ខេត្តកំពង់ឆ្នាំង ៖ នារីវ័យក្មេង និងស្រស់សោភាម្នាក់បានលេបថ្នាំប៉ងសម្លាប់ខ្លួន តែមិនបានសម្រេចដោយក្រុមគ្រួសារដឹងទាន់ បាននាំគ្នាដឹកមកសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី១២ មិថុនា ២០១៣ នៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ។ តែទោះជាយ៉ាងណា ក្រុមគ្រូពេទ្យប្រាប់ថា នាងមានអាការៈធ្ងន់ធ្ងរកំពុងស្ថិតក្នុងការសង្គ្រោះបន្ទាន់ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នារីរងគ្រោះឈ្មោះលី ជីហ័រ អាយុ១៦ឆ្នាំ មានទីលំនៅភូមិស្រែតាជ័យ ហើយមូលហេតុនៃការប៉ងសម្លាប់ខ្លួនរបស់នារីរូបនោះ ពុំត្រូវបានក្រុមគ្រួសារប្រាប់នោះទេ ថែមទាំងព្យាយាមរារាំងមិនឱ្យអ្នកកាសែតថតរូបទៀតផង ។
ទោះបីបែបនេះក្តី គេបានដឹងថា នារីរូបនោះបានមកស្នាក់នៅផ្ទះឪពុកធំជាមន្ត្រីរាជការនៅខេត្តកំពង់ឆ្នាំង និងមុនពេលកើតហេតុនារីរូបនោះបានត្រឡប់ពីផ្ទះឪពុកធំទៅផ្ទះរបស់ខ្លួនវិញ លុះព្រឹកឡើងស្រាប់តែនាងយកថ្នាំសរសៃប្រសាទរបស់ម្តាយបង្កើតជាច្រើនគ្រាប់លេបប៉ងសម្លាប់ខ្លួនតែម្តង ។
ជុំវិញការប៉ងសម្លាប់ខ្លួនខាងលើនេះ ត្រូវបានគេសង្ស័យថា អាចមានវិបត្តិផ្លូវចិត្តរឿងស្នេហា ច្រើនជាងវិបត្តិក្នុងគ្រួសារ ៕
ចែករំលែកព័តមាននេះ