រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ក្នុងថ្លុកឈាម និងមនុស្ស៤នាក់ទៀតបានរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូគុបជ្រុង ពណ៌ទឹកប្រាក់ជិះដោយបុរស២នាក់យា៉ងលឿន ហើយគេចជង្ហុកក៏ត្រូវម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ ជិះគ្នា៣នាក់ ជ្រុលបុកចំពីក្រោយពេញទំហឹង កាលពីវេលាម៉ោង៩និង១៥នាទីយប់ថ្ងៃទី១១ មិថុនា តាមបណ្តោយផ្លូវណតប្រ៊ីតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
លោក ស៊ិន សុវណ្ណ នាយរងផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ជើងគោកខណ្ឌសែនសុខឱ្យដឹងថា អ្នកបើកម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BE-7911 ឈ្មោះ ស៊ុម វិន អាយុ២៦ឆ្នាំ មុខរបរជាងធ្វើតុទូ ឯម្នាក់ទៀតជាប្រពន្ធឈ្មោះ សោម ភារី អាយុ២២ឆ្នាំ និងប្អូនប្រុសដែលស្លាប់ឈ្មោះ ម៉ៅ ភី អាយុ២២ឆ្នាំ ជាកម្មករសំណង់ ទាំង៣នាក់ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ ចំណែកអ្នកបើកម៉ូតូគុបជ្រុងពាក់ស្លាកលេខភ្នំពេញ 1BV-0536 ឈ្មោះ ប្រុស ទុង អាយុ១៨ឆ្នាំ និងម្នាក់ទៀតជិះពីក្រោយឈ្មោះ ថៅ តុង អាយុ២៥ឆ្នាំ ទាំង២នាក់ជាជាងធ្វើកញ្ចក់ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ប្រភពបន្តថា មុនពេលកើតហេតុម៉ូតូគុបជ្រុង បើកយា៉ងលឿនតាមផ្លូវណតប្រ៊ីតពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុបានគេចជង្ហុកដោយមិនបានងាកមើលក្រោយ ក៏ត្រូវម៉ូតូឌ្រីមសេ១២៥ ជ្រុលចំពីក្រោយពេញទំហឹង បណ្តាលឱ្យយុវជនដែលជិះពីក្រោយម៉ូតូឌ្រីមធ្លាក់បាក់.កស្លាប់នៅនឹងកន្លែងកើតហេតុ ឯមនុស្ស៤នាក់ទៀតរងរបួសស្រាល។
ក្រោយពេលកើតហេតុ ប៉ូលិសបានចុះវាស់វែង រួចយកម៉ូតូទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយតាមផ្លូវច្បាប់ ។ សពជនរងគ្រោះក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅផ្ទះតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ