ស្រវឹងស្រាបើករថយន្តបុករបាំងពុះចែកទ្រូងផ្លូវ ហើយខឹងអ្នកសារព័ត៌មានថតរូបភាព
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ចេញពីផឹកស៊ីវិញស្រវឹងទោទន់ បានបើករថយន្តរេចង្កូតជ្រុលទៅបុក ក្បាលនាគពុះចែកផ្លូវបាក់អស់មួយកង់ ពេលសមត្ថកិច្ច និងអ្នកពត៌មានទៅដល់រូបគាត់ បានប្រកែកថា មិនបានបុកទេ ថែមទាំងខឹងសម្បារអ្នកព័ត៌មាន…
តាមសម្តីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់វ័យ៥០ឆ្នាំម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា បានបើករថយន្តម៉ាក តូយ៉ូតា តាកូម៉ា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-1410 ធ្វើដំណើរតាមផ្លូវព្រះនរោត្តម ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ដោយសារតែអ្នកបើកបរស្រវឹងខ្លាំងពេក ទើបធ្វើឲ្យរថយន្តរេចង្កូត ជ្រុលទៅបុកនឹងក្បាលនាគពុះចែកផ្លូវពេញទំហឹង បណ្តាលខ្ទាតចេញអស់មួយកង់។ ចំណែករថយន្តវិញរងការខូចខាតបែកកង់មុខចំហៀងខាងឆ្វេង ភ្លាមៗនោះដែរអ្នកបើកបរមិនព្រមឈប់នៅនឹងកន្លែងកើតហេតុនោះទេ គឺព្យាយាមបើករត់គេចពីកន្លែង កើតហេតុ១០០ម៉ែត្រ ក៏បានអែបកៀនផ្លូវដេកលក់លើរថយន្តយ៉ាងរំភើយតែម្តង។
បន្តិចក្រោយដំណឹងនេះបានឮដល់សមត្ថកិច្ច និងអ្នកសារព័ត័មានចុះទៅកន្លែងកើតហេតុ រួចហើយហៅបុរសនោះសួរនាំ តែបុរសរូបនោះប្រកែកថារូបគាត់មិនបានបើករថយន្តបុកទ្រូងផ្លូវនោះទេ ព្រមទាំងខឹងសម្បារ ជេរអ្នកសារព័ត័មាន ដែរថតរូបគាត់ផងដែរ។ ក្រោយពេលកើតហេតុសមត្ថកិច្ច ចរាចរណ៍ជំនាញក្រុង បានចុះទៅដល់កន្លែងកើតហេតុ រួចហើយក៏បានឃាត់ខ្លួនបុរសជាអ្នកបើកបរ ព្រមទាំងយករថយន្តបង្កទៅរក្សាទុកនៅការរិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយ៕

ចែករំលែកព័តមាននេះ