ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ហ៊ុន​ចិន​បន្ត​រុក​រក​រ៉ែ​ឡើង​វិញ​នៅ​ក្នុង​ភូមិ​សាស្ត្រ​ឃុំ​ខ្វាវ​ស្រុក​ជី​ក្រែង

12 ឆ្នាំ មុន

ខេត្ត​សៀម​រាប​ ៖ ក្រុម​មន្ត្រី​មូលដ្ឋានបាន​ឱ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ចិន​ដែល​មាន​សិទ្ធិ​រុក​រក​រ៉ែ​ក្រោម​ដី​នៅក​្នុង​ភូមិ​សាស្ត្រ​ឃុំ​ខ្វាវ​ នៃ​ស្រុក​ជីក្រែង​ បានប​ន្ត​សកម្ម​ភាព​ដោយ​ដឹក​ដី​រ៉ែ​ចេញ​ទៀត​ហើយ​ បន្ទាប់​ពីក្រសួង​ជំនាញ​បាន​ផ្អាក​សកម្មភាព​អស់​មួយ​រយៈ​ដោយ​សារ​តែ​ការ​ល្មើស​ដឹក​ដី​រ៉ែ​រាប់​រយ​តោន​ចេញពី​តំបន់​នេះ​ ។​ ថ្វី​បើ​យ៉ាង​នេះ​ក្តី ក្រុម​មន្ត្រី​មិន​អាច​បញ្ជាក់​ពី​ឈ្មោះ​ក្រុម​ហ៊ុន​ចិន​នោះ​បាន​ទេ​

ខេត្ត​សៀម​រាប​ ៖ ក្រុម​មន្ត្រី​មូលដ្ឋានបាន​ឱ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ចិន​ដែល​មាន​សិទ្ធិ​រុក​រក​រ៉ែ​ក្រោម​ដី​នៅក​្នុង​ភូមិ​សាស្ត្រ​ឃុំ​ខ្វាវ​ នៃ​ស្រុក​ជីក្រែង​ បានប​ន្ត​សកម្ម​ភាព​ដោយ​ដឹក​ដី​រ៉ែ​ចេញ​ទៀត​ហើយ​ បន្ទាប់​ពីក្រសួង​ជំនាញ​បាន​ផ្អាក​សកម្មភាព​អស់​មួយ​រយៈ​ដោយ​សារ​តែ​ការ​ល្មើស​ដឹក​ដី​រ៉ែ​រាប់​រយ​តោន​ចេញពី​តំបន់​នេះ​ ។​ ថ្វី​បើ​យ៉ាង​នេះ​ក្តី ក្រុម​មន្ត្រី​មិន​អាច​បញ្ជាក់​ពី​ឈ្មោះ​ក្រុម​ហ៊ុន​ចិន​នោះ​បាន​ទេ​ គ្រាន់​តែ​អះ​អាង​ថា​ក្រុម​ហ៊ុន​នោះ​មាន​ច្បាប់​ត្រឹម​ត្រូវ​ពី​ក្រសួង​ឧស្សាហ​កម្ម​ រ៉ែ និង​ថាមពល​ ក្នុង​ដំណាក់​កាល​សិក្សា​ស្រាវ​ជ្រាវ​ តែ​​​មិន​មែន​ធ្វើ​អាជីវ​កម្ម​ទេ ។​

ទាក់ទិន​ទៅ​នឹង​សកម្ម​ភាព​រុក​រក​រ៉ែ​ក្រោម​ដី​នេះ​ លោក​​ គុយ​ ហ៊ត​ មេឃុំ​ខ្វាវកាល​ពី​ថ្ងៃ​ទី​២៩​ ឧសភា​ ឆ្នាំ​២១៣​ កន្លង​ទៅ​ បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា​ ក្រុម​ហ៊ុន​ចិន​នេះ​បាន​បន្ត​ដំណើរ​ការ​រុក​រក​រ៉ែ​អស់​រយៈ​ពេល​ជិត​កន្លះ​ឆ្នាំ​មក​ហើយ​ ដោយ​ប្តូរ​ពី​ការ​ដ្ឋាន​ភ្នំ​ខ្ទុំ​ទៅ​តំបន់​ប៉ែក​ខាង​ឦសាន​ ឃុំ​ខ្វាវ​ តំបន់​ព្រំ​ប្រទល់​រវាង​ស្រុក​ជីក្រែង​របស់​ខេត្ត​សៀម​រាប​ ជាមួយ​ស្រុក​គូលែន​របស់​ខេត្ត​ព្រះ​វិហារ ។​

លោក​មេ​ឃុំ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «រៀង​​រាល់​ព្រឹក​ ក្រុម​ហ៊ុន​ចិន​នេះ​គេ​បាន​ប្រើ​ប្រាស់​រថយន្ត​តូច​ធំ​ជា​ច្រើន​គ្រឿង​ដឹក​កម្មករ​ទាំង​ចិន​ទាំង​ខ្មែរ​ ដោយ​មាន​ទាំង​ម៉ាស៊ីន​ស្ទង់​រករ៉ែ​ ទាំង​ឧប​ករណ៍​ខួង​ដី​ផង​ ចូល​ទៅ​ក្នុង​ព្រៃ​ភូមិ​សាស្ត្រ​ខាង​លើ​ ប្រើ​បំពង់​ដែក​វែងៗ​មាន​​មុខ​កាត់​ប្រមាណ​១​តឹក​កន្លះ​ខួង​ចូល​ទៅ​ក្នុង​ជម្រៅ​ដី រួច​ហើយ​គេ​យក​ដី​រ៉ែ​ទាំង​នោះ​ដាក់​នៅ​ក្នុង​ហិប​ឈើ​គ្រប​យ៉ាង​ស្អាត​ដឹក​ចេញ​» ។​ លោក​បាន​បន្ថែម​ថា​ សកម្ម​ភាព​ក្រុម​ហ៊ុន​នេះ​ថ្វី​បើ​បច្ចុប្បន្ន​ពុំ​មានអ្វី​ប៉ះ​ពាល់​ជា​ដុំ​កំភួន​ដល់​បរិស្ថាន​និង​សុខ​ភាព​ប្រជាពលរដ្ឋ​ ប៉ុន្តែ​គេ​បាន​យក​គ្រឿង​ចក្រ​ឈូស​ឆាយ​ដី​ធ្វើ​ផ្លូវ​ចូល​ព្រៃ​បណ្តាល​ឱ្យ​ដាច់​ទំនប់​ និង​ភ្លឺ​ស្រែ​ប្រជាពល​រដ្ឋ​អស់​ជាច្រើន​កន្លែង​ដោយ​ពុំ​មាន​ការ​ទទួល​ខុស​​ត្រូវ​ឡើយ ។​

ដោយ​លើក​ឡើង​ស្រដៀងគ្នា​នេះ​ដែរ​ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ខ្វាវ​ លោកអនុ​សេនីយ៍​ទោ​ ហុក​ វ៉ាន់​ បាន​ថ្លែង​ប្រាប់​តាម​ទូរ​ស័ព្ទ​ថា​ ពិត​ជា​មាន​ការ​បង្ក​ឱ្យ​អន្តរាយ​ដល់​ទំនប់​ និងភ្លឺ​ស្រែ​ប្រជាពលរដ្ឋ​មែន​​ សូម្បី​តែ​ស្រែ​របស់​លោក​ក៏​គេ​មិន​ទាន់​ជួស​ជុល​ឱ្យ​វិញ​ផង។​ លោក​បាន​បន្ថែម​ថា​ ក្រុម​ហ៊ុន​នេះ​ពី​ដើម​មាន​មូល​ដ្ឋាន​នៅ​ភ្នំ​ខ្ទុំ​ ដោយ​មាន​ការ​ការ​ពារ​យ៉ាង​តឹង​តែង​ពី​កម្លាំង​ទាហាន​ ប៉ុន្តែ​ពេល​នេះ​ជំនួស​ដោយ​កម្លាំង​ប៉ូលិស​ និង​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ជី​ក្រែង​ម្តង ។​ តាម​ស្ថិតិ​ដែល​ទទួលបាន​ ក្រុម​ហ៊ុន​ចិន​នេះ​មាន​បុគ្គលិក​ជំនាញ​ជាជន​ជិចិន​ចំនួន​៧​នាក់​ និង​កម្មករ​ខ្មែរ​មួយ​ចំនួន​ទៀត​ ។

យោង​តាម​ឯកសារ​ដែល​កោះ​សន្តិ​ភាព​ទទួល​បាន​ គឺ​ក្រុម​ហ៊ុន​នេះ​មាន​អាជ្ញាប័ណ្ណ​ចេញ​ដោយ​ក្រសួង​ឧស្សាហ​កម្ម​ រ៉ែ និង​ថាមពល​ នៅ​ថ្ងៃ​ទី​១៦​ មីនា ២០១០​ នៅ​លើ​ផ្ទៃ​ដី​ទំហំ​៨០​គីឡូ​ម៉ែត្រ​ការ៉េ​ក្នុង​ភូមិ​សាស្ត្រ​ខាង​លើ​ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​រ៉ែ​លោហៈ​ ។ នៅ​ឆ្នាំ​២០១១​ ក្រុម​ហ៊ុន​នេះ​បាន​ធ្វើ​សកម្ម​ភាព​ជីក​កកាយ​ថ្ម​នៅ​ចំណុច​ភ្នំ​ខ្ទុំ​ដឹក​ចេញ​ពី​តំបន់​នោះ​រាប់​រយ​តោន​ ដើម្បី​នាំ​ចេញ​បន្ត​ទៅ​បរទេស​ ប៉ុន្តែ​ជា​អកុសល​ក៏​លេច​ធ្លាយ​ព័ត៌មាន​ដល់​រាជ​រដ្ឋាភិបាល​ ទើប​មាន​ការ​ផ្អាក​ដំណើរ​ការ​មួយ​រយៈ​ លុះ​ពេល​នេះ​ស្រាប់​តែ​ឃើញ​ដំណើរ​ការ​និង​បន្ត​ដឹក​ដី​រ៉ែ​ចេញ​ទៀត ។​

មន្ត្រី​បរិស្ថាន​មួយ​រូប​សុំ​មិនបញ្ចេញ​ឈ្មោះ​​និយាយ​ថា​ កាល​ពីខែ​មុន​គេ​បាន​ឃើញ​ក្រុម​ហ៊ុន​ចិន​ខាង​លើ​ធ្វើ​សកម្ម​ភាព​ដឹក​ដី​រ៉ែ​ចេញ​ចំនួន​៣​រថយន្ត​ទួរីស​ទាំង​យប់​ចេញ​ពីតំបន់​ឃុំខ្វាវ​នោះ​ឆ្ពោះ​ទៅ​កាន់​ផ្លូវ​ជាតិ​លេខ​៦ ។​អភិបាល​ស្រុក​ជីក្រែង​ លោក​ ប៉ោក​ សេរីរ័ត្ន​មុន្នី​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៥ មិថុនា​កន្លង​មក​មាន​ប្រសាសន៍​ថា​ លោក​មិន​ទាន់​ដឹង​ពី​ព័ត៌​មាន​ក្រុម​ហ៊ុន​ដឹក​ដី​រ៉ែ​ចេញ​ពីតំបន់​ភូមិ​សាស្ត្រ​ឃុំ​ខ្វាវ​នោះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា ក្រុម​ហ៊ុន​នោះពុំ​មាន​ច្បាប់​ធ្វើ​អាជីវកម្ម​ទេ​ មាន​តែ​ច្បាប់​រុករក​ (សិក្សា​ស្រាវ​ជ្រាវ)​ ដូច្នេះ​គេ​មិន​អាច​ដឹក​ដី​រ៉ែ​ចេញ​ដូច​ពេល​មុន​បាន​ទេ ។​

ពេញ​មួ​យរសៀល​ថ្ងៃ​ចន្ទ​ ទី​១០ មិថុនា​ កោះ​សន្តិ​ភាព​មិន​អាច​ស្វែងរក​ជួប​បុគ្គលិក​ ឬ​ប្រធាន​ក្រុម​ហ៊ុន​ចិន​រុក​រក​រ៉ែខាង​លើ​ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ព័ត៌​មាន​ដែល​ចោទ​ថាម​ាន​ការ​លួច​ដឹក​ដី​រ៉ែ​ចេញ​ពី​តំបន់​ដែល​កំពុង​សិក្សា​នោះ​បាន​ទេ​ ដោយ​សារ​តែ​គ្មាន​អ្នក​ស្គាល់​លេខទូរ​ស័ព្ទ ៕​