ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូសេហ្វ កូនី ឧក្រិដ្ឋ​ជន​សង្គ្រាម​ដែល​អាមេរិក​បែក​ញើស​ថ្ងាស​

12 ឆ្នាំ មុន

ទាសករ​កាមតណ្ហា​សម្រាប់​ «​កង​តស៊ូ​របស់​ព្រះ​»​ប្រហែល​ពេញ​មួយ​ជីវិត​នេះ​ នាង​ហ្គ្រាស​ អាចាន​ គ្មាន​ពេល​បំភ្លេច​បាន​រាត្រី​សែន​តក់​ស្លុត​ កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​ ឆ្នាំ​១៩៩៦​ ។​ កាល​ណោះ​ នាង​ទើប​តែ​អាយុ​១៥​ឆ្នាំ​ កំពុង​រួម​រស់​ជា​មួយ​ស្រីៗ​អាយុ​ស្របាល​ៗ​គ្នា​ចំនួន​៣០​នាក់​ទៀត​ រៀន​ថ្នាក់​មធ្យម​សិក្សាក្នុង​សាលា​ដូន​ជី​ St.Mary​នៅ​ខេត្ដ​អាបូកេ​ ភាគ​ខាង​ជើង​ប្រទេស​អ៊ូហ្គង់​ដា​ ទ្វីប​

ទាសករ​កាមតណ្ហា​សម្រាប់​ «​កង​តស៊ូ​របស់​ព្រះ​»​ប្រហែល​ពេញ​មួយ​ជីវិត​នេះ​ នាង​ហ្គ្រាស​ អាចាន​ គ្មាន​ពេល​បំភ្លេច​បាន​រាត្រី​សែន​តក់​ស្លុត​ កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា​ ឆ្នាំ​១៩៩៦​ ។​ កាល​ណោះ​ នាង​ទើប​តែ​អាយុ​១៥​ឆ្នាំ​ កំពុង​រួម​រស់​ជា​មួយ​ស្រីៗ​អាយុ​ស្របាល​ៗ​គ្នា​ចំនួន​៣០​នាក់​ទៀត​ រៀន​ថ្នាក់​មធ្យម​សិក្សាក្នុង​សាលា​ដូន​ជី​ St.Mary​នៅ​ខេត្ដ​អាបូកេ​ ភាគ​ខាង​ជើង​ប្រទេស​អ៊ូហ្គង់​ដា​ ទ្វីប​អាហ្វ្រិក​ ។​ នាង​រំលឹក​ថា​ «​ពាក់​កណ្ដាល​អធ្រាត្រ​ ខ្ញុំ​ភ្ញាក់​ក្រញាង​ដោយ​ស្នូរ​កាំ​ភ្លើង​បាញ់​ប្រាវៗ​ និង​សម្រែក​តក់​ស្លុត​ស្រែក​អឺង​អាប់​ ។​បន្ទាប់​មក​ប្រុស​ៗ​ប្រដាប់​អាវុធ​មួយ​ក្រុម​សម្រុក​ចូល​បន្ទប់​ដេក​ពួក​ខ្ញុំ​ ។​ ពួក​វា​ចាប់ស្រី​ៗ​ទាំង​អស់​ចេញ​ក្រៅ​ ហើយ​បង្ខំ​ឱ្យ​ឡើង​រថយន្ដ​មួយ​គ្រឿង​ដែល​កំពុង​បញ្ឆេះ​ម៉ាស៊ីន​រង់​ចាំ​»​ ។​

ក្រុម​ប្រដាប់​អាវុធ​ដែល​ចាប់​ហ្គ្រាស​ និងមិត្ដ​ភក្ដិ​ទាំង​អស់​របស់​នាង​​ ត្រូវ​ពិភពលោក​ដឹង​ច្បាស់​ថា​ជា​ឈ្មោះ​ «​កង​តស៊ូ​របស់​ព្រះLRA​»​ក្រោម​បញ្ជា​ចូសេហ្វ​ កូនី​ ជន​ដែល​ធ្វើ​សកម្មភាព​លាត​សន្ធឹង​តាំង​ពីភាគ​ខាង​ជើង​ប្រទេស​អ៊ូហ្គង់ដា​រហូត​ដល់​ប្រទេស​កុង​ហ្គោ​ អាហ្វ្រិក​កណ្ដាល​ និង​ស៊ូដង់​ខាង​ត្បូង​ ។​ ដោយ​មា​ន​ការ​គាំ​ទ្រ​ពីពួក​ជាតិ​និយម​ជ្រុល​ LRAធ្វើ​សង្គ្រាម​ក្នុង​គោ​លដៅ​បង្កើត​រដ្ឋា​ភិបាល​របស់ព្រះ​ក្នុង​ប្រទេស​ទាំង​អស់​នោះ​ ។​​ ស្ថិតិ​ស្ថាប័ន​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បង្ហាញ​ថា​ តាំង​ពី​ឆ្នាំ​១៩៨៦​ រហូត​មក​ដល់​សព្វថ្ងៃ​ កុមារ​ចំនួន​៦៦.០០០​នាក់​ ត្រូវ​បង្ខំ​ឱ្យ​ចូល​រួម​ជា​មួយ​«​កង​តស៊ូ​របស់​ព្រះ​»​ ក្នុង​នោះ​កុមារ​ខ្លះ​អាយុ​មិន​ទាន់​គ្រប់​១២​ឆ្នាំ​ស្រួល​បួល​ផង​ ។​ រាល់​លើក​ចាប់កុមារ​ណ​ាម្នាក់​ដើម្បី​បង្ខំ​ឱ្យ​កាន់​កាំ​ភ្លើង​ប្រយុទ្ធ​ជា​មួយ​ខ្លួន​ កូនី​ និង​កង​ទ័ព​របស់​ខ្លួន​តែង​សម្លាប់​មនុស្ស​ក្នុង​គ្រួសារ​របស់​កុមារ​នោះ​ចោល​ទាំង​អស់​ ដើម្បី​ធ្វើ​ឱ្យ​កុមារ​នោះ​អស់​ផ្លូវ​ជ្រើស​រើស​ផ្សេង​​ ។​

កូនី​ ជា​ជន​ជាតិ​កុល​សម្ព័ន្ធ​Acholi កើត​ឆ្នាំ​១៩៦១​ នៅ​ភូមិ​ Odek ខេត្ដ​ Gulu ភាគ​ខាង​ជើង​ប្រទេស​អ៊ូហ្គង់​ដា​ ។​ អាយុ​១៥​ឆ្នាំ​កូនី​បោះ​បង់​សាលា​ ហើយ​ទៅ​រៀន​ធ្វើ​គ្រូធ្មប់​ ។​ ខែ​មករា​ ១៩៨៦​ គេដឹក​នាំ​យុវជន​Acholi មួយ​ក្រុម​សហការ​ជា​មួយ​ពួក​អតីត​សកម្ម​ប្រយុទ្ធ​ក្នុង​រណសិរ្ស​រំដោះ​អ៊ូហ្គង់​ដា​ បើក​ការ​វាយ​ឆ្មក់​ជា​លើក​ដំបូង​ទៅ​លើ​ទាហាន​អ៊ូហ្គង់​ដា​ នៅ​ក្រុង​ Gulu ដើម្បី​ប្លន់​អាវុធ​ ។​ ការ​វាយ​ឆ្មក់​នេះ​ទទួល​ជោគជ័យ​ ធ្វើ​ឱ្យ​កូនី​សប្បាយចិត្ដ​ដាក់​ឈ្មោះ​ក្រុម​ខ្លួន​ថា​ «​កង​សង្គ្រោះ​ព្រលឹង​ UHSA»​ ។​ លុះ​ដល់​ឆ្នាំ​១៩៩២​ កូនីប្ដូរ​ឈ្មោះ​ក្រុង​ពី​ UHSA​មក​ជា​ LRA​ មាន​ន័យ​ថា​ កង​តស៊ូ​របស់​ព្រះវិញ​ ដែល​ពេល​នោះ​គេ​មាន​ទ័ព​ក្នុង​ដៃ​រហូត​ដល់​១០៤.០០០​នាក់​ ។​

ត្រឡប់​មក​រឿង​រ៉ាវ​នាង​ហ្គ្រាស​វិញ​ ក្រោយ​ត្រូវ​នាំ​ឡើង​រថយន្ដ​ ហ្គ្រាស​ និង​ស្រី​ៗ​ទាំង​អស់​ក្នុង​សាលា​ដូន​ជី​ត្រូវ​បញ្ជូន​ទៅ​ស្ថានីយ​ទាក់​ទង​មួយ​ ហើយ​បន្ដពីនោះ​ពួក​នាង​ត្រូវ​នាំ​ដើរ​ដោយ​ជើង​ទទេ​អស់​រយៈ​ពេល​ពីរ​សប្ដាហ៍​ទៀត​ ទើប​ទៅ​ដល់​ជំរំធំ​ពួក​ LRA នៅភាគ​ខាង​ជើង​ប្រទេស​អ៊ូហ្គង់ដា​ ។​ តាម​ការ​រៀប​រាប់​របស់​ហ្គ្រាស​ កង​ទ័ព​ LRA ភាគ​ច្រើន​ក្មេង​ៗ​ ស៊ី​ចុក​ខ្វះ​ខាត​ ខោអាវ​លេច​មុខ​លេច​ក្រោយ​ ខ្លះ​គ្មាន​ទាំង​ស្បែក​ជើង​ពាក់​ផង​ តែ​ម្នាក់​ៗ​ស្វាហាប់​ណាស់​ខាង​បាញ់​សម្លាប់​ ឆក់​ប្លន់​​ និង​រំលោភ​នារី​ភេទ​ ។​ នៅ​ក្នុង​ជំរំ​ធំ​នោះ​ ហ្គ្រាស​ និង​ស្រី​ៗ​ឯ​ទៀត​ក្លាយ​ទៅ​ជា​ទាសករ​កាម​តណ្ហា​សម្រាប់​សេចក្ដី​ត្រូវ​ការ​ផ្លូវ​ភេទ​របស់​​សមាជិក​ថ្នាក់​ខ្ពស់​ LRA ។​
ហ្គ្រាស​រៀប​រាប់​ «​ពួក​វា​ប្រើ​ប្រាស់​រាង​កាយ​ខ្ញុំ​ដើម្បី​សម្រន់​តណ្ហា​ផ្ទាល់​ខ្លួន​ ។​

ពួក​វា​ត្រូវ​ការ​ពេល​ណា​​ ម៉ោង​ណា​ត្រូវ​តែ​បាន​ពេល​នោះ​ ម៉ោង​នោះ​ ទោះ​ខ្ញុំ​កំពុង​មក​រដូវ​ក៏​ពុំ​អាច​ប្រកែក​បាន​ ។​ មួយ​ថ្ងៃ​មួយ​យប់​ រាង​កាយ​ខ្ញុំ​ត្រូវ​បម្រើ​ចំណង់​ពួក​វា​យ៉ាង​តិច​បំផុត​១៥​នាក់​ ហ៊ាន​តែ​ប្រឆាំង​ត្រូវ​តែ​សម្លាប់​ចោល​ ។​ មិត្ដ​ខ្ញុំ​ម្នាក់​ឈ្មោះ​ Tzili គ្រុន​ចាញ់​ញាក់​ទទ្រើក​ក៏​ពួក​វា​មិន​លើកលែង​ដែរ​​។​ ពួក​វា​ជាង​១០​នាក់​រំលោភ​នាង​ទាំង​កំពុង​ឈឺ​ធ្ងន់​ រហូត​ដល់​នាង​ដាច់​ខ្យល់​ស្លាប់​ ។​ ដឹង​ថា​នាង​ស្លាប់​ភ្លាម​ ពួក​វា​អូស​សព​នាង​យក​ទៅ​បោះ​ចោល​ក្នុង​ទន្លេ​ ។​ បន្ទាប់​ពី​នោះ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ សព​ Tzili ត្រូវ​ហ្វូង​ក្រពើ​ស្រេក​ឃ្លាន​ប្រជែង​គ្នា​ហែក​ស៊ី​អស់​រលីង​»​ ។​

លទ្ធផល​ធ្លាក់​ខ្លួន​ជា​ទាសករ​បម្រើ​កាម​តណ្ហា​ប្រុស​ៗ​ នាង​ហ្គ្រាស​មាន​កូន​ពីរ​នាក់​ តែ​នាង​មិន​ដឹង​អ្នក​ណា​ជា​ឪពុក​របស់​កូន​នោះ​ឡើយ​ ។​ ដើម្បី​គេច​ពី​ការ​តាម​ប្រមាញ់​របស់​ទាហាន​អ៊ូហ្គង់​ដា​​ LRA តែង​ចល័ត​ពីភូមិ​មួយ​ទៅ​ភូមិ​មួយ​ ។​ ទៅ​ដល់​ណា​ ពួក​គេ​នៅ​តែ​ជ្រើស​យក​ការ​ឆក់​ប្លន់​ និង​រំលោភ​ស្រី​ៗ​ក្នុង​ភូមិ​ជា​ចម្បង​ ព្រម​ទាំង​ចាប់​ក្មេង​ៗ​យក​តាម​ដើម្បី​កាន់​អាវុធ​ច្បាំង​តទល់​ជា​មួយ​ទាហាន​រដ្ឋា​ភិបាល​ ។​ ហ្គ្រាស​រៀប​រាប់​​ «ភូមិ​ខ្លះ​ពួក​វា​សម្លាប់​មនុស្ស​អស់​ជាង​១០០​នាក់​ ព្រមទាំង​ដុត​ផ្ទះ​សឹង​អស់​មួយ​ភូមិ​»​ ។​

តាម​ការ​ស៊ើប​អង្កេត​របស់​ស្ថាប័ន​សិទ្ធ​ិមនុស្ស​អង្គការ​សហ​ប្រជា​ជាតិ​​ គិត​ត្រឹម​ខែ​មីនា​ ១០១២​ មាន​នារី​ប្រមាណ​៣០.០០០​នាក់​​ ត្រូវ​កូនី​បង្ខំ​ឱ្យ​ធ្វើ​ទាសករ​បម្រើ​កាម​តណ្ហា​កងទ័ព​ខ្លួន​ ខណៈ​កូនី​ខ្លួន​ឯង​ផ្ទាល់​មាន​ប្រពន្ធ​ផ្ទាល់​ខ្លួន​រហូត​ដល់​៨៨​នាក់​ ។​ មនុស្ស​ប្រមាណ​២៨.០០០​នាក់​​ត្រូវ​ LRA សម្លាប់​ចោល​ និង​ប្រមាណ​១,៥​លាន​នាក់​រត់​គេច​ខ្លួន​ចោល​ផ្ទះ​សម្បែង​សុំ​ចូល​ជ្រក​កោន​ក្នុង​ជំរំជន​ភៀស​ខ្លួន​ ។​ បិសាច​នៅ​តែ​អាច​រត់​រួច​ពី​សកម្មភាព​ផ្គរ​រន្ទះ​ថ្ងៃ​ទី​៦​ តុលា​ ២០០៥​ តុលាការ​ព្រហ្មទណ្ឌ​អន្ដរជាតិ​ (ICC) ចេញ​ប្រកាស​ចាប់​ខ្លួន​សមាជិក​កំពូល​៥​នាក់​របស់​ LRA រួម​មាន​ចូសេហ្វ​ កូនី​ ,​Vincent Otti , Raska Lukwiya ,Okot Odiambo និង​ Dominic Ongwen ។​ ថ្ងៃ​ទី​២​ តុលា​២០០៧​ បន្ទាប់​ពី​ស៊ើប​ដឹង​កន្លែង​លាក់​ខ្លួន​របស់​កូនី​ កង​ទ័ព​អ៊ូហ្គង់​ដា​ បើក​ការ​វាយ​ឆ្មក់​ទ្រង់​ទ្រាយ​ធំមួយ​ ។​ លទ្ធផល​ Vincent Otti ត្រូវ​ស្លាប់​ ចំណែក​កូនី​រត់​រួច​ ។​​ បន្ទាប់​ពី​ត្រូវ​វាយ​ប្រហារ​លើក​នោះ​ កូនី​ប្ដូរទិស​សកម្មភាព​របស់​LRA ពី​ភាគ​ខាង​ជើង​អ៊ូហ្គង់​ដា​​ ទៅ​ដល់​ព្រំដែន​រួម​រវាង​អាហ្វ្រិក​កណ្ដាល​ កុង​ហ្គោ​ និង​ស៊ូដង់​ខាង​ត្បូង​វិញ​ ។​ នៅ​កន្លែង​ថ្មី​ក៏​ដូច​កន្លែង​ចាស់​ កូនី​បង្ក​ការ​តក់​ស្លុត​ចំពោះ​ប្រជា​ជន​ឥត​ឈប់ឈរ​ ។​

ថ្ងៃ​ទី​២៨​ សីហា​ ២០០៨​ សេអីុ​អា​ចុះ​ឈ្មោះ​កូនី​ក្នុង​បញ្ជី​ឧក្រិដ្ឋ​ជន​សង្គ្រាម​គ្រោះ​ថ្នាក់​បំផុត​ក្នុង​លោក​ ។​ ដល់​ខែ​វិច្ឆិកា​ ឆ្នាំ​២០០៨​ដដែល​ អតីត​ប្រធានា​ធិបតី​អាមេរិក​​ ចច​​ ដាប់ប៊លយូ​ប៊ូស​ ចេញ​បញ្ជា​ឱ្យក្រសួង​ការពារ​ប្រទេស​អាមេរិក​ផ្ដល់​ជំនួយ​ជា​ថវិកា​ និង​ភស្ដុភារ​ដល់​កងទ័ព​អ៊ូហ្គង់​ដា​ ដើម្បី​ឱ្យ​កង​ទ័ព​អ៊ូហ្គង់​ដា​បើក​យុទ្ធនា​ការ​សឹក​ឈ្មោះ​ «​សកម្មភាព​ផ្គររន្ទះ»​ កម្ទេច​កូនី​ ។​ ក្នុង​យុទ្ធ​នា​ការ​នោះ​ថ្វី​បើ​ទាហាន​អាមេរិក​ អត់​ចូល​រួម​ដោយ​ផ្ទាល់​​ តែ​ជំនាញ​ការ​អាមេរិក​១៧​នាក់​ រួម​ជា​មួយ​ក្រុម​វិភាគ​មួយ​ក្រុម​ចូល​រួម​ជួយ​វិភាគ​ព័ត៌មាន​ចារកម្ម​ ព្រម​ទាំង​ផ្ដល់​សម្ភារសឹក​ និង​ផ្ដល់​ប្រេង​ឥន្ធនៈ​ដល់​កង​ទ័ព​អ៊ូហ្គង់ដា​ ក្នុង​ការ​វាយ​លុក​ផ្ទួន​ៗ​ ។​ ប៉ុន្ដែ​ទី​បំផុត​ យុទ្ធ​នាការ​នោះ​បាន​ត្រឹម​តែ​រំដោះ​កុមារ​ត្រូវ​ចាប់​ធ្វើ​ទាហាន​ចំនួន​១០០​នាក់​ប៉ុណ្ណោះ​ ចំណែកកូនី​នៅ​តែ​រត់​រួច​ទៀត​ ។​

ខែ​តុលា​ ២០១១​ បន្ទាប់​ពី​សេអីុអា​ផ្ដល់​ព័ត៌​មាន​ថា​កូនី​កំពុង​មាន​វត្ដ​មាន​ក្នុង​ប្រទេស​អាហ្វ្រិក​កណ្ដាល​ ប្រធានា​ធិបតី​អាមេរិក​អូបាម៉ា​ អនុញ្ញាត​ឱ្យ​កម្លាំង​ទ័ព​អាមេរិក​១០០នាក់​ ទៅ​អាហ្វ្រិក​កណ្ដាល​ជា​បន្ទាន់​ដើម្បី​ជួយ​កង​ទ័ព​ប្រទេស​នេះ​កម្ទេច​កូនី​ឱ្យ​ខាង​តែ​បាន​ ។​ នេះ​ជា​លើក​ទី​១២​ ក្នុង​ប្រវត្ដិ​សាស្រ្ដ​អាមេរិក​ដែល​កង​ទ័ព​អាមេរិក​បាន​បញ្ជូន​ចេញ​ទៅ​បរទេស​តាម​បង្ក្រាប​ឧក្រិដ្ឋ​ជន​សង្គ្រាម​​​ ដោយ​មិន​ទាន់​គិត​ការ​តាម​ចាប់​អូសាម៉ា​ ប៊ីន​ឡាដេន​ ដែល​ប្រើ​ពេល​វេលា​១៣​ឆ្នាំ​ផង​ ។​

ថ្ងៃ​ទី​២៣​ មីនា​ ២០១២​​ អង្គការ​សហភាព​អាហ្វ្រិក​ប្រកាស​បញ្ជូនទ័ព​៥.០០០​នាក់​របស់​ខ្លួន​ចូល​រួម​កម្ចាត់​កូនី​ និង​បរិវារ​ ។​ យុទ្ធ​នាការ​បើក​ប្រតិបត្ដិការ​ថ្ងៃទី​២៤​​ មីនា​ ២០១២​ ដោយ​លុក​លុយ​ក្នុង​តំបន់​មាន​វិសាល​ភាព​៣០០.​០០០​គីឡូម៉ែត្រ​ក្រឡា​ ទន្ទឹម​នឹង​កង​ទ័ព​អ៊ូហ្គង់ដា​ អាហ្វ្រិក​កណ្ដាល​​​ កុង​ហ្គោ​ និង​ស៊ូដង់​ខាង​ត្បូង​​បើក​ប្រតិបត្ដិការ​វាយ​លុក​តាម​ប្រទេស​រៀង​ៗ​ខ្លួន​ដែរ​ ។​ ដឹង​អី​ទីបំផុត​កូនី​នៅ​តែ​អាច​រត់​រួច​ទៀត​ មាន​តែ​ស្រី​ៗ​មួយ​ចំនួន​តូច​ក្នុង​ចំណោម​ស្រី​ៗ​ត្រូវ​ប្រើ​ប្រាស់​ជា​ទាសករ​ផ្លូវ​ភេទ​ប៉ុណ្ណោះ​បាន​ទទួល​ការ​រំដោះ​ឱ្យ​មាន​សេរីភាព​វិញ​ ក្នុង​នោះ​មាន​ហ្គ្រាស​ផង​ដែរ​ ។​

ហ្គ្រាស​រៀប​រាប់​ពី​ការ​រត់​រួច​របស់​ខ្លួន​ «​ពេល​កង​ទ័ព​វាយ​សម្រុក​ខ្លាំង​​ ពួក​ LRA បាញ់​បណ្ដើរ​រត់​ប្រាស​អាយុបណ្ដើរ​ ។​ យល់​ថា​នេះ​ជា​ឱ​កាស​ល្អ​ ខ្ញុំ​ទាញ​ដៃ​កូន​ប្រុស​បាន​ម្នាក់​លូន​ក្រោម​ស្រទាប់​គ្រាប់​កាំ​ភ្លើង​បាញ់​តគ្នា​ រត់​ចេញ​មក​បាន​ទាំង​ព្រលឹង​ចុង​សក់​ ។​ ប៉ុន្ដែ​ទន្ទឹម​នឹង​ខ្ញុំ​មាន​សំណាងល្អ​ ស្រី​ៗ​មិត្ត​ភក្ដិ​ខ្ញុំ​ជា​ច្រើន​មិន​មាន​សំណាង​ល្អ​ដូច​ខ្ញុំ​ទេ​ ដោយ​ត្រូវ​ក្រុម​ LRA ក្រឡេក​ឃើញ​ពេល​កំពុង​រត់​លូន​គេច​ចេញ​មក​ក្រៅ​ ពួក​វា​ប្រើ​កាំ​បិត​ ប្រើ​ដាវ​កាប់​ឥត​ត្រា​ប្រណី​លើ​អ្នក​ដែល​ធ្លាប់​បម្រើ​តណ្ហា​ពួក​វា​ច្រើន​ឆ្នាំ​​ កាប់​ទាល់​តែ​ស្លាប់អស់​គ្មាន​សល់​ម្នាក់​ ។​ ស្រី​ៗ​ច្រើន​ណាស់​ត្រូវ​សម្លាប់​ពេល​កំពុង​ច្របូក​ច្របល់​នោះ»​ ។​

ចំណែកកូនី​ ក្រោយ​ពេល​រត់​រួច​មួយ​លើក​ទៀត​ បិសាច​រូប​នេះ​បាន​យល់​ព្រម​ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​ថត​ភាពយន្ដ​ឈ្មោះ​ Lason Russel នៅ​កន្លែង​មួយ​ដែល​គេ​មិន​ដឹង​ច្បាស់​ គ្រាន់​តែ​ដឹង​ថា​ក្នុង​ព្រៃ​ជ្រៅ​ប៉ុណ្ណោះ​ ។​ ខ្សែ​ភាព​យន្ដ​ស្ដី​ពី​ការ​ផ្ដល់​សម្ភាសន៍​នេះ​ ពេល​បញ្ចាំង​តាម​បណ្ដាញ​ Youtube រយៈ​ពេល​៤​ថ្ងៃ​ មនុស្ស​ម្នា​ផ្អើល​ទស្សនា​៥០​លាន​នាក់​​ ។​ នៅ​មាន​ខ្សែ​ភាព​យន្ដ​មួយទៀត​រយៈ​ពេល​ត្រឹម​៣០​នាទី​ប៉ុណ្ណោះ​ ផ្សាយ​តាម​បណ្ដាញ Yahoo តែ​ពុំ​ដឹង​អ្នក​និពន្ធ​មួយ​ណា​បាន​បង្ហាញ​ច្បាស់​ពី​សកម្មភាព​សាហាវ​ឃោរឃៅ​របស់​ពួក​ LRA ក្មេង​ៗ​ ខ្សែ​ភាពយន្ដ​នេះ​ផ្សាយ​តែ​មួយ​ថ្ងៃ​ មនុស្ស​ម្នា​ផ្អើល​ទស្សនា​រហូត​ដល់​៨០​លាន​នាក់​ ។​

ពុំ​ដឹង​ថា​ពេល​នេះ​ កូនី​ទៅ​ដល់​ណា​ហើយ​ទេ​ ប៉ុន្ដែ​យុទ្ធនាការ​កម្ទេច​កូនី​នៅ​តែ​ធ្វើ​បន្ដ​ដដែល​ឥត​ឈប់ឈរ​ឡើយ​ ។​ ព័ត៌មាន​ចារកម្ម​មួយ​បាន​ឱ្យ​ដឹង​ថា​ គេឃើញ​កូនី​ជា​លើក​ចុង​ក្រោយ​ កាល​ពី​ខែ​ធ្នូ​ ២០១២​ នៅ​អាហ្វ្រិក​កណ្ដាល​ក្បែរ​ព្រំដែន​ជា​មួយ​ស៊ូដង់​ ៕​ ​     ឯកសារបរទេស