ខេត្តកំពត ៖ កុងតឺន័រមួយគ្រឿងបានបើកបុកម៉ូតូស្មាសពីមុខរួចកិនពីលើ បណ្តាលឱ្យខូចខ្ទេច រីឯអ្នកបើកម៉ូតូសំណាងល្អមិនស្លាប់បានខ្ទាតចេញ តែរងរបួសយ៉ាងដំណំបែកពងស្វាស គួរឱ្យសង្វេគ នាវេលាម៉ោង១០និង៣៥នាទីព្រឹកថ្ងៃទី១១ មិថុនា ២០១៣។
ហេតុការណ៍នេះកើតឡើងតាមបណ្តោយផ្លូវជាតិលេខ៣ ព្រំប្រទល់កំពត-ខេត្តព្រះសីហនុ ខាងកើតស្ពានត្រពាំងរពៅ ចម្ងាយ២០ម៉ែត្រ ស្ថិតក្នុងឃុំព្រែកត្នោត ស្រុកទឹកឈូ ។
តាមសាក្សីពីកន្លែងកើតហេតុឱ្យដឹងថា មុនកើតគ្រោះថ្នាក់ចរាចរណ៍នេះ គេឃើញម៉ូតូស្មាសបើកបរដោយបុរសម្នាក់ទំនងជាចេញពីធ្វើការនៅខេត្តព្រះសីហនុ តាមទិសពីលិចទៅកើតតម្រង់មកខេត្តកំពត ។ មកដល់ចំណុចកើតហេតុគេឃើញរថយន្តកុងតឺន័របើកបរក្នុងល្បឿនលឿនបញ្ជ្រាសទិសគ្នាចេញពីកំពតទៅខេត្តព្រះសីហនុ តាមទិសដៅពីកើតទៅលិច ដល់ផ្លូវកោងក៏បុកម៉ូតូពីមុខពេញទំហឹង កិនម៉ូតូកៀបជាប់ពីក្រោមរថយន្ត ចំណែកអ្នកបើកបរបានខ្ទាតចេញ តែរងរបួសធ្ងន់ធ្ងរ ។ ខណៈនេះបុរសរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពត រីឯរថយន្តយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលត្រពាំងរពៅ ៕
ចែករំលែកព័តមាននេះ