ខេត្តព្រះសីហនុ ៖ បុរសជាកម្មករសំណង់ម្នាក់បានស្លាប់ ខណៈពេលរូបគេដេកយាមតូបលក់ឥវ៉ាន់ឱ្យមេការសំណង់របស់ខ្លួន ហើយបង្កឱ្យមានការភ្ញាក់ផ្អើលនាវេលាម៉ោង៦ និង៤៥នាទីព្រឹក ថ្ងៃទី១២ មិថុនា ២០១៣ នៅចំណុចផ្ទះជួលស្ថិតក្នុងក្រុមទី២០ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ។
តាមការឱ្យដឹងពីលោកអនុសេនីយ៍ទោ សុខន ស៊ីមន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់លេខ៤បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់នេះឈ្មោះព្រុំ រតនា អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ចំណែកម្ចាស់តូបជាមេការសំណង់ឈ្មោះលី សារ៉ុន អាយុ៣២ឆ្នាំ មានស្រុកកំណើតនៅភូមិឡទឹកត្រី ឃុំកំពង់ឆ្នាំង ស្រុកកំពង់ឆ្នាំង ។
តាមការអះអាងពីលោកវេជ្ជបណ្ឌិតសែជូ សិទ្ឋិជោតិ អនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុទទួលបន្ទុកពិនិត្យសពបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ព្រោះបន្ទប់ដែលជនរងគ្រោះដេកនោះតូចចង្អៀត ពុំមានខ្យល់ចេញ-ចូលគ្រប់គ្រាន់ ហើយគួបផ្សំនឹងជនរងគ្រោះធ្វើការហត់ពីថ្ងៃផង។ ជនរងគ្រោះស្លាប់ក្នុងចន្លោះពីម៉ោង១២ទៅម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១២ មិថុនា ២០១៣ ៕
ចែករំលែកព័តមាននេះ