រាជធានីភ្នំពេញ៖ បុរសវ័យចំណាស់ជាសន្តិសុខឯកជនយាមនៅក្រុមហ៊ុនហុងដា ម្នាក់រងរបួសធ្ងន់ ខណៈពេលកំពុងឈរនៅចិញ្ចើមផ្លូវធ្វើចរាចរណ៍ឱ្យរថយន្តរបស់ក្រុមហ៊ុនបើកចេញ ស្រាប់តែមានរថយន្តដឹកមាន់មួយគ្រឿងបានបើកទៅបុកពីក្រោយ បណ្ដាលឱ្យដួលផ្កាប់មុខសន្លប់ស្ដូកស្ដឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅវេលាម៉ោង៥ និង២០នាទីទៀបភ្លឺថ្ងៃទី១២ មិថុនា ២០១៣ នៅមុខក្រុមហ៊ុនហុងដា តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិគោកបញ្ជន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះត្រូវគេស្គាល់ឈ្មោះព្រំ សុភា ភេទប្រុស អាយុ៥០ឆ្នាំ ជាសន្តិសុខក្រុមហ៊ុនឯកជនយាមនៅក្រុមហ៊ុនហុងដា មានប្រពន្ធឈ្មោះរាជ ល័ក្ខ អាយុ៤៤ឆ្នាំ ជាមេផ្ទះ ស្នាក់នៅជាមួយគ្នាជិតកន្លែងកើតហេតុក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិប្រសព្វល័ក្ខ ឃុំប្រសព្វល័ក្ខ ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព ៧១១ នៃកងពលតូចលេខ៧០ ចុះទៅសង្គ្រោះ បឋម រួចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ ហើយរថយន្តបង្កត្រូវសមត្ថកិច្ចឃាត់យកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រីឯអ្នកបើកបររត់គេចខ្លួនបាត់៕
ចែករំលែកព័តមាននេះ