នាយករដ្ឋមន្ត្រីតួកគីលោកវីសេប តៃយីបអ័រដូហ្គាន បានប្រើកម្លាំងកាលពីថ្ងៃទី១១ មិថុនា ប្រឆាំងពួកបាតុករដែលទាមទារឱ្យលោកលាលែងចេញពីតំណែង ដោយឱ្យកងកម្លាំងប៉ូលិសបំបែកពួកគេ២លើកនៅទីលាន តាក់ស៊ីម ក្រុងអីុស្តង់ប៊ុល ហើយដោយរុញច្រានជាមួយកម្លាំងនូវពួកបាតុករឯទីក្រុងអង់ការ៉ា មុនពេលលោកជួបជាមួយបណ្តាតំណាងបាតុកម្ម ។
បូ៉លិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងបាញ់ទឹកលើពួកបាតុករជាច្រើនពាន់នាក់ ដែលប្រមូលផ្តុំគ្នានៅក្រុងអង់ការ៉ា កាលពីយប់ថ្ងៃទី១១ មកទី១២ មិថុនា ។ អន្តរាគមន៍របស់កងកម្លាំងប៉ូលិសគឺនៅមហាវិថីមួយនាកណ្តាលក្រុងប្រឆាំងហ្វូងមនុស្ស៥.០០០នាក់ ដែលស្រែកពាក្យថារដ្ឋាភិបាលត្រូវចាកចេញ ។
សម្រេចយ៉ាងម៉ឺងម៉ាត់បញ្ចប់បាតុកម្មខ្លាំងក្លាបែបនេះ ពុំធ្លាប់មានពីមុនចាប់តាំងពីលោកឡើងកាន់អំណាចពីឆ្នាំ២០០២មក លោកអ័រដូហ្គានអះអាងថា រដ្ឋាភិបាលរបស់លោកនឹងលែងមានការអត់ឱនណាមួយទៀតហើយចំពោះពួកអ្នកតវ៉ា ។នៅមុខបណ្តាសមាជិកសភា នៃគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍AKP របស់លោកនាយករដ្ឋមន្ត្រីតួកគីថ្លែងថា ខ្ញុំសូមផ្ញើសារដល់ពួកអ្នកដែលចង់បន្តព្រឹត្តិការណ៍ទាំងនេះ និងដែលចង់បន្តសាបព្រោះវិបត្តិភ័យថា រឿងនេះឥឡូវត្រូវតែបញ្ចប់ ។ យើងនឹងលែងមានការអត់ឱនទៀតហើយ ។
នាវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១១ មិថុនា កងកម្លាំងប៉ូលិសដណ្តើមកាន់កាប់ត្រួតត្រាទីលានតាក់ស៊ីមជាកន្លែងចាប់ផ្តើមប្រមូលផ្តុំមនុស្សធ្វើបាតុកម្មពីថ្ងៃទី៣១ ឧសភា មក ហើយរុញច្រានពួកបាតុករជាច្រើនរយនាក់ដែលដេកនៅទីនោះនាពេលយប់តាមរយៈការបាញ់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក ឬបាញ់គ្រាប់កៅស៊ូនិងដោយប្រើប្រាស់កាណុងបាញ់ទឹក ។ របាំងទាំងឡាយដែលដាក់រាំងផ្លូវចូលទីលាននោះត្រូវបានបំផ្លាញចោលដោយឆាប់រហ័ស រួចរាល់បដាប្រឆាំងរដ្ឋាភិបាលត្រូវទាញប្រមូលអស់ ។
ពេញ១ថ្ងៃមានការប៉ះទង្គិចគ្នានានារវាងប៉ូលិសនិងបណ្តាក្រុមយុវជនដែលគប់ដុំថ្ម និងដបសាំងដុត ។ នាវេលាល្ងាច ទីបំផុតប៉ូលិសបានដកថយនៅមុខអគារមួយស្ថិតនៅក្បែរទីលានតាក់ស៊ីម ញាំុងឱ្យពួកបាតុករជាច្រើនសិបពាន់នាក់ លើកគ្នាមកកាន់ទីលាននោះជាថ្មី ។ ប៉ុន្តែ១ម៉ោងក្រោយមកប៉ូលិសបានលើកមកបង្ក្រាបហ្វូងបាតុករជាថ្មីបណ្តាលឱ្យមានការជ្រួលច្របល់ និងបណ្តាលឱ្យមនុស្សជាច្រើននាក់ត្រូវរបួស ក្នុងចំណោមពួកអ្នកតវ៉ា ។
ម្យ៉ាងវិញទៀត ប៉ូលិសបានចាប់ខ្លួនមនុស្សជាច្រើនសិបនាក់ក្នុងនោះមានមេធាវី៧៣នាក់ ដែលបរិហារអន្តរាគមន៍របស់ប៉ូលិស ។
ដោយជឿជាក់លើការគាំទ្រ របស់ពលរដ្ឋតួកគីភាគច្រើន លោកនាយករដ្ឋមន្ត្រីបានប្រកាន់ឥរិយាបថម៉ឺងម៉ាត់បំផុតមួយពុំធ្លាប់មានតាំងពីចាប់ផ្តើមវិបត្តិមកដោយស្នើដល់ពួកអ្នកតវ៉ាឱ្យរង់ចាំការតទល់គ្នាក្នុងឱកាសនៃការបោះឆ្នោតក្រុមប្រឹក្សាក្រុង នាឆ្នាំ២០១៤ ខាងមុខនេះដើម្បីសម្តែងពីការមិនសប្បាយចិត្តរបស់ពួកគេ ។ កាលពីឆ្នាំ២០១១ គណបក្សAKP ដណ្តើមបានសំឡេងឆ្នោតដល់ទៅ៥០% ។
ចំពោះជំហរម៉ឺងម៉ាត់របស់លោកអ័រដូហ្គានញុំាងឱ្យមានការរិះគន់ជាច្រើនលើពិភពលោក ពិសេសពីសំណាក់សម្ព័ន្ធមិត្តអាមេរិក ឬសហភាពអឺរ៉ុប ដែលបរិហារពីការប្រើកម្លាំងជ្រុលខ្លាំងពេករបស់ប៉ូលិសតួកគី ។
សហជីពក្រុមគ្រូ ពេទ្យតួកគីប្រកាសកាលពីថ្ងៃទី១១ មិថុនា ពីការស្លាប់មនុស្សទី៤ដែលត្រូវរបួសធ្ងន់កាលពីប៉ុន្មានថ្ងៃមុននេះនៅក្រុងអង់ការ៉ា តាំងពីចាប់ផ្តើមបាតុកម្មមក ។ ក្រៅពីមនុស្ស៤នាក់ស្លាប់ក្នុងនោះមានបាតុករ៣នាក់ និងប៉ូលិសម្នាក់ មនុស្សជិត៥.០០០នាក់ត្រូវរបួសក្នុងនោះជាច្រើននាក់របួសធ្ងន់ ៕
ចែករំលែកព័តមាននេះ