រដ្ឋាភិបាលក្រិកបានប្រកាស ហើយអនុវត្តភ្លាមៗកាលពីថ្ងៃទី១១ មិថុនា នូវការបិទទូរទស្សន៍រដ្ឋ ERT ព្រោះតែបុគ្គលិករបស់ទូរទស្សន៍នេះចូលរួមធ្វើកូដកម្មប្រឆាំងជាមួយបណ្តាសហជីពក្រោមការគាបសង្កត់របស់បណ្តាអ្នកជួយមូលនិធិអន្តរជាតិ ។យោងតាមប្រភពសហជីពមួយថា កាលពីវេលាម៉ោង២៣ម៉ោងក្នុងស្រុក ទូរទស្សន៍ ERT បានបញ្ឈប់ការផ្សាយ ដោយប៉ូលិសបានបំផ្លាញប៉ុស្តិ៍ផ្សាយសំខាន់ស្ថិតនៅជិតក្រុងអាថែន ។
ការបិទទ្វារទូរទស្សន៍នេះញ៉ាំងឱ្យមានការកាច់ផ្តាច់សាមគ្គីភាពរបស់រដ្ឋាភិបាលចម្រុះដឹកនាំដោយនាយករដ្ឋមន្ត្រីអភិរក្សនិយមលោក អាននូនីស សាម៉ារ៉ាស់ ដោយគណបក្ស៣ ក្នុងរដ្ឋាភិបាលចម្រុះមិនយល់ស្របតាមការបិទទូរទស្សន៍នោះ ហើយប្រកាសថា នឹងបោះឆ្នោតប្រឆាំងវិធានការនោះពេលសេចក្តីសម្រេចចិត្តនេះដាក់ជូនសភាអនុម័តសម្រាប់ទទួលសុពលភាព ។
សេចក្តីប្រកាសបិទទូរទស្សន៍នេះត្រូវបានធ្វើនាវេលារសៀលដោយអ្នកនាំពាក្យរបស់រដ្ឋាភិបាលលោក SIMOS KEDI KOGLOU។ អ្នកនាំពាក្យរូបនោះថ្លែងប្រាប់សារព័ត៌មានថា ការផ្សាយរបស់ទូរទស្សន៍ ERT ត្រូវបញ្ឈប់កម្មវិធីរបស់ខ្លួននាយប់នេះ ។ ERT មានករណីពិសេសមួយនៃអវត្តមានតម្លាភាព និងចំណាយច្រើនបំផុត ។ រឿងអស់ទាំងនោះត្រូវបញ្ចប់នាពេលនេះ ។
អ្នកនាំពាក្យរូបនោះអះអាងទៀតថា សេវាកម្មសាធារណៈនេះបង្កើនការធ្វើកូដកម្មរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដើម្បីប្រឆាំងនឹងការកែប្រែរចនាសម្ព័ន្ធទាំងឡាយរបស់រដ្ឋាភិបាល ហើយដំណើរការក្រោមរូបភាពមួយផ្សេងទៀតជាមួយនឹងការកាត់បន្ថយប្រាក់បៀវត្ស ។ អ្នកនាំពាក្យបន្តថា បុគ្គលិកបច្ចុប្បន្នទាំងអស់របស់ ERT ដែលមាន២.៦៥៦នាក់នឹងទទួលបានការប៉ះប៉ូវ ហើយនឹងអនុញ្ញាតឱ្យទៅធ្វើការងារក្នុងកន្លែងផ្សេង ៕
ចែករំលែកព័តមាននេះ