ខេត្ដកណ្ដាល ៖ យុវជនម្នាក់បោះពួយម៉ូតូលឿនដូចហោះ ដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿនក៏ជ្រុលឡើងលើខឿនសួនច្បារ បណ្ដាលឱ្យដួលច្រងាប់ច្រងិលសន្លប់ឈឹង ត្រូវបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១១ មិថុនា នៅផ្លូវលេខ២១ ចំណុចផ្លូវកោងមាត់ទន្លេ ភូមិតាខ្មៅ សង្កាត់-ក្រុងតាខ្មៅ ។ យុវជនរងគ្រោះឈ្មោះ មាន ចាន់ធី អាយុ១៩ឆ្នាំ មានលំនៅភូមិព្រែកសំរោង សង្កាត់-តាខ្មៅ បើកម៉ូតូម៉ាកដឺលុច សេ៊រីចាស់ ពណ៌ខៀវ ។
សាក្សីនិយាយថា មុនពេលកើតហេតុ យុវជនរងគ្រោះបើកម៉ូតូតាមផ្លូវលេខ២១ ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿនដូចហោះ ពេលទៅដល់ចំណុចកើតហេតុ ជាកន្លែងផ្លូវកោងម៉ូតូមិនបន្ថយល្បឿន ក៏ជ្រុលឡើងលើខឿនសួនច្បារដួលច្រងាប់ច្រងិលតែម្នាក់ឯង រងរបួសរលាត់ផ្ទៃមុខមាត់ និងដៃជើងសន្លប់ឈឹង ។ ភ្លាមៗប៉ូលិសចរាចរបានទៅដល់កន្លែងកើតហេតុ និងបញ្ជូនយុវជននោះទៅសង្គ្រោះនៅគ្លីនិកមួយនៅក្រុងតាខ្មៅ និងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ៕
ចែករំលែកព័តមាននេះ