យ៉ាងហោចណាស់មានអ្នកដំណើររងរបួស៤២នាក់ ក្នុងឧប្បត្ដិហេតុក្រឡាប់រថយន្ដក្រុងនៅលើដងផ្លូវលេខ៣០៤ ចន្លោះគីឡូម៉ែត្រលេខ៦៩-៧០ ក្នុងស្រុកស៊ីមហាពោធិ៍ ខេត្ដប្រាជីនបុរី ប្រទេសថៃ កាលពីថ្ងៃទី៩ មិថុនាកន្លងទៅ ។ កាសែតថៃផ្សាយថា ប៉ូលិសស្រុកស៊ីមហាពោធិ៍ទទួលព័ត៌មានថា មានរថយន្ដក្រុងក្រឡាប់ ក៏នាំកម្លាំងចម្រុះទៅចំណុចកើតហេតុ ប្រទះឃើញរថយន្ដក្រុងប្រភេទទេសចរណ៍មួយគ្រឿង ពាក់ស្លាកលេខ១០-៦៨២០ ខេត្ដរាជសីមា ក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយក្បែរផ្លូវ បណ្ដាលឱ្យអ្នកដំណើរ៤២នាក់រងរបួស ។
ក្រុមជួយសង្គ្រោះកំពុងមមាញឹកជួយជនរងគ្រោះ និងបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។ តាមការសាកសួររបស់សមត្ថកិច្ចជំនាញឱ្យដឹងថា រថយន្ដក្រុងនោះចេញដំណើរពីប៉ាតាយ៉ា កាលពីល្ងាចថ្ងៃ៩ មិថុនា ឆ្ពោះទៅខេត្ដអ៊ូប៊ុលរាជធានី ។ លុះពេលទៅដល់ស្រុកស៊ីមហាពោធិ៍មានភ្លៀងធ្លាក់ខ្លាំង ហើយបានឈប់ភ្លើងសស្ដុបត្រង់ផ្លូវបំបែកជា៣ ទន្ទឹមនឹងរថយន្ដសណ្ដោងធុនធំ លុះនៅពេលភ្លើងស្ដុបខៀវ រថយន្ដសណ្ដោងបានបង្កើនល្បឿន ធ្វើឱ្យកន្ទុយសណ្ដោងកៀររថយន្ដក្រុង បណ្ដាលឱ្យរេចង្កូតក្រឡាប់ធ្លាក់ចូលប្រឡាយតែម្ដង ។
ក្រោយពេលកើតហេតុ ប៉ូលិសបានឃាត់ខ្លួនអ្នកបើកបររថយន្ដក្រុង និងចោទប្រកាន់ពីបទបើករថយន្ដក្នុងការប្រមាថ ជាហេតុធ្វើឱ្យអ្នកផ្សេងរងរបួស ៕
ចែករំលែកព័តមាននេះ