រាជធានីភ្នំពេញ ៖ ក្នុងគោលបំណង ពង្រឹងការងារសម្រាប់ការលើកកម្ពស់សុខភាព និងសុវត្ថិភាពរបស់កម្មករ-កម្មការិនី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងលោកវេជ្ជបណ្ឌិត ហ៊ុយ ហាំងសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក BAE Gye Wan អគ្គនាយកទីភ្នាក់ងារសុខភាពនិងសុវត្ថិភាពការងារកូរ៉េ(Kosha) ។ ពិធីចុះហត្ថលេខានេះបានធ្វើឡើងនៅទីស្ដីការក្រសួង កាលពីព្រឹកថ្ងៃទី១១ មិថុនា ក្រោមអធិបតីភាពលោក វង សូត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។
លោក វង សូត ថ្លែងថា យើងខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលយើងបានធ្វើជាមួយគ្នាក្នុងរយៈពេលកន្លងមក លេចចេញជាផ្លែផ្កាគួរឱ្យមានមោទនភាព ។ ដោយសារតែការងាររបស់យើងបានបញ្ចប់មួយវគ្គហើយ យើងនឹងបន្តវគ្គថ្មីសម្រាប់ការងាររបស់យើងនៅពេលខាងមុខ ។ យើងខ្ញុំសំណូមពរឱ្យទីភ្នាក់ងារសុខភាពនិងសុវត្ថិភាពការងារកូរ៉េបន្តជួយយើងខ្ញុំ ជាពិសេសទាក់ទិនទៅនឹងការរៀបចំបណ្តាញសុវត្ថិភាព សុខភាពសម្រាប់ការគ្រប់គ្រងកិច្ចការរបស់យើងឱ្យកាន់តែល្អប្រសើរ។
លោក Baek Hun Ki ប្រធានទីភ្នាក់ងារសុខភាពនិងសុវត្ថិភាពការងារកូរ៉េ(Kosha) ថ្លែងថា ថ្ងៃនេះខ្ញុំមានអារម្មណ៍សោមនស្សរីករាយណាស់ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង Kosha បានធ្វើកិច្ចព្រមព្រៀងបន្តសម្រាប់រក្សាសុខភាព និងការការពារសុវត្ថិភាពរបស់កម្មករ ។ ចាប់តាំងពីឆ្នាំ២០០៧ រហូតមកដល់ឆ្នាំ២០១២ ជារៀងរាល់ឆ្នាំ Kosha បានអនុវត្តការប្រឹក្សាបច្ចេកទេសអំពីសុវត្ថិភាពសំណង់របស់កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយអង្គការILO ។ លើសពីនេះទៀតចាប់តាំងពីឆ្នាំ២០១០មក Kosha បានរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតាមរយៈកិច្ចព្រមព្រៀងបច្ចេកទេស ហើយចាប់តាំងពីឆ្នាំ២០១២មក ប្រទេសទាំងពីរមានទំនាក់ទំនងកាន់តែស៊ីជម្រៅដោយមានការចាប់ផ្តើមអញ្ជើញមន្ត្រី
រាជការទៅសិក្សានៅប្រទេសកូរ៉េ ។
សម្រាប់កិច្ចព្រមព្រៀងបន្តនៅពេលនេះ Kosha និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនឹងពង្រឹងការងារជាច្រើនសម្រាប់ការលើកកម្ពស់សុខភាព និងសុវត្ថិភាពរបស់កម្មករ កម្មការិនីតាមរយៈការផ្លាស់ប្តូរព័ត៌មានរបស់ប្រទេសទាំង២ ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាង Kosha និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងក្លាយទៅជាគំរូភាពជោគជ័យប្រចាំតំបន់អាស៊ី ។ Kosha សន្យាថា នឹងធ្វើកិច្ចសហប្រតិបត្តិការឱ្យអស់ពីកម្លាំងកាយចិត្ត ៕
ចែករំលែកព័តមាននេះ