ខេត្តកណ្តាល ៖ មនុស្សប្រុសស្រីចំនួន១៦នាក់បានស្លាប់ និង២៧នាក់ទៀតរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍២២លើក រយៈពេលមួយខែនៅទូទាំងខេត្តកណ្តាល ។ នេះបើយោងតាមរបាយការណ៍បូកសរុបប្រចាំខែមិថុនា នៃការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត គិតចាប់ពីថ្ងៃទី១១ ឧសភា ដល់ថ្ងៃទី១០ មិថុនា ឆ្នាំ២០១៣ ។
ក្នុងរបាយការណ៍ដដែលបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍២២លើក បណ្តាលឱ្យមនុស្សស្លាប់១៦នាក់ (ស្រី២នាក់) របួសធ្ងន់១៦នាក់ (ស្រី៤នាក់) របួសស្រាល១១នាក់ (ស្រី១នាក់) សរុបទាំងស្លាប់ និងរបួស៤៣នាក់ ។ គ្រោះថ្នាក់បង្កឱ្យខូចខាតរថយន្ត៥គ្រឿង ម៉ូតូ២៣គ្រឿង ។ ករណីគ្រោះថ្នាក់ចរាចរណ៍ទាំង២២លើក កើតមាននៅ ក្រុងតាខ្មៅ៦លើក ស្រុកកៀនស្វាយ៣លើក ស្រុកកោះធំ១លើក ស្រុកខ្សាច់កណ្តាល២លើក ស្រុកលើកដែក១លើក ស្រុកមុខកំពូល១លើក ស្រុកអង្គស្នួល១លើក ស្រុកពញាឮ១លើក និងនៅតាមបណ្តាស្រុកមួយចំនួនទៀត ។ កត្តាបង្កឱ្យកើតមានគ្រោះថ្នាក់ គឺបើកបរមិនប្រកាន់ស្តាំ៣លើក បើកបរហួសល្បឿនកំណត់៦លើក បើកបរជែងគ្រោះថ្នាក់២លើក បើកបរមានជាតិស្រវឹង៣លើក និងបើកបរមិនគោរពសិទ្ធិអាទិភាព៨លើក ។
ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលមួយខែ (ខែមិថុនា) កើតមានចំនួន២២លើក បើប្រៀបធៀបនឹងខែឧសភា ក្នុងរយៈពេលដូចគ្នាមានចំនួន១៥លើក បណ្តាលឱ្យមនុស្សស្លាប់៧នាក់ រងរបួសធ្ងន់ស្រាល៣១នាក់ និងខូចខាតមធ្យោបាយធ្វើដំណើរសរុប២៧គ្រឿង ។
តាមរបាយការណ៍ខាងលើឃើញថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកណ្តាលមានការកើនឡើងគួរឱ្យព្រួយបារម្ភ ដូចនេះសូមអ្នកបើកបរយានយន្តគ្រប់ប្រភេទមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីបញ្ចៀសគ្រោះថ្នាក់ ដែលកើតមានជាយថាហេតុ គឺត្រូវពាក់មួកសុវត្ថិភាពក្នុងពេលបើកម៉ូតូ ត្រូវពាក់ខ្សែក្រវាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត កុំបើកបរពេលស្រវឹង កុំបើកលើសល្បឿនជាដើម ៕
ចែករំលែកព័តមាននេះ