូវបានដាក់ក្នុងបញ្ជីវត្តមានថា ជាសាក្សី ។ ឯលោក សរ ចន្ថា ក្លាយទៅជាជនត្រូវចោទទៅវិញ ៕
ចែករំលែកព័តមាននេះ