ខេត្តប៉ៃលិន ៖ ជនសង្ស័យប្រើប្រាស់ និងចែកចាយគ្រឿងញៀន៣នាក់ត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថ១ក្រុមដឹកនាំដោយលោកអនុសេនីយ៍ឯក ស្រី ម៉ន អនុប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តធ្វើការស្រាវជ្រាវឆ្មក់ចាប់បាន ខណៈពេលពួកគេកំពុងធ្វើសកម្មភាពប្រើប្រាស់ និងចែកចាយគ្រឿងញៀនកាលពីវេលាម៉ោង១ និង៤៥នាទីរសៀល ថ្ងៃទី១១ មិថុនា ២០១៣ នៅក្នុងគុម្ពោធព្រៃមួយកន្លែង ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ដោយដកហូតបានថ្នាំញៀន១៨គ្រាប់ និងទូរស័ព្ទដៃ១គ្រឿង។
ជនសង្ស័យទាំង៣នាក់ ១-ឈ្មោះក្រូច ឆេង អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅភូមិគោល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិអូរតាពុកក្រោម, ២-ឈ្មោះខុន ម៉ៅ អាយុ២៧ឆ្នាំ មានស្រុកកំណើតនៅ ភូមិក្រពើត្បូង ឃុំក្រពើ ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និង៣-ឈ្មោះព្រំ សឿន អាយុ៤១ឆ្នាំ ជនម្នាក់នេះជាមុខសញ្ញាចាស់ដែលសមត្ថកិច្ចចេញដីកាចាប់ខ្លួនតាំងពីថ្ងៃទី១៨ កញ្ញា ២០១២។
សមត្ថកិច្ចនឹងបញ្ជូនជនសង្ស័យទាំង៣នាក់នេះទៅកាន់សាលាដំបូងនារសៀល ថ្ងៃទី១២ មិថុនា ២០១៣នេះ៕
ចែករំលែកព័តមាននេះ