ក្រសួងធនធានទឹកនិងឧតុនិយមរបស់ប្រទេសកម្ពុជាបានជូនដំណឹងថា បន្ទាប់ពីធ្វើការសង្កេតតាមដាននិងព្យាករណ៏លើស្ថានភាពអាកាសធាតុរួចមកឃើញថា នៅថ្ងៃទី១១ មិថុនា ២០១៣ ខ្យល់មូសុងនិរតី នឹងបង្កើនឥទ្ឋិពលមកលើផ្ទៃសមុទ្រនិងតំបន់មាត់សមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយគ្នានេះ ក៏មានប្រព័ន្ឋសម្ពាធទាប(ITCZ)មួយកើតឡើង និង អូសកាត់ពីលើអាងទន្លេមេគង្គ ។
បាតុភូតធម្មជាតិទំាងពីរខាងលើនេះ អាចធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំជាមួយនឹងផ្គរ រន្ទះ ខ្យល់កន្ត្រាក់ នៅតំបន់វាលទំនាបកណ្តាល តំបន់ភ្នំ និងតំបន់ខ្ពង់រាប ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ មិថុនា ២០១៣ ។ ដោយឡែកនៅតំបន់មាត់សមុទ្រ និងនៅក្នុងផ្ទៃសមុទ្រកម្ពុជា អាចនឹងមានភ្លៀងធ្លាក់គំហុកច្រើន លាយឡំនឹងផ្គរ រន្ទះ ខ្យល់បោកបក់ខ្លំាង ដែលអាចបង្កឲ្យមានរលកសមុទ្រខ្ពស់ៗចាប់ពី១ម៉ែត្រ ទៅ២,៥០ម៉ែត្រ ។
សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម ក៏បានអំពាវនាវដល់អាជ្ញាធរដែនដី និង ប្រជាពលរដ្ឋទំាងអស់ សូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ និងជាពិសេស ចំពោះបងប្អូនប្រជានេសាទ និងអ្នកទេសចរ សូមផ្អាកសកម្មភាពនេសាទនិងការធ្វើទេសចរណ៏តាមសមុទ្រ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៦ មិថុនា ២០១៣ ៕
ចែករំលែកព័តមាននេះ