រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យចែកចាយគ្រឿងញៀនម្នាក់នៅចំណុចកែងផ្លូវលេខ៥ និងលេខ១៥៤ ស្ថិតក្នុងភូមិទី៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ កាលពីវេលាម៉ោង២និង១៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១២ មិថុនា និងដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២៧កញ្ចប់តូច ។
មន្ត្រីនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌដូនពេញបានឱ្យដឹងថា ជនសង្ស័យដែលត្រូវនគរបាលឃាត់ខ្លួនមានឈ្មោះ អៀម អុិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ម្តុំរង្វង់មូលចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ សមត្ថកិច្ចប៉ូលិសបានឱ្យដឹងថា មុនពេលឈានទៅដល់ការឃាត់ខ្លួន សមត្ថកិច្ចបានទទួលព័ត៌មានថា មានជនសង្ស័យកំពុងជួញដូរគ្រឿងញៀននៅចំណុចខាងលើ ។
បន្ទាប់ពីបានព័ត៌មាននេះភ្លាម ប៉ូលិសក៏បានដាក់កម្លាំងឃ្លាំមើល ហើយប្រទះឃើញជនសង្ស័យឈ្មោះ អៀម អុិប កំពុងឈរងាកឆ្វេងស្តាំ និងបានបោះកញ្ចប់បារីម៉ាកហ្វីនចោលទៅក្នុងធុងសំរាមក្បែរនោះ ។ ភ្លាមៗនោះសមត្ថកិច្ចជំនាញក៏បានយកកញ្ចប់បារីមកពិនិត្យឃើញមានគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន២៧កញ្ចប់តូច ។
ជនសង្ស័យឈ្មោះ អៀម អុិន មិនបានសារភាពពីសកម្មភាពរបស់ខ្លួនក្នុងការជួញដូរគ្រឿងញៀននោះទេ ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចជំនាញនៅតែរកភស្តុតាងឃើញដដែល ។ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនសង្ស័យរូបនេះគឺជាមុខសញ្ញាចាស់ ធ្លាប់ធ្វើសកម្មភាពជួញដូរគ្រឿងញៀនជាច្រើនលើកមកហើយ ។បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមការចោទប្រកាន់ពីបទ «ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន» ៕
ចែករំលែកព័តមាននេះ