ខេត្តកំពង់ចាម ៖ ស្ត្រីម្នាក់ត្រូវគេដឹកតាមរថយន្តសង្គ្រោះទៅមន្ទីរពេទ្យខេត្ត ដោយសាររបួសធ្ងន់ដែលសង្ស័យថា អាចបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ ហើយក្រុមគ្រូពេទ្យបានត្រៀមសង្គ្រោះដោយវះកាត់ភ្លៅ ដែលបាក់នោះ តែគ្មានសាច់ញាតិណាម្នាក់មកឯកភាពសោះ ទើបពន្យារពេលរហូតមកដល់ម៉ោង១០ព្រឹកថ្ងៃទី១១ មិថុនា មានសាច់ញាតិបានមកយកស្ត្រីរងគ្រោះ ទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ព្រោះស្ថិតក្នុងសភាពធ្ងន់ធ្ងរ ។
លោកអនុសេនីយ៍ទោ ឯល គា នាយផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃឱ្យដឹងថា នៅវេលាម៉ោង៨ និង៦នាទីយប់ ថ្ងៃទី១០ មិថុនា លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បណ្តាលឱ្យស្ត្រីម្នាក់រងរបួសបាក់ភ្លៅរហូតសន្លប់ ។ ភ្លាមៗនោះ ស្ត្រីរងគ្រោះគ្មានអ្នកណាស្គាល់អត្តសញ្ញាណទេ ។ ប្រភពបន្តថា នៅកន្លែងកើតហេតុ ឃើញមានបន្សល់ទុកបំណែកថ្នាំរថយន្ត ពណ៌កណ្តុរល្មែះ និងស្តុប សង្ស័យជាបំណែករបស់រថយន្តកាមរី ស៊េរីឆ្នាំ១៩៩០-១៩៩១ ។
ប្រជាពលរដ្ឋកន្លែងកើតហេតុនិយាយថា នៅយប់កើតហេតុ មានសំឡេងបុកគ្នាលាន់យ៉ាងកក្រើក អាចរវាងម៉ូតូនិងរថយន្ត តែពេលសមត្ថកិច្ចទៅដល់ឃើញតែអ្នករងគ្រោះតែម្នាក់ប៉ុណ្ណោះ ។ តាមរយៈលេខទូរស័ព្ទរបស់ស្ត្រីរងគ្រោះ ទើបដឹងថា នាងឈ្មោះ ភ័ណ្ឌ អាយុ២០ឆ្នាំ រស់នៅភូមិក្តុយ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ជាកម្មការិនីរោងចក្រ ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវករណីនេះ ៕
ចែករំលែកព័តមាននេះ