ខេត្តកំពង់ធំ ៖ កាលពីថ្ងៃទី៨ មិថុនា លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាណ៍ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជានិវត្តជនប្រមាណ២៩៧នាក់ និងនាំយកអំណោយមួយចំនួនទៅចែកជូនដល់ពួកគាត់ផងដែរ ។ ពិធីនេះបានរៀបចំឡើងនៅភូមិស្វាយជីអោប ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ថោង ខុន បានរំឭកឡើងវិញពីសភាពការណ៍នយោបាយប្រទេសកម្ពុជា តាំងពីមុនឆ្នាំ១៩៧០ រហូតមកដល់បច្ចុប្បន្ន ដើម្បីឲ្យប្រជាពលរដ្ឋបាននឹកឃើញឡើងវិញ នូវអ្វីដែលបានកើតឡើងក្នុងប្រទេសកម្ពុជា និងសច្ចធម៌ពិតប្រាកដនៃសភាពការណ៍ទាំងនោះ ។
ដោយលោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រោយរដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ របស់លោក លន់ នល់ បានបង្កឱ្យកើតមានសង្គ្រាមនៅទូទាំងប្រទេសកម្ពុជាបានបណ្តាលឱ្យជួបគ្រោះមហន្តរាយខ្ទេចខ្ទាំ និងសម្លាប់ជីវិតមនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ បន្ទាប់មករបបប្រល័យពូជសាសន៍ប៉ុល ពត មិនគ្រាន់តែបំផ្លាញអស់នូវហេដ្ឋារចនាសម្ព័ន្ធជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាប់សម្លាប់ និងធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃមកលើប្រជាពលរដ្ឋស្លូតត្រង់រាប់លាននាក់ស្លាប់បាត់បង់ ជីវិត ។ ដូច្នេះឆ្លងកាត់របបលន់ នល់ និងរបបប្រល័យពូជសាសន៍ កម្ពុជាមិនគ្រាន់តែគ្មានការអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែប្រទេសជាតិទាំងមូលត្រូវបំផ្លិចបំផ្លាញទាំងស្រុង និងស្ទើរផុតពូជខ្មែរតែម្តង ។
លោក ថោង ខុន មានប្រសាសន៍បន្តថា ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ប្រទេសកម្ពុជាបានស្តារឡើងវិញ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាទាំងបីជាថ្នាក់ដឹកនាំ ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធទាំងអស់មានការអភិវឌ្ឍ ជីវភាពប្រជាពលរដ្ឋត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ហើយទាំងអស់នោះជាសច្ចភាពប្រវត្តិសាស្ត្រមិនអាចកែប្រែ ឬនិយាយបំផ្លើសបានឡើយ ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក៏បានរិះគន់ផងដែរ ចំពោះបក្សប្រឆាំងដែលបាន និងកំពុងបំភ្លៃប្រវត្តិសាស្ត្រ ឬការពិតនៃការខិតខំប្រឹងប្រែងអភិវឌ្ឍប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ។ តាមរយៈនយោបាយភូតកុហកបោកប្រាស់ ឬការសន្យាខ្យល់បានធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿលើគណបក្សប្រឆាំងជាបន្តបន្ទាប់ ហើយរំពឹងថា ការបោះឆ្នោតនាពេលខាងមុខ គណបក្សប្រឆាំងនឹងរងនូវការបរាជ័យជាបន្តទៀត ដោយសារតែនយោបាយភូតកុហករបស់ពួកគេ ។
លោករដ្ឋមន្ត្រីបានក្រើនរំឭកដល់ប្រជាពលរដ្ឋទាំងអស់ថា មានតែគណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះ ដែលមានគោលនយោបាយត្រឹមត្រូវ មានថ្នាក់ដឹកនាំប្រកបដោយសមត្ថភាពឈ្លាសវៃ ឧត្តមគតិស្នេហាជាតិ រួមសុខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈ ហើយត្រូវបានប្រជាជនភាគច្រើនគាំទ្រ និងបោះឆ្នោតផ្តល់ទំនុកចិត្តគ្រប់អាណត្តិ។
ដូច្នេះដើម្បីរក្សាបានសន្តិភាព សន្តិសុខ និងមានការអភិវឌ្ឍបន្តទៀត ប្រជាពលរដ្ឋទាំងអស់ត្រូវបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបានសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសបន្តទៀត ។ បើបោះឆ្នោតខុស វានឹងនាំប្រទេសជាតិឱ្យជួបគ្រោះមហន្តរាយជាមិនខាន ។នាឱកាសនោះ លោករដ្ឋមន្ត្រីក៏បានចែកជូនដល់និវត្តជនចំនួន២៩៧នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ និងថវិកាចំនួន២ម៉ឺនរៀល ៕
ចែករំលែកព័តមាននេះ