ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថ​យន្ត​​5​គ្រឿង​បុក​បន្ត​​គ្នា​​កក្រើក​​ប៉ោយ​​ប៉ែត​​ខូច​​ខាត​អស់​​​​3​​គ្រឿង

12 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត​ ៖ គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដ៏​សាហាវ​មួយ​បាន​បង្ក​ឱ្យ​រថយន្ត​៣គ្រឿង​ ក្នុង​ចំណោម​៥​គ្រឿង​ ទាំង​ធំ​ទាំង​តូច​ត្រូវ​ខូច​ខាត​យ៉ាង​ដំណំ​ ក្នុង​ហេតុ​ការណ៍​បុក​គ្នា​ជា​បន្ត​បន្ទាប់​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥​ ខ្លះ​ខ្ទេច​មុខ​ ខ្លះ​ក្រឡាប់​កណ្តាល​ទ្រូង​ផ្លូវ​ ក្នុង​ភូមិ​កណ្តាល​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែត​ កាល​ពី​វេលា​​ម៉ោង​ជិត​៦​ល្ងាច​ ថ្ងៃ​ទី​១០​ មិថុនា​ ។

ក្រុង​ប៉ោយ​ប៉ែត​ ៖ គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដ៏​សាហាវ​មួយ​បាន​បង្ក​ឱ្យ​រថយន្ត​៣គ្រឿង​ ក្នុង​ចំណោម​៥​គ្រឿង​ ទាំង​ធំ​ទាំង​តូច​ត្រូវ​ខូច​ខាត​យ៉ាង​ដំណំ​ ក្នុង​ហេតុ​ការណ៍​បុក​គ្នា​ជា​បន្ត​បន្ទាប់​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥​ ខ្លះ​ខ្ទេច​មុខ​ ខ្លះ​ក្រឡាប់​កណ្តាល​ទ្រូង​ផ្លូវ​ ក្នុង​ភូមិ​កណ្តាល​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែត​ កាល​ពី​វេលា​​ម៉ោង​ជិត​៦​ល្ងាច​ ថ្ងៃ​ទី​១០​ មិថុនា​ ។

រថយន្ត​ដែល​ពាក់​ព័ន្ធ​និង​ហេតុ​ការណ៍​នៅ​កន្លែង​កើត​ហេតុ​ គេ​ឃើញ​មាន​៤​គ្រឿង​ រួម​មាន​ ១-ម៉ាក​កាមរី​ ស៊េរី​ឆ្នាំ​១៩៩៥​ ពណ៌​សម្បក​ឪឡឹក​ ចង្កូត​ឆ្វេង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2D-9381 បើក​ដោយ​ជន​មិន​ស្គាល់​អត្ត​សញ្ញាណ​ជា​អ្នក​រត់​តាក់​ស៊ី​ មាន​ទីលំនៅ​ក្រុង​សិរី​សោភណ្ឌ​ ។ តាម​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា​ អ្នក​រង​របួស​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​អស់​២​នាក់​ហើយ​ ។

២-ម៉ាក​ឡង់​គ្រីស្ស័រ​ ពណ៌​ស​ ចង្កូត​ស្តាំ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2G-2286 បើក​ដោយ​ឈ្មោះ​​ កែវ​ សារិន​ ជា​មន្ត្រី​យោ​ធា​អភិវឌ្ឍន៍​ភូមិ​ភាគ​ទី៥​ ប្រចាំ​នៅ​បន្ទាត់​ព្រំ​ដែន​ ឃុំ​គោក​រមៀត​ ស្រុក​ថ្ម​ពួក​ ។ រីឯ​អ្នក​បើក​បរ​មិន​មាន​គ្រោះ​ថ្នាក់​ទេ ។ ៣-ម៉ាក​តាកូ​ម៉ា​ ពណ៌​ទឹក​ប្រាក់​ ចង្កូត​ឆ្វេង​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2V-4073 បើក​ដោយ​ឈ្មោះ​ ញៀប​ បូរ​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ប្រជា​ធម្ម​ខាង​លិច​ សង្កាត់​ផ្សារ​កណ្តាល​ មិន​មាន​របួស​ទេ​ ប៉ុន្តែ​រថយន្ត​ផ្ទុះ​ពោង​ទាំង​ពីរ​ ។ ៤-​ម៉ាក​ FUSO ចង្កូត​ស្តាំ​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ ស្វាយ​រៀង​ 3A-0466 អ្នក​បើក​បរ​បាន​រត់​គេច​ខ្លួន​បាត់​ យក​ទាំង​សោ​រថយន្ត​ទៅ​ជាមួយ​ ពុំ​ស្គាល់​អត្ត​សញ្ញាណ​ឡើយ​ ហើយ​រថយន្ត​ខាង​លើ​ជា​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ ។​

ដោយ​ឡែក​ រថយន្ត​មួយ​គ្រឿង​ទៀត​ ម៉ាក​ហ៊ីណូ​ ពាក់​ស្លាក​លេខ​ថៃ​ ពណ៌​ស​ ចង្កូត​ស្តាំ​ ដឹក​ឧបករណ៍​រោង​ចក្រ​ផលិត​ហាត​ឌីស​ ឱ្យ​ក្រុម​ហ៊ុន​ ផលិត​ហាត​ឌីស​ នៅ​ក្រុង​ប៉ោយ​ប៉ែត​ ។ រថយន្ត​មួយ​គ្រឿង​នេះ​ ក្រោយ​មាន​ជាប់​ពាក់​ព័ន្ធ​ បាន​បើក​រត់​ចូល​ទៅ​ក្នុង​រោង​ចក្រ​ ប៉ុន្តែ​ត្រូវ​សមត្ថ​កិច្ច​តាម​ពី​ក្រោយ​ដល់​រោង​ចក្រ​ ដើម្បី​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​ តែ​ត្រូវ​ខាង​ក្រុម​ហ៊ុន​ សុំ​ទម្លាក់​អីវ៉ាន់​លើ​រថយន្ត​ចុះ​សិន​ ។ កន្លែង​កើត​ហេតុ​ និង​រោង​ចក្រ​ខាង​លើ​មាន​ចម្ងាយ​ពី​គ្នា​ជិត​១គីឡូ​ម៉ែត្រ​ ។​

តាម​ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើត​ហេតុ​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ មាន​រថយន្ត​ជា​ច្រើន​គ្រឿង​បាន​បើក​បន្ត​កន្ទុយ​គ្នា​ ពី​លិច​ និង​ខ្លះ​មក​ពី​កើត​ លុះ​ដល់​ចំណុច​កើត​ហេតុ​ ក៏​បុក​គ្នា​លាន់​ស្នូរ​ដូច​រន្ទះ​ផ្ទួនៗ​គ្នា​តែ​ម្តង​ ។ តាម​អ្នក​បើក​រថយន្ត​ឡង់​គ្រីស្ស័រ​និយាយ​ថា​ ខណៈ​រថយន្ត​របស់​គាត់​មក​ជិត​ដល់​ចំណុច​កើត​ហេតុ​ រថយន្ត​ពាក់​ស្លាក​លេខ​ថៃ​ ស្ថិត​នៅ​ពី​មុខ​រថយន្ត​របស់​គាត់​ ទំនង​ជា​ចង់​បត់​ តែ​ទំនង​ជា​រារែក​ចិត្ត​ផង​ និង​មិន​មាន​ស៊ីញ៉ូ​អ្វី​នោះ​ទេ​ បន្ទាប់​មក​ក៏​បុក​ជាមួយ​រថយន្ត​កាមរី​តែ​ម្តង​ ។

គាត់​បន្ត​ថា​ ពេល​ហេតុ​ការណ៍​នេះ​កើត​ឡើង​ ស្រាប់​តែ​មាន​រថយន្ត​ធំ​មួយ​គ្រឿង​ទៀត​ មក​បុក​ពី​ក្រោយ​រថយន្ត​គាត់​រុញ​បុក​ផ្ទប់​គ្នា​ជា​បន្ត​បន្ទាប់​ ។ ចំណែក​អ្នក​បើក​បរ​រថយន្ត​តាកូម៉ា​ និយាយ​ថា​​ រថយន្ត​គាត់​នៅ​ក្រោយ​គេ​ ហើយ​ខូច​ខាត​ស្ទើរ​តែ​ដាច់​ជា២​ ដោយ​សារ​រថយន្ត​ម៉ាក​ហ្វុយ​ហ្សូ​ ជា​អ្នក​បុក​ ។
បើ​ទោះ​ជា​រូប​ភាព​កន្លែង​កើត​ហេតុ​មើល​ទៅ​គួរ​ឱ្យ​ញាក់​សាច់​ក៏​ដោយ​ ប៉ុន្តែ​ធាតុ​ពិត​នៅ​កន្លែង​កើត​ហេតុ​ គ្មាន​អ្នក​ណា​រង​គ្រោះ​ដល់​ជីវិត​ទេ​ ។

ក្រោយ​​​ពេល​កើត​ហេតុ​ សមត្ថ​កិច្ច​ជំនាញ​ចុះ​ទៅ​វាស់​វែង​ និង​យក​រថយន្ត​ស្ទូច​យក​រថយន្ត​៣គ្រឿង​ និង​រថយន្ត​ពាក់​ព័ន្ធ​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​ រង់​ចាំ​ដោះ​ស្រាយ​ ។ សមត្ថ​កិច្ច​មិន​ទាន់​ឱ្យ​ដឹង​ពី​មូល​ហេតុ​ដែល​គេ​បុក​បន្ត​កន្ទុយ​គ្នា​គួរ​ឱ្យ​ញាក់​សាច់​នេះ​ ជាក់​លាក់​នៅ​ឡើយ​ទេ​ ៕