កាសែតថៃកាលពីព្រឹកថ្ងៃទី១០ មិថុនា ផ្សាយថា បុគ្គលិកផ្នែកស្រាវជ្រាវនៅក្នុងខេត្ដប៉ាធុមថានី ទទួលបានរបាយការណ៍ថា មានរថយន្ដដឹកប្រេងធុនធំមួយគ្រឿងក្រឡាប់នៅបរិវេណឡើងផ្លូវអាកាសរាំងស៊ីត-ណាខនណាយុក ទល់មុខហាងហ៊្វូដឺផាករាំងស៊ីត ក្នុងស្រុកថានបុរី ខេត្ដប៉ាធុមថានី ។
ក្រោយពីទទួលបានរបាយការណ៍ កម្លាំងចម្រុះឆ្ពោះទៅកន្លែងកើតហេតុ ដែលជាចំណុចផ្លូវកោង ហើយឃើញរថយន្ដដឹកប្រេងធុនធំម៉ាក អីុស៊ុយស៊ុយ ពណ៌ស ពាក់ស្លាកលេខ ៧៩-៤៨២១ បាងកក របស់ក្រុមហ៊ុនហ្គូដធីមអីុនធឺប្រាយ បន្ទាប់ពីបុកបង្គោលរបាំងបេតុងក្បែរផ្លូវ និងបុកសសរបង្ហាញស្លាកសញ្ញាដ៏ធំ បណ្ដាលឱ្យរថយន្ដស្រុញមុខ បែកកញ្ចក់ និងមានប្រេងហូរពាសពេញផ្លូវ ។ អ្នកបើកបររថយន្ដនេះមានអាយុជាង៥០ឆ្នាំ រងរបួសបែកក្បាលបានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងតាមចាប់ខ្លួន ។
អាជ្ញាធរបានប្រកាសអាសន្នដល់ប្រជាជនដែលធ្វើដំណើរតាមដងផ្លូវខាងលើត្រូវប្រុងប្រយ័ត្ននៅពេលបើកបរ ព្រោះអាចឱ្យរអិលបាន។ អាជ្ញាធរផ្នែកស៊ើបអង្កេតប្រាប់ថា រថយន្ដនេះបានចេញពីបរិវេណច្រកផ្លូវនុនបុរី ឆ្ពោះទៅខេត្ដណាខនយុក ដោយផ្ទុកប្រេងចំណុះ៣៦.០០០លីត្រ ៕
ចែករំលែកព័តមាននេះ