ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​3​មាន​សក្តានុពល​អាច​ស្ថាបនា​ព្រ​លាន​យន្ដហោះ​ឡើង​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​វិនិយោគ​ព្រ​លាន​យន្តហោះ​កម្ពុជា ហៅ​កាត់​ថា (SCA)​បាន​ធ្វើការ​សិក្សា​ទៅ​លើ​សក្ដានុពល​នៃ​បណ្ដា​ខេត្ត​នានា​របស់​ប្រទេស​កម្ពុជា ដោយ​លទ្ធផល​បាន​បង្ហាញ​ថា ខេត្ត​ចំនួន​៣ គួរតែ​ស្ថាបនា​ព្រ​លាន​យន្ដហោះ​ឡើង​វិញ ដោយសារ​តែ​ខេត្ត​ទាំងនោះ​នៅ​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ និង​កំពុង​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខ្ពស់…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​វិនិយោគ​ព្រ​លាន​យន្តហោះ​កម្ពុជា ហៅ​កាត់​ថា (SCA)​បាន​ធ្វើការ​សិក្សា​ទៅ​លើ​សក្ដានុពល​នៃ​បណ្ដា​ខេត្ត​នានា​របស់​ប្រទេស​កម្ពុជា ដោយ​លទ្ធផល​បាន​បង្ហាញ​ថា ខេត្ត​ចំនួន​៣ គួរតែ​ស្ថាបនា​ព្រ​លាន​យន្ដហោះ​ឡើង​វិញ ដោយសារ​តែ​ខេត្ត​ទាំងនោះ​នៅ​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ និង​កំពុង​មាន​សក្ដានុពល​សេដ្ឋកិច្ច​ខ្ពស់ ។

ប្រធាន​ផ្នែក​បង្កើន​ជើងហោះហើរ នៃ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា លោក ពេជ្រ សុ​ប៉ុន​តារា បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ថា ក្រុមហ៊ុន​បាន​ជួយ​សិក្សា​ពី​បណ្តា​ខេត្ត​ដែល​មាន​សក្តានុពល​ក្នុង​ការ​សាងសង់​ព្រ​លាន​យន្តហោះ​នៅ​ទូ​ទាំង​ប្រទេស​រួច​ហើយ ដោយ​ក្រុមហ៊ុន​បាន​ចំណាយ​លើ​ការ​សិក្សា​នេះ​ដោយ​ខ្លួនឯង ។ លោក​បន្ត​ថា ៖« ជា​លទ្ធផល​យើង​បាន​ផ្តល់​អនុសាសន៍​ឲ្យ​រាជរដ្ឋាភិបាល​សាងសង់​ព្រ​លាន​យន្តហោះ​ក្នុង​ស្រុកលើ​ខេត្ត​ចំនួន​៣ គឺ​ខេត្តបាត់ដំបង ស្ទឹង​ត្រែង និង​ខេត្តព្រះវិហារ ប៉ុន្តែ​មិន​មានការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​នៅឡើយ​ទេ »​។ លោក​បន្ថែម​ថា ៖« ខេត្ត​ទាំង​៣​នេះ​គួរ​មាន​ព្រ​លាន​យន្តហោះ ដោយសារ​ជា​ខេត្ត​មាន​ចម្ងាយ​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ ហើយ​មាន​សក្តានុពល​សេដ្ឋកិច្ច​ដែល​អាច​វិនិយោគ​សាងសង់ ព្រ​លាន​យន្តហោះ​បាន » ។ លោក​បញ្ជាក់​ថា ៖« បច្ចុប្បន្ន​ក្រុមហ៊ុន​គ្រប់គ្រង​តែ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ទាំង​៣​ប៉ុណ្ណោះ ប៉ុន្តែ​បើសិនជា​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​អាច​វិនិយោគ​សាងសង់​ព្រ​លាន​ក្នុងស្រុក​បាន យើង​នឹង​សិក្សា​លម្អិត​ពី​រឿង​នេះ »​។

លោក ពេជ្រ សុ​ប៉ុន​តារា បាន​បន្ត​ថា ករណី​ខេត្តស្ទឹងត្រែង​ជា​ខេត្ត​ស្ថិត​នៅ​ភូមិភាគ​ឦសាន​ដែល​មានការ​ត​ភ្ជាប់​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ផ្លូវគោក តែ​ការ​ធ្វើ​ដំណើរ​ឆ្ងាយ និង​ចំណាយពេល​យូរ​។ ហេតុនេះ​បើ​មាន​ព្រ​លាន​យន្តហោះ​ក្នុងស្រុក​ជា​ការ​ប្រសើរ​បំផុត ។

ចំណែក​ខេត្តបាត់ដំបង ជា​ខេត្ត​មាន​សក្តានុពល​សេដ្ឋកិច្ច និង​មាន​ប្រជាជន​មាន​ជីវភាព​ល្អ​ប្រសើរ ហេតុនេះ​បើសិនជា​ខេត្ត​នេះ​មាន​ព្រ​លាន​យន្ដហោះ អាច​ចុះ​ចត​យន្ដហោះ​ក្នុងស្រុក​បាន ពិតជា​ប្រសើរ​ផង​ដែរ ។ លោក​បន្ត​ថា រីឯ​ខេត្តព្រះវិហារ​វិញ ជា​ខេត្ត​មាន​តំបន់​ប្រាសាទ ពិសេស​ប្រាសាទព្រះវិហារ ដែល​ជា​សម្បត្តិ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក តែ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ត​ភ្ជាប់​ទៅ​កាន់​ប្រាសាទ​នេះ ហាក់​មិន​ទាន់​មាន​ភាពល្អ​ប្រសើរ និង​សម្រួលការ​ធ្វើ​ដំណើរ​បាន​លឿន​នៅឡើយ ។ ដូច្នេះ​ការ​សាងសង់​ព្រ​លាន​យន្តហោះ​រវាង​ខេត្តព្រះវិហារ ឬ​ស្ទឹង​ត្រែង​គួរតែ​ជា​ជម្រើស​មួយ​នា​ពេល​ខាងមុខ ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ការ​មាន​ព្រ​លាន​យន្តហោះ​ថ្មី នឹង​ហុច​សក្តានុពល​សម្រាប់​វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា ជា​ពិសេស​ផ្តល់​ឲ្យ​មាន​ជម្រើស​កាន់តែ​ច្រើន​ថែម​ទៀត សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​នានា ដែល​អាច​ហោះហើរ​ត្រង់​មក​កម្ពុជា ហើយ​ប្រសិនជា​ព្រ​លាន​ថ្មី​នេះ​មាន​ស្តង់ដា​អន្តរជាតិ វា​នឹង​អាច​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​ពង្រីក​ការ​ហោះហើរ​មក​កាន់​ប្រទេស​កម្ពុជា​ថែមទៀត​ ។ លោក​បន្ត​ថា ៖« ខ្ញុំ​ស្វាគមន៍​គំរោង​វិនិយោគ​ដ៏​ល្អ​នេះ ដែល​វា​នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ទាក់ទាញ​ទេសចរ​មក​ទស្សនា​កម្ពុជា កាន់តែ​ច្រើន​ថែម​ទៀត »​។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ បាន​សិក្សា​ពី​សក្តានុពល​ពី​បណ្តា​ខេត្ត​នៅ​ភូមិភាគ​ឦសាន ជា​លទ្ធផល​ការ​សិក្សា​បាន​មើលឃើញ​ខេត្តស្ទឹងត្រែង ជា​ខេត្ត​មាន​សក្តានុពល​ជាងគេ ដើម្បី​រៀបចំ​សាងសង់​ព្រ​លាន​យន្តហោះ​កម្រិត​តំបន់ ។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ គម្រោង​នេះ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ ។

អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ី​វិល លោក ស៊ិ​ន ចាន់​សិរី​វុ​ត្ថា បាន​មាន​ប្រសាសន៍​ថា កន្លង​មក​តាម​រយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​យក​គម្រោង​វិនិយោគ​ព្រ​លាន​យន្តហោះ​ខេត្តស្ទឹងត្រែង ដាក់​បញ្ចូល​ក្នុង​កញ្ចប់​នៃ​គោលនយោបាយ «​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​» របស់​ចិន​ដែរ និង​អាច​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ បើសិនជា​ពួក​គេ​ចាប់អារម្មណ៍ ។ ទោះ​យ៉ាងណា លោក​ថា ៖« រហូត​មក​ទល់​ពេល​នេះ គម្រោង​សាងសង់​ឡើង​វិញ​នូវ​ព្រ​លាន​យន្តហោះ​ខេត្តស្ទឹងត្រែង មិន​ទាន់​មាន​ពន្លឺ​អ្វី​នៅឡើយ​ទេ »​។

គួរ​កត់​សម្គាល់ថា រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយ​នេះ កំណើន​នៃ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​មានការ​កើន​ឡើងជា​បន្ដបន្ទាប់ ។ ក្នុង​ឆ្នាំ​២០១៧ អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​របស់​កម្ពុជា ទទួល​បាន​អ្នកដំណើរ​តាម​ផ្លូវអាកាស​ចំនួន​៨​លាន​នាក់ បើ​ធៀប​នឹង​ឆ្នាំ​២០១៦ មាន​ចំនួន​៧​លាន​នាក់ ។ ដោយឡែក​នៅ​ឆ្នាំ​២០១៨​នេះ កម្ពុជា​នឹង​ស្វាគមន៍​អ្នកដំណើរ​តាម​ផ្លូវ​អាការ​ចំនួន​១០​លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ