អាជ្ញាធរអីុរ៉ាក់រាយការណ៍ថា ការវាយប្រហារភេរវកម្ម និងការបាញ់ប្រហារមួយចំនួនបណ្តាលឱ្យមនុស្សស្លាប់ជាង៧០នាក់ កាលពីថ្ងៃទី១០ មិថុនា នៅភាគខាងជើងអីុរ៉ាក់ ។ការវាយប្រហារទាំងនោះពុំមានក្រុមណាមួយប្រកាសទទួលខុសត្រូវឡើយ ក៏ប៉ុន្តែជាទូទៅគេច្រើនទម្លាក់ការទទួលខុសត្រូវលើពួកបះបោរស៊ុននីតមានទំនាក់ទំនងជាមួយអាល់កៃដា។ គិតចាប់តាំងពីខែមេសាមក មនុស្សជិត២.០០០នាក់ហើយស្លាប់នៅអីុរ៉ាក់ ដោយសារអំពើហិង្សាទាំងឡាយ ។
នៅក្រុងម៉ូសស៊ូល រថយន្តបង្កប់គ្រឿងផ្ទុះ៥បានផ្ទុះនៅជិតប៉ុស្តិ៍មួយនៃទីបញ្ជាការដ្ឋានកងកម្លាំងសន្តិសុខ ហើយគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ត្រូវបានបាញ់ប្រហារលើអគារមួយ បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច២៤នាក់ ។ ជនរងគ្រោះភាគច្រើនជាប៉ូលិស និងយោធា។រថយន្តបង្កប់គ្រឿងផ្ទុះជាច្រើនត្រូវបានគេចតនៅជិតអគារមុនពេលផ្ទុះ ហើយរថយន្តបែបនេះឯទៀតៗបើកដោយពួកជនអត្តឃាត ។ នាពេលព្រឹកព្រលឹមរថយន្តបង្កប់គ្រឿងផ្ទុះ២បានផ្ទុះ ហើយជនអត្តឃាតម្នាក់បានធ្វើឱ្យរថយន្តផ្ទុកគ្រឿងផ្ទុះរបស់គេផ្ទុះជិតផ្សារមួយនៃក្រុង DJADIDAT AL CHATT ជាទីក្រុងមួយមានពួកស៊ីអីុតភាគច្រើននៃខេត្តឌីយ៉ាល់ឡាចម្ងាយ៤០គីឡូម៉ែត្រ ខាងជើងក្រុងបាដាដ ។ ការផ្ទុះ៣បណ្តាលឱ្យមនុស្សស្លាប់១៣នាក់ ហើយ៥០នាក់ទៀតត្រូវរបួស ។
បន្ទាប់ពីនោះការវាយប្រហារដោយរថយន្តបង្កប់គ្រឿងផ្ទុះ និងការបាញ់ប្រហារដទៃៗទៀត បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច១៨នាក់ក្នុងទីក្រុងទាំងឡាយ នាភាគខាងជើងអីុរ៉ាក់ ដូចជា ក្រុងម៉ូសស៊ូល ទីគ្រីត និងទូស ខួរម៉ាតូ ។ បណ្តាបារ៉ាស់របស់កងកម្លាំងសន្តិសុខជាគោលដៅនៃការវាយប្រហារទាំងនេះ ។រថយន្តបង្កប់គ្រឿងផ្ទុះមួយពេលផ្ទុះបានសម្លាប់មនុស្សយ៉ាងតិច៨នាក់ក្នុងផ្សារតាវជី ជាមូលដ្ឋានមួយមានប្រជាជនចម្រុះស៊ីអីុត និងស៊ុននីត ស្ថិតនៅចម្ងាយ២០គីឡូម៉ែត្រ ខាងជើងក្រុងបាដាដ ។
អំពើហិង្សាខ្លាំងក្លាទាំងនេះពុំធ្លាប់មានចាប់តាំងពី៥ឆ្នាំមកហើយ បណ្តាលឱ្យមានការភ័យខ្លាចប្រទេសអីុរ៉ាក់ធ្លាក់ទៅក្នុងសភាពការណ៍ថ្មីមួយនៃសង្គ្រាមអន្តរសហគមន៍សាសនា គឺរវាងសហគមន៍ពួកស៊ីអីុត និងសហគមន៍ពួកស៊ុននីតដូចកាលពីឆ្នាំ២០០៦-២០០៧ ៕
ចែករំលែកព័តមាននេះ