ប៉ូលិសតួកគីកាលពីព្រឹកថ្ងៃទី១១ មិថុនា បានបំបែកពួកបាតុករនៅទីលានតាក់ស៊ីមក្រុងអីុស្តង់ប៊ុល ហើយកាន់កាប់ទីលាននោះក្រោយមានបាតុកម្មប្រឆាំងនាយករដ្ឋមន្ត្រី ចាប់តាំងពី១២ថ្ងៃមកហើយ ខណៈនាយករដ្ឋមន្ត្រី លោករីសេបតៃយីបអ័រដូហ្គាន គ្រោងជួបជាមួយបណ្តាតំណាងពួកបាតុករនាថ្ងៃទី១២ មិថុនា ។
មុនម៉ោង៨ព្រឹក ម៉ោងក្នុងស្រុក កងកម្លាំងប៉ូលិសដណ្តើមកាន់កាប់ទីលានតាក់ស៊ីមនាកណ្តាលក្រុងអីុស្តង់ប៊ុល ក្រោយរុញច្រានបាតុករជាច្រើនសិបនាក់ដែលកាន់កាប់ទីនោះ ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែកយ៉ាងច្រើន ព្រមទាំងប្រើកាណុងបាញ់ទឹក ។ ភ្លាមៗនោះ ពួកយុវជនជាច្រើនសិបនាក់ដែលពាក់ម៉ាស់ការពារឧស្ម័នបានតតាំងជាមួយប៉ូលិសតាមវិថីទាំងឡាយជុំវិញទីលាននេះ ដោយគប់ដុំថ្ម និងគប់ដបសាំងដុត ។
ក្រោយការដកថយរបស់ប៉ូលិសពីទីលានតាក់ស៊ីមកាលពីថ្ងៃទី១ មិថុនា ព្រោះតែមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាស្ទើររាល់ថ្ងៃជាមួយពួកបាតុករជាច្រើនរយនាក់ ទីលានតាក់ស៊ីម រាល់ល្ងាចមានបាតុករប្រមូលផ្តុំគ្នាជាច្រើនពាន់នាក់ទាមទារឱ្យប្រមុខរដ្ឋាភិបាលអ៊ិស្លាមនិយម និងអភិរក្សនិយមលាលែងចេញពីតំណែងដោយចោទប្រកាន់លោកថា ងាកទៅរកអំណាចផ្តាច់ការ និងចង់ធ្វើអ៊ិស្លាមភាវូបនីយកម្មនៃសង្គមតួកគី ៕
ចែករំលែកព័តមាននេះ