ខេត្តពោធិ៍សាត់ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកណ្តាលអធ្រាត្រ បណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល ។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី១២ មិថុនា លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិសារវន្ត ឃុំស្នាអន្សារ ស្រុកក្រគរ ។
ប្រភពពីមន្ត្រីប៉ូលិសស្រុកក្រគរឱ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាកកាមរីឆ្លាម ពណ៌ស្លែ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ហាន សែនចំរុង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រែកជីក ឃុំសោម ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។ ឯរថយន្តក្រុងដឹកអ្នកដំណើរ ពណ៌ទឹកប៊ិកឆ្នូតក្រហម ពាក់ស្លាកលេខ បាត់ដំបង 3A-1195 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ គេចខ្លួន បាត់ ។ តាមប្រភពព័ត៌មានឱ្យដឹងថា នៅយប់នោះ រថយន្តកាមរីឆ្លាម ជិះគ្នា៣នាក់ ក្នុងទិសដៅពីលិចទៅកើត ឯរថយន្តក្រុងបើកពីកើតទៅលិច បញ្ច្រាសទិសគ្នា លុះដល់ចំណុចកើតហេតុ ទំនងជាអ្នកបើកបររថយន្តកាមរីឆ្លាមងងុយដេក ឬក៏ចាំងភ្លើងហ្វារថយន្តក្រុង ទើបរេចង្កូតទៅខាងឆ្វេងបុកជាមួយរថយន្តក្រុងក្រឡាប់២-៣ត្រឡប់ បណ្តាលឱ្យរថយន្តខូចខ្ទេចខ្ទី មើលលែងយល់កៀបស្លាប់អ្នកបើកបរម្នាក់ និង២នាក់ទៀតរួមដំណើរជាមួយរបួសស្រាល ។
ចំណែករថយន្តក្រុងខ្ទាតចេញពីផ្លូវធ្លាក់ទៅបុកបង្គោលខ្សែកាបបាក់អស់មួយដើម ក្រឡុកអ្នកជិះក្នុងរថយន្តឱ្យរងរបួស៣នាក់ផងដែរ ។ ក្រោយពេលកើតហេតុ ប៉ូលិសចុះទៅអន្តរាគមន៍បញ្ជូនអ្នករងរបួសទៅមន្ទីរពេទ្យ ឯសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែក រថយន្តស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រគរ រង់ចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ