រាជធានីភ្នំពេញ៖ រថយន្តសន្ទូចដែលកំពុងស្ទូចធុងទឹក បានប៉ះដងសន្ទូចជាមួយខ្សែកាបភ្លើងដាច់រលត់ភ្លើងអស់៨០% ហើយដោយកម្លាំងភ្លើងខ្លាំងបានឆក់អ្នកបើកនៅលើរថយន្ត២នាក់រងរបួសធ្ងន់ធ្ងរ និងបណ្ដាលឱ្យផ្ទុះកង់រថយន្តខាងមុខ២គ្រាប់ទៀត។
ហេតុការណ៍គួរឱ្យតក់ស្លុតនេះកើតឡើងនាវេលាម៉ោង១០ និង៥នាទីព្រឹកថ្ងៃទី១២ មិថុនា ២០១៣ នៅក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះទី១ឈ្មោះវង់ សំផេង ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រះនិព្វាន ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះទី២ឈ្មោះហាស់ សារិន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិអរក្សស្វាយ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ។ ក្រោយកើតហេតុជនរងគ្រោះត្រូវគេនាំទៅសង្គ្រោះនៅមន្ទីរកព្រះកុសមៈ ៕
ចែករំលែកព័តមាននេះ